សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 28, 2015

ប្រជាពលរដ្ឋរងគ្រោះ ដោយក្រុមហ៊ុនចិន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អំពាវនាវឲ្យក្រុមហ៊ុនមួយនេះ បើកផ្លូវឡើងវិញ

ដោយ៖ សស៊ីណា

ការអភិវឌ្ឍន៍ គឺជាតម្រូវការចាំបាច់របស់ប្រទេសជាតិនីមួយៗ ដើម្បីដំណើរការផ្នែកសេដ្ឋកិច្ច​ជាតិ និងប្រជាពលរដ្ឋ ប៉ុន្ដែប្រសិនបើការអភិវឌ្ឍន៍នោះ ប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅប្រជា​ពល​រដ្ឋមូលដ្ឋាន ប្រមុខរាជរដ្ឋាភិបាល ស្ថាប័នសាមី គួរតែពិចារណាជាថ្មី ដើម្បីបំពេញ​តម្រូ​វ​កា​រ​​របស់ប្រជាពលរដ្ឋ ។

ជាក់ស្ដែងប្រជាពលរដ្ឋនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ កំពុងជួបប្រទះនូវការបិទផ្លូវ​របស់ក្រុមហ៊ុន​ចិន ដែលធ្វើឲ្យពួកគាត់មិនអាចប្រើប្រាស់ដីស្រែចំការរបស់ខ្លួនបាន ។ ស្រ្ដីរងគ្រោះម្នាក់ ក្នុង​ចំណោមគ្រួសាររងគ្រោះជាច្រើនទៀត នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបរាប់ពី​បញ្ហាប្រ​ឈម​នានា ដែលបានកើតឡើងនៅក្នុងតំបន់របស់ខ្លួនថា មានការបំពានដីសហគមន៍ ដីចំ​ណី​មាត់ជ្រែក និងការបិទផ្លូវពីសំណាក់ក្រុមហ៊ុនចិន ធ្វើឲ្យពួកគាត់មិនអាចប្រើប្រាស់ និងអា​ស្រ័យ​ផល លើដីរបស់ខ្លួនបាន ដោយស្នើឲ្យក្រុមហ៊ុនចិនបើកផ្លូវមួយនេះឡើងវិញ។


ពាក់ព័ន្ធករណីនេះ លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ ​មណ្ឌលកំពង់​ចាម និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ ដែលបានចុះពិនិត្យនិង​ស្វែង​​យល់ ពីទិដ្ឋភាពជាក់ស្ដែងនៃការបិទផ្លូវរបស់ក្រុមហ៊ុនចិន បន្ទាប់ពីប្រជាពលរដ្ឋ​លោក​បាន​​លើកនូវកង្វល់ នៅក្នុងវេទិកាសំណេះសំណាល តំណាងរាស្រ្ត ជាមួយម្ចាស់ឆ្នោត កាល​ពី​ថ្ងៃ​​ទី២៦ ខែធ្នូ ឆ្នាំ២០១៥ថា ក្រុមហ៊ុនចិន ពិតជាបានបិទផ្លូវ មិនឲ្យប្រជា​ពលរដ្ឋធ្វើ​ដំណើរ​ទៅ​កាន់​​ដីស្រែចម្ការ​របស់ពួកគេប្រាកដមែន ។

លោក​ ម៉ៅ មុន្នីវណ្ណ បន្ថែមថា លោកស្វាគមន៍ចំពោះការអភិវឌ្ឍន៍ជាតិ ប្រកបដោយភាព​ត្រឹម​ត្រូវ និងគោរពច្បាប់ ប៉ុន្ដែយើងមិនគួរបណ្ដែតបណ្ដោយឲ្យក្រុមហ៊ុនអភិវឌ្ឍន៍​ណាមួយ​ រំលោភ​
បំពានច្បាប់ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនោះទេ។

ជាមួយគ្នានោះដែរ លោកបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ពិនិត្យ និងដោះសា្រយបញ្ហានេះ ដោយយកចិត្តទុកដាក់ និងតម្កល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាចម្បង ដោយគោរព​ច្បាប់ មានតម្លាភាព គណនេយ្យ និងផ្ដល់នូវភាពយុត្ដិធម៌ចំពោះភាគីនីមួយៗ ព្រោះការបិទផ្លូវ​មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់នេះ គឺជាចេតនាទុច្ចរឹតរបស់ក្រុមហ៊ុនចិន ក្នុងកា​រគាប់សង្កត់​មិន​ឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលលើដីស្រែចម្ការៈរបស់ពួកគេ ហើយព្រមបង្ខំ​ចិត្ដ​លក់​​ដីទៅឲ្យក្រុមហ៊ុន។

គួរជម្រាបថា ប្រជាពលរដ្ឋនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលកំពុង​រង​គ្រោះដោយសារការបិទផ្លូវ ពីសំណាក់ក្រុមហ៊ុនចិន អំពាវនាវឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោះស្រាយ និងចាត់វិធានការណ៍លើបញ្ហានេះ ដើម្បីអាចឲ្យពួកគាត់ប្រើប្រាស់ដីរបស់ខ្លួន​បាន ព្រោះដីនោះគឺជាអាយុជីវិតរបស់ពួកគាត់ ៕

No comments:

Post a Comment

yes