រដ្ឋាភិបាលកម្ពុជាត្រូវបានពណ៌នាថា ឥតមារយាទ
ដោយ ហាស់ សាន
2011-04-19
2011-04-19
ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាងពីរទសវត្សកន្លងមកនេះ បានទទួលការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិស្ទើររៀងរាល់ឆ្នាំ។
អ្នកនិពន្ធ ជោ ប្រិនគ្លេយ៍ (Joel Brinkley) លក់នៅគេហទំព័រអាម៉ាហ្សូន (Amazon)
សាស្ត្រាចារ្យផ្នែកសារព័ត៌មាននៃសកលវិទ្យាល័យ Stanford នៅ ស.រ.អា. លោក Joel Brinkley និងជាអ្នកនិពន្ធសៀវភៅអំពីកម្ពុជា ដែលមានចំណងជើងថា បណ្ដាសាកម្ពុជា ប្រវត្តិសាស្ត្រយុគសម័យទំនើបនៃទឹកដីមួយមានបញ្ហា បានសរសេរអត្ថបទមួយ ដែលកាសែតអាមេរិកាំងឈ្មោះ The Washington Post បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៧ មេសា បន្ទោសប្រទេស ស្ថាប័ន និងអង្គការនានា ដែលផ្ដល់ជំនួយដល់កម្ពុជាជារៀងរាល់ឆ្នាំ ថាអ្នកទាំងនោះបានដឹងថារដ្ឋាភិបាលកម្ពុជានឹងលួចលុយរបស់គេខ្លះ ប៉ុន្តែថារឿងហ្នឹង មានខុសអ្វី បើភាគច្រើនគេអាចធ្វើអ្វីៗតាមគម្រោងរបស់គេ តាមចិត្តគេចង់ធ្វើ ដោយគ្មានការជ្រៀតជ្រែកអ្វីទេនោះ។
អត្ថបទសរសេរដោយអ្នកកាសែតមួយរូប មានឈ្មោះល្បីរហូតដល់ធ្លាប់បានទទួលរង្វាន់ Pulitzer នៅពេលលោកធ្វើជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យកាសែត The New York Times ដែលថា ជំនួយមកកម្ពុជាកម្រធ្លាក់ដល់ដៃប្រជាពលរដ្ឋត្រូវជួយនោះ បានបង្កឲ្យមានប្រតិកម្មខ្លះៗពីមន្ត្រីជាន់ខ្ពស់ក្នុងរាជ រដ្ឋាភិបាល ដែលមានបេសកកម្មប្រស្រ័យនឹងម្ចាស់ជំនួយ។ លោក គាត់ ឈន់ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអធិប្បាយប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃច័ន្ទ ទី១៨ មេសា ថាអ្នកសរសេរនោះ និយាយមិនដឹងអ្វីទាល់តែសោះ ៖ "...អ្នកនិយាយនោះ មិនដឹងអីទេ…"។
តើសាស្ត្រាចារ្យ Joel Brinkleyនិយាយអំពីអ្វីខ្លះ ដែលថាលោកនិយាយដូចជាមិនដែលស្គាល់ស្រុកខ្មែរនោះ?
លោកផ្ដើមសេចក្ដីដោយសរសេរថា តំណាងរដ្ឋាភិបាល និងអង្គការផ្ដល់ជំនួយជាង ៣ពាន់នាក់ នឹងជួបប្រជុំនៅភ្នំពេញ នាថ្ងៃពុធ ទី២០ មេសា សប្ដាហ៍នេះ ហើយអ្នកទាំងនោះភាគច្រើនគួរតែនៅផ្ទះវិញប្រសើរជាង។ លោកថា រៀងរាល់ឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាកែទម្រង់, ម្ចាស់ជំនួយងក់ក្បាលទទួលយក ហើយឲ្យលុយជំនួយ។ កាលពីឆ្នាំ២០១០ កម្ពុជាបានទទួលការប្ដេជ្ញាផ្ដល់ចំនួន ១ពាន់ ១រយលានដុល្លារ។ បន្ទាប់មក ម្ចាស់ជំនួយនិមួយៗ វិលទៅស្រុកវិញ ហើយគ្មានអ្វីកែប្រែទេ។ ច្រើនខែក្រោយមក មន្ត្រីរាជរដ្ឋាភិបាល លូកដៃចូលក្នុងគណនេយ្យជំនួយបរទេស សង់ផ្ទះសម្រាប់ខ្លួនឯងធំដូចសណ្ឋាគារធុនតូច ក្នុងពេលដែលកុមារខ្មែរ ៤០%មិនរីកធំធាត់ដោយខ្វះសារធាតុបំប៉នរាងកាយ កាលពីនៅទារកនោះ។ វេជ្ជបណ្ឌិតជនជាតិស្វីស Beat Richner បានហៅមរណភាពនៃប្រជាពលរដ្ឋខ្មែរដោយសារគ្មានអនាម័យថាជាការ ប្រល័យពូជសាសន៍ដោយមិនលេចមុខ (passive genocide)។
លោក Joel Brinkley ពណ៌នាថា មនុស្សភាគច្រើនមិនបានដឹងរឿងថា ពលរដ្ឋកម្ពុជាគ្រប់គ្រងដោយរដ្ឋាភិបាល ដែលលក់ផលស្រូវរាល់ឆ្នាំ ហើយយកលុយដាក់ហោប៉ៅនោះទេ។ គេមិនបានដឹងរឿងថារដ្ឋាភិបាលបណ្ដេញពលរដ្ឋរាប់ពាន់នាក់ចេញពី ផ្ទះសម្បែង ដុតផ្ទះសម្បែង រួចយកប្រជាពលរដ្ឋទៅចាក់ចោលកណ្ដាលវាលស្រែ ហើយលក់ដីធ្លីឲ្យក្រុមហ៊ុនសំណង់នោះឡើយ។ លោកថា រដ្ឋាភិបាលដែលមានមនុស្សកើបសម្បត្តិទ្រព្យយកផ្ទាល់ខ្លួន ក្នុងពេលដែលពលរដ្ឋម្នាក់ៗ រកបានចំណូលជាមធ្យមត្រឹម ៦៥០ដុល្លារ ស.រ.អា. ក្នុងមួយឆ្នាំ។
អ៊ិន សំរិទ្ធី មន្ត្រីបម្រើការក្នុងក្រុមអង្គការផ្ដល់ជំនួយមួយ អះអាងថា ជាការប្រសើរហើយ បើមានជំនួយខ្លះៗ បានដល់ដៃប្រជាពលរដ្ឋក្រីក្រ ព្រោះវាប្រសើរជាងគ្មានអ្វីសោះ។
លោក Joel Brinkley បន្តថា ខណៈរដ្ឋាភិបាលធ្វើច្បាប់តម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាលចុះឈ្មោះ រាយការណ៍ឲ្យរដ្ឋាភិបាលនូវសកម្មភាពរបស់ខ្លួននោះ ដែលនឹងផ្ដល់ឱកាសឲ្យមន្ត្រីចាំស៊ីសំណូក គំរាមបិទទ្វារ បើអង្គការទាំងនោះមិនចេះបញ្ជោរបញ្ចើចបញ្ចើ អែបអប (រកប្រយោជន៍ផ្ទាល់ខ្លួន) ទេនោះ តើម្ចាស់ជំនួយគិតថា ល្មមដល់ពេលចាប់ផ្ដើមប្រកាន់ជំហររបស់ខ្លួនហើយ ឬនៅ បើមកទល់ពេលនេះពលរដ្ឋខ្មែរ ៨០% រស់នៅជនបទ មិនទាន់មានភ្លើងអគ្គិសនី ទឹកស្អាត បង្គន់ សេវាទូរស័ព្ទនៅឡើយនោះ៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes