ក្នុងពេលតុលាការខ្មែរក្រហមបន្តបើកសវនាការ កាត់ទោសលោកនួនជា ខៀវសំផន និងលោកអៀងសារី ក្នុងសំណុំរឿង០០២ នៅថ្ងៃទី៨ធ្នូនេះ លោក ឡុង នរិន្ទ អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ដែលបម្រើការនៅក្រសួងការបរទេស ជាមួយលោកអៀងសារី បានលើកឡើងថា ក្រោយពីខ្មែរក្រហមឡើងកាន់អំណាច លោកអៀងសារី បានធ្វើយុទ្ធនាការអូសទាញបញ្ញវន្តនៅបរទេស ឲ្យចូលមកក្នុងស្រុក ដើម្បីរួមគ្នាកសាងប្រទេស។ ក៏ប៉ុន្តែក្រោយមកបញ្ញវន្តទាំងនោះ ត្រូវបាត់ខ្លួនជាបន្តបន្ទាប់ នៅគុកបឹងត្របែក និងនៅច្រាំងចំរេះ ក្នុងទីក្រុងភ្នំពេញ។
សវនាការនៅតុលាការខ្មែរក្រហម នាថ្ងៃព្រហស្បតិ៍ ទី៨ធ្នូ ឆ្នាំ២០១១ បន្តលើការ សួរដេញដោលសាក្សីសក្ដានុពលម្នាក់ ដែលជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម គឺលោក ឡុង នរិន្ទ។ លោក ឡុង នរិន្ទ បានលើកឡើងថា មានការបាត់ខ្លួនកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម នៅក្រសួងការបរទេស ក្រោមការដឹកនាំរបស់លោកអៀងសារី។ អ្នកដែលរៀននៅប្រទេសសង្គមនិយម និងនៅប្រទេសបារាំង ក៏បាត់ខ្លួន ទោះជាសញ្ញាប័ត្រធំប៉ុនណាក៏ដោយ។
ក្នុងសម័យខ្មែរក្រហម ពាក្យថា “បាត់ខ្លួន” ឬ “ទៅរៀនសូត្រ” គឺជាអ្នកនោះ ត្រូវខ្មែរក្រហម នាំយកទៅសម្លាប់។
ថ្លែងពីផ្ទះនៅខេត្តបន្ទាយមានជ័យ តាមប្រព័ន្ធវីដេអូ ចូលមកកាន់អង្គសវនាការ លោក ឡុង នរិន្ទ លើកឡើងថា រដ្ឋមន្ត្រីការបរទេសខ្មែរក្រហម លោក អៀងសារី មិនដែលប្រកាសប្រាប់អ្នកធ្វើការនៅក្រសួងការបរទេសថា អ្នកបាត់ខ្លួនទាំងនោះ ត្រូវចាប់ខ្លួនទេ។ តែលោកអៀងសារី បានប្រាប់ថា អ្នកទាំងនោះ ជាភ្នាក់ងារ CIA និង ភ្នាក់ងារ KGB ភ័យញ័រ ដូចជាកណ្តុរធ្លាក់ទឹក។
មានអាយុ ៧៣ ឆ្នាំ លោក ឡុង នរិន្ទ បានលើកឡើងថា គោលបំណងតែមួយគត់របស់លោក ក្នុងការចូលបក្សកុម្មុយនិស្ត ដែលជាចលនាតស៊ូខ្មែរក្រហម គឺក្នុងស្មារតីស្នេហាជាតិ ហើយលោកអៀងសារី ជាអ្នកទទួលលោក ឲ្យចូលបក្ស។
តាមសាក្សីដំបូងនេះ មាគ៌ានយោបាយរបស់បក្សកុម្មុយនិស្តកម្ពុជា កាលណោះ កំណត់ថា កសាងប្រទេសកម្ពុជា ឲ្យទៅជាប្រទេសសង្គមនិយម និងជាប្រទេសកុម្មុយនិស្តនិយម។ ក៏ប៉ុន្តែ តាមលោក ឡុង នរិន្ទ ការអនុវត្តមាគ៌ារបស់ខ្មែរក្រហម មិនត្រឹមត្រូវ។
ក្រោយខ្មែរក្រហមឡើងកាន់អំណាច នៅឆ្នាំ១៩៧៥ លោក ឡុង នរិន្ទ ក៏បានលើកឡើងថា លោកអៀងសារី បានធ្វើយុទ្ធនាការអូសទាញនិស្សិតខ្មែរនៅបរទេស ដោយណែនាំថា ប្រទេសកម្ពុជាបានឯករាជ្យហើយ ដូច្នេះពួកមិត្ត សុទ្ធតែស្នេហាជាតិ សូមវិលត្រឡប់ទៅប្រទេសជាតិវិញ ដើម្បីរួមគ្នាកសាងប្រទេស ឲ្យបានរុងរឿង។
លោក ឡុង នរិន្ទ បានបន្ថែមថា និស្សិតដែលរៀននៅបរទេសទាំងនោះ សុទ្ធតែជាអ្នកស្នេហាជាតិ ដូច្នេះគេវិលត្រឡប់មកកម្ពុជា ដោយឆ្លងកាត់តាមប៉េកាំង ប្រទេសចិន។ អ្នកខ្លះ នៅធ្វើការនៅប៉េកាំងមួយរយៈ មុននឹងបន្តចូលមកកម្ពុជា។ មកដល់កម្ពុជា មានបញ្ញវន្តខ្លះ ចូលទៅនៅបឹងត្របែក និងនៅច្រាំងចំរេះ ក្នុងទីក្រុងភ្នំពេញ។ បន្ទាប់ពីស្នាក់នៅមណ្ឌលបឹងត្របែក និងច្រាំងចំរេះ ក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេស និស្សិត និងបញ្ញវន្តខ្មែរខ្លះ បាត់ខ្លួន ហើយអ្នកខ្លះ ក៏វិលទៅក្រៅប្រទេស ដើម្បីបម្រើការជាបុគ្គលិកស្ថានទូត។
មកដល់ត្រង់នេះ ប្រព័ន្ធវីដេអូត្រូវកាត់ផ្តាច់ ដោយសារតែចៅក្រមប្រកាសថា នៅផ្ទះរបស់លោក ឡុង នរិន្ទ នៅស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ ដែលជាអតីតតំបន់តស៊ូរបស់ខ្មែរក្រហម ដាច់ភ្លើង។ សវនាការសួរដេញដោលសាក្សីលោក ឡុង នរិន្ទ នឹងធ្វើបន្តនៅថ្ងៃស្អែក៕
RFI
No comments:
Post a Comment
yes