អង្គសិក្ខាសាលានេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ខែធ្នូខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍។
ការដាក់ពេលរៀបចំការពិភាក្សានេះកើតឡើងចំពេលដែលក្រុមអង្គការសង្គមស៊ីវិលកំពុងជាប់រវល់នឹងសកម្មភាពផ្សេងៗ ដូចជាការរៀបចំទិវាសិទ្ធិមនុស្ស និងការធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ហើយក៏ស្របពេលដែលតំណាងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយចំនួនមិននៅក្នុងប្រទេសកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលធ្លាប់សម្តែងការព្រួយបារម្ភថា ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យច្បាប់នោះឱ្យបានស៊ីជម្រៅទេ ហើយចង់ពន្យាររហូតដល់ខែមករានិងសុំពេលមួយខែ។ ប៉ុន្តែលោកនុត សាអានបានបញ្ជាក់ថា ពួកគេគួរតែមានពេលវេលាគ្រប់គ្រាន់ដើម្បីពិនិត្យច្បាប់នេះនៅ សប្តាហ៍ក្រោយ។
«ព្រួយបារម្ភរឿងអ្វី? ឥឡូវតែដល់ពេលនោះ គេចែកហើយ ទំរាំដល់ថ្ងៃ១៩នោះ គឺមានពេលវេលានឹងពិនិត្យមើលហើយ»។
លោក សុខ សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមអង្គការសង្គមស៊ីវិល ដែលលោកធ្វើការជាមួយ នៅមិនទាន់បានទទួលសេចក្តី ព្រាងច្បាប់នោះ និងការប្រាប់ឱ្យដឹងពីសិក្ខាសាលានោះឡើយ។
«មិនដឹងថា តើការប្រជុំនោះយ៉ាងម៉េចទេ ព្រោះកន្លងមកគេឱ្យដំណឹងមុន ជួនកាលគេឱ្យដំណឹងដើម្បីប្រាប់ព័ត៌មាន ឬក៏សង្ខេបចំណុចសំខាន់ៗឱ្យយើង ហើយបានគេទុកពេលឱ្យយើងវិភាគ។ ដូច្នេះមិនដឹងថា ជាគេហៅនោះក្នុងគោលបំណងអ្វី។ យើងអត់ដឹង»។
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះធ្លាប់ត្រូវបានរដ្ឋាភិបាលដាក់ចេញជាលើកដំបូងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០ ហើយបានធ្វើការកែសម្រួលជាច្រើនលើក បន្ទាប់ពីមានការរិះគន់ថា មានបញ្ហាមិនច្បាស់លាស់លើចំណុចជាច្រើន ដូចជាលើការចុះបញ្ជីអង្គការ និងសិទ្ធិរបស់រដ្ឋាភិបាលក្នុងការបិទអង្គការជាដើម។ ក៏មានការរិះគន់ថា ច្បាប់នេះអាចនឹងបិទសិទ្ធិអង្គការសង្គមស៊ីវិលនិងត្រូវរដ្ឋាភិបាលប្រើប្រាស់ដើម្បីទៅរារាំងប្រតិបត្តិការអង្គការដែលធ្វើការងារដែលរដ្ឋាភិបាលមិនពេញចិត្ត។
សេចក្តីព្រាងច្បាប់នេះធ្លាប់បានបញ្ជូនទៅដល់គណៈរដ្ឋមន្រ្តីដើម្បីពិនិត្យសម្រេច ប៉ុន្តែត្រូវបញ្ជូនត្រឡប់មកវិញឱ្យធ្វើការកែសម្រួលបន្ថែម។
លោកនុត សាអានបញ្ជាក់ថា សេចក្តីព្រាងច្បាប់លើកទីបួននេះមានការកែប្រែច្រើនណាស់ ហើយនៅសប្តាហ៍ក្រោយ ក្រសួងនឹងបញ្ជូនលិខិតអញ្ជើញតំណាងអង្គការនានាឱ្យចូលរួមផ្តល់មតិក្នុងសិក្ខាសាលា។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបញ្ជាក់ថា អាមេរិកលើកទឹកចិត្តឱ្យមានការពិភាក្សាណាដែលមានមតិចូលរួមពីអង្គការសង្គមស៊ីវិល។
លោកសន ម៉ាក់គីនតុស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក បានបញ្ជាក់ថា៖
«យើងលើកទឹកចិត្តឱ្យមានដំណើរការពិភាក្សាមួយដែលមានពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិលគឺជាដំណើរការមួយដែលនឹងបញ្ចូលមតិពីអង្គការសង្គមស៊ីវិល»។
លោកក៏បានបញ្ជាក់ដែរថា ការណ៍មានសង្គមស៊ីវិលមួយដែលមានសេរីភាពក្នុងការបំពេញការងារជាការណ៍ប្រសើរមួយ។
«ស្ថានទូតមានទស្សនៈជឿជាក់លើច្បាប់អង្គការមួយដែលអាចជួយសម្របសម្រួលឱ្យមានសង្គមស៊ីវិលមួយដែលសកម្មនិងមានលក្ខណៈចម្រុះដែលអនុញ្ញាតឱ្យពួកគេធ្វើការដោយសេរីជាជាងការរឹតត្បិតមួយ»។
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា ពួកគេប្រហែលជានឹងមានពេលតែបីឬបួនថ្ងៃប៉ុណ្ណោះដើម្បីពិនិត្យមើលសេចក្តីព្រាងច្បាប់នេះ បើសិនជារដ្ឋាភិបាលបញ្ជូនចេញនៅសប្តាហ៍ក្រោយមែន ព្រោះនៅថ្ងៃច័ន្ទខាងមុខនេះគឺជាថ្ងៃសម្រាកមួយក្នុងប្រទេសកម្ពុជា។
ប្រភពមិនផ្លូវការបានប្រាប់វីអូអេឱ្យដឹងថា សេចក្តីព្រាងច្បាប់ថ្មីនេះមានការបន្ធូរបន្ថយខ្លះទាក់ទងនឹងការចុះបញ្ជីអង្គការនិងរបាយការហិរញ្ញវត្ថុជាដើម ដូចជាសម្រាប់អង្គការក្នុងស្រុកគឺគ្រាន់តែជូនដំណឹងទៅក្រសួងមហាផ្ទៃ និងសម្រាប់អង្គការអន្តរជាតិគឺគ្រាន់តែជូនដំណឹងទៅក្រសួងការបរទេសពីការបន្តសកម្មភាពរបស់ខ្លួនជាដើមគឺមិនបាច់សុំច្បាប់ជាថ្មីឡើយ៕
VOA
No comments:
Post a Comment
yes