កម្មការិនីឈ្មោះ នឹម ច្រឹប បានអះអាងនៅក្នុងពេលសង្គ្រោះនៅមន្ទីរពេទ្យសម្ដេចឪថា នៅពេលពួកគេចូលធ្វើការបានប្រមាណ ១ម៉ោងប៉ុណ្ណោះ ពួកគេបានឮសំឡេងស៊ីរ៉ែនប្រកាសអាសន្នអគ្គិភ័យក្នុងរោងចក្របន្លឺឡើងយ៉ាងខ្លាំង ទើបបណ្ដាលឲ្យពួកគេភ័យរន្ធត់និងដួលសន្លប់៖ «ធ្វើការៗស៊ីរ៉ែនអគ្គិភ័យហ្នឹងស្រែកនាំគ្នារត់ផ្អើលចេញទាំងអស់គ្នា គេឲ្យធ្វើការធម្មតាទៅដល់មួយៗ ភ័យសន្លប់តែម្ដងទៅ»។
កម្មការិនីម្នាក់ទៀតឈ្មោះ ព្រឿន កុលាប អាយុ ៣២ឆ្នាំ បានឲ្យដឹងថា គាត់និងកម្មករដទៃមានអាការៈថប់ដង្ហើម ហើយភ័យនៅពេលដែលឮសំឡេងស៊ីរ៉ែនប្រកាសអាសន្នអគ្គិភ័យក្នុងរោងចក្របន្លឺឡើងជាច្រើនលើក នឹកស្មានថា មានបញ្ហាអ្វីកើតឡើង៖ «មុនដំបូងខ្ញុំដើរធម្មតា តែជួយប្អូនខ្ញុំវាភ័យវាចង់ទៅម្ដងៗ។ ខ្ញុំឃើញភ័យខ្ញុំក៏សន្លប់ដែរទៅ វាចេះតែណែនបុកមកដើមទ្រូង ដកដង្ហើមអត់ចង់កើត»។
ពាក់ព័ន្ធបញ្ហានេះ ប្រធានមន្ទីរពេទ្យសម្ដេចឪ លោកវេជ្ជបណ្ឌិត ឡុង នី មានប្រសាសន៍ថា លោកបានសង្គ្រោះបឋមតាមរយៈការព្យួរស៊ីរ៉ូម និងដាក់អុកស៊ីហ្សែនឲ្យកម្មករបានចំនួន ៥៩នាក់។ លោកថា ការដួលសន្លប់នេះ គឺដោយសារតែសុខភាពកម្មករភាគច្រើនខ្សោយ ខ្វះអាហារូបត្ថម្ភ និងមានអាការៈភ័យតក់ស្លុត៖«ធ្ងន់ប្រហែលជា ១០នាក់ដែរ វាសន្លប់អត់ទាន់ដឹងខ្លួនបែកពពុះមាត់អ៊ីចឹងទៅ ដោយសារគាត់ធ្លាប់ខ្សោយស្រាប់ ខ្លះភ័យជាងគេអ៊ីចឹងទៅ ហើយក៏គ្មានគ្រោះថ្នាក់អីដល់ជីវិតដែរ»។
យ៉ាងណាក៏ដោយ មេក្រុមកម្មករឈ្មោះ ថង់ ដាវី ដែលបាននៅក្នុងហេតុការណ៍នោះថ្លែងថា គាត់កម្មករដួលសន្លប់បន្តបន្ទាប់ ដោយសារអ្នកគ្រប់គ្រងជនជាតិចិន មិនអនុញ្ញាតឲ្យពួកគេចេញមកក្រៅទើបបណ្ដាលឲ្យកម្មករកាន់តែភ័យ៖ «ផ្អើលម្ដងនាំគ្នាអត់រត់ទេ តែម្ដងទៀតចិន វាអត់ឲ្យយើងងើបទេ វាថា អត់អី ដល់ម្ដងទៀត វាជាប់គ្នា យើងភ័យក៏សន្លប់តគ្នា»។
បុគ្គលិករដ្ឋបាលនៃរោងចក្រ ស័្ពរ តិច សុទ្ធគេចមិនផ្ដល់សម្ភាសទេ។ ប៉ុន្តែតំណាងថៅកែរោងចក្រស្ព័រ តិច នៅក្នុងជំនួបជាមួយអាជ្ញាធរបានអះអាងថា អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺជាការចៃដន្យ ដោយសារតែកណ្ដឹងអគ្គិភ័យខូច។
អភិបាលរងរាជធានីភ្នំពេញ អ្នកស្រី ទូច សារ៉ុម បានថ្លែងថា បើទោះបីជាថៅកែរោងចក្រអះអាងយ៉ាងនេះក៏ដោយ អ្នកស្រីជំរុញឲ្យមន្ត្រីជំនាញស៊ើបអង្កេតករណីសន្លប់នេះបន្តទៀត៖ «ធម្មតាទេ អំណះអំណាងវាគ្រាន់តែជាលក្ខខណ្ឌមួយចំពោះមុខ តែយើងត្រូវធ្វើវាផ្ដើមចេញពីបញ្ហាអី»។
ប្រភពពីកម្មករឲ្យដឹងថា កាលពីឆ្នាំ២០០៣ កន្លងទៅ កម្មកររោងចក្រនេះធ្លាប់បានសន្លប់ម្ដងរួចមកហើយ ដោយសារតែភ័យចំពោះហេតុការណ៍រន្ទះបាញ់រោងចក្រក្បែរគ្នានោះ។
យ៉ាងនេះក្ដីការដួលសន្លប់របស់កម្មករលើកនេះ មន្ត្រីជំនាញមិនទាន់អាចសន្និដ្ឋានបានទេថា មកពីមូលហេតុអ្វីពិតប្រាកដនោះទេ។ ម្ចាស់រោងចក្របានអនុញ្ញាតឲ្យកម្មករសន្លប់នោះ ឈប់សម្រាកចាប់ពីថ្ងៃទី៨ ធ្នូ នេះរហូតដល់ថ្ងៃច័ន្ទ ទី១២ ធ្នូ ទើបបានចូលធ្វើការវិញ៕
អាស៊ីសេរី
No comments:
Post a Comment
yes