លោក ទិត ចន្ថា អគ្គនាយកទេសចរណ៍នៃក្រសួងទេសចរណ៍បានឲ្យដឹងថា តាមព័ត៌មានរាល់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ត្រូវបានកក់អស់ហើយសម្រាប់ពិធីបុណ្យសមុទ្រនៅ ដំណាច់ឆ្នាំនេះ ដែលរៀបចំដោយក្រសួងទេចរណ៍។
លោកបន្តថា៖ «យើងមានកន្លែងស្នាក់ច្រើន តែសម្រាប់ពិធីបុណ្យពិសេសដូចនេះ យើងមិនអាចមានគ្រប់ទេ។ នេះជាឱកាសនៃការវិនិយោគបន្ថែម»។
យោងតាមគេហទំព័រនានា បានផ្សាយឲ្យដឹងថា តម្លៃសណ្ឋាគារនៅខេត្តព្រះសីហនុ ជាមធ្យម ប្រមាន ៣០ដុល្លារក្នុងមួយបន្ទប់ ប៉ុន្តែក្នុងពេលមានពិធីបុណ្យជាតិ និងអន្តរជាតិផ្សេង បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ នឹងឡើងថ្លៃពី ២០ ទៅ ៣០ ភាគរយ។
កញ្ញា គុយ សេងទៀង អ្នកបម្រើសេវាកម្មកក់បន្ទប់នៅសណ្ឋាគារ ហូលីដេ ផាលេស ក្នុងខេត្តព្រះសីហនុ និយាយថា សណ្ឋាគារដែលមាន៨១បន្ទប់មួយនេះត្រូវបានកក់អស់ហើយសម្រាប់ ព្រឹតិ្តការណ៍ថ្ងៃបុណ្យនោះ។ កញ្ញាបន្តថា ការកក់បន្ទប់ធ្វើឡើងតាំងពី៣សប្តាហ៍មុនមកម៉េ្លះ ហើយមកដល់ពេលនេះតែមានជាបន្ត។ សេង ទៀង និយាយថា៖ «ឆ្នាំនេះ មានអ្នកទូរស័ព្ទមកកក់បន្ទប់ច្រើនណាស់ ប៉ុន្តែសណ្ឋាគារខ្ញុំអត់មានបន្ទប់នៅទំនេរទេ សូម្បីតែសណ្ឋាគារសុខា ក៏ទូរស័ព្ទមកខ្ញុំដែរ»។
លោក សេង ខា អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឲ្យដឹងថា តាមព័ត៌មានទទួលបានថ្មីៗនេះពីម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ កន្លែងស្នាក់នៅភាគច្រើនពិតជាត្រូវគេកក់អស់មែន តែអាចនៅសេសសល់តាមផ្ទះសំណាក់តូចៗមួយចំនួន។ លោកបន្តថា៖ «មានការកក់ទុកច្រើនណាស់ ប៉ុន្តែយើងមិនអាចសន្និដ្ឋានថា អស់ទាំងស្រុងទេ ព្រោះយើងមានសណ្ឋាគារ និងផ្ទះសំណាក់ក៏ច្រើនដែរ»។
លោកបញ្ជាក់ថា មកទល់ពេលនេះខេត្តជាប់នឹងមាត់សមុទ្រដ៏មានប្រជាប្រិយមួយនេះ មានបន្ទប់សរុប ៤០០០ ដែលក្នុងនោះ បន្ទប់សណ្ឋាគារមាន ជាង ២០០០ ហើយបន្ទប់ផ្ទះសំណាក់មានជាង ១៧០០។
ក្រសួងទេសចរណ៍គ្រោងរៀបចំពិធីបុណ្យសមុទ្រលើកដំបូងនៅថ្ងៃទី ៣១ ខែធ្នូ ខាងមុខនេះដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានចូលជាសមាជិកក្លិបឆ្នេរស្អាតបំផុតក្នុងពិភពលោកកាលពីខែឧសភា។
លោក ទិត ចន្ថា និយាយថា ឆ្នេរសមុទ្រកម្ពុជានឹងកាន់តែមានប្រជាប្រិយភាពថែមទៀត ហេតុដូចនេះ ខេត្តព្រះសីហនុ ត្រូវការវិនិយោគបន្ថែមលើវិស័យសណ្ឋាគារ។ លោក អំពាវនាវការវិនិយោគបន្ថែម ព្រោះឥឡូវ មាន ផ្លូវ និងអគ្គិសនីល្អ៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes