មណ្ឌលគីរី ៖ សេចក្ដីរាយការណ៍ព័ត៌មានពិខេត្តមណ្ឌលគីរីឲ្យដឹងថាកាលពីវេលាម៉ោង ៥និង២៥នាទីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២ កម្លាំងប៉ូលិសប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំពូជ្រៃ បានដឹកនាំកម្លាំងមួយក្រុមដែលដឹកនាំដោយលោកត្រាង ធឿន នាយប៉ុស្ដិ៍ឃុំពូជ្រៃ ស្រុកពេជ្រាដា បង្រ្កាបបានឈើប្រណិតជាច្រើនដុំ ដែលលាក់ទុកក្នុងព្រៃដោយសង្ស័យថាជារបស់លោកកែ សុវណ្ណារី មន្រ្តីរដ្ឋបាលព្រៃឈើប្រចាំឃុំពូជ្រៃ និងក្រង់តេះ។ ការបង្រ្កាបនេះធ្វើឡើងនៅចំណុចភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោកត្រាង ធឿន នាយប៉ុស្ដិ៍នគរបាលឃុំពូជ្រៃ បានឲ្យដឹងថា ការប្រព្រឹត្តបទល្មើសព្រៃឈើ ដែលកើតឡើងជាញឹកញាប់នោះ ជាការប្រព្រឹត្តរបស់លោកកែ សុវណ្ណារី មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើគ្រប់គ្រងចំនួន២សង្កាត់។ លោកបន្តថាលោកកែ សុវណ្ណារី ធ្លាប់ឲ្យកូនចៅចូលកាប់អារឈើ និងដឹកជញ្ជូនបទល្មើសព្រៃឈើជញ្ជូនចេញពីចំណុចនានានៅតំបន់ហាមឃាត់មួយចំនួនយ៉ាងអនាធិបតេយ្យ។ មន្រ្តីរដ្ឋបាលព្រៃឈើរូបនោះមិនដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងតាមតួនាទីរបស់ខ្លួននោះទេ ផ្ទុយទៅវិញបែរជាលូកដៃប្រព្រឹត្តបទល្មើសព្រៃឈើដែលច្បាប់បានហាមឃាត់ទៅវិញ។
បើតាមសំដីលោកមេប៉ុស្ដិ៍បានឲ្យដឹងនៅម៉ោង៨ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១២នេះថា នៅពេលបង្រ្កាបបទល្មើសព្រៃឈើដែលលាក់ទុកក្នុងព្រៃដ៏ច្រើនសន្ធឹកសន្ធាប់នោះ ត្រូវបានលោកកែ សុវណ្ណារី ជេរប្រមាថដោយប្រើពាក្យសំដីអសុរសដល់រូបលោកទៀតផង។ លោកបន្តថា លោកកែ សុវណ្ណារី បានជេរថា ពួកអាប៉ូលិសកំប៉ិកកំប៉ុក ដូចពួកអ្ហែងធ្វើអីអញកើត បើចង់ចាប់ទៅចាប់នៅផ្ទះអញទៅ អញអត់ខ្លាចអ្នកណាឡើយ។ បន្ទាប់មកលោកកែ សុវណ្ណារី បានបញ្ជាកូនចៅជិត១០នាក់ជញ្ជូនឈើរបស់គេយកទៅផ្ទះទៀតផង។
លោកមេប៉ុស្ដិ៍បន្តថា ដោយឃើញលោកកែ សុវណ្ណារី ដឹកជញ្ជូនឈើជម្លៀសចេញបែបនេះ លោកក៏បានសុំយោបល់ពីលោកស្នងការដើម្បីសុំកម្លាំងអន្តរាគមន៍ និងឃាត់ទុកឈើទាំងនោះបានកាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២។ លោកបញ្ជាក់ថា ករណីល្មើសឈើលើកនេះគឺជារបស់លោកកែ សុវណ្ណារី យ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋបានរិះគន់ដល់មន្រ្តីរដ្ឋបាលព្រៃឈើដែលខ្លួនមានភារកិច្ចគ្រប់គ្រង ក្នុងដែនដីរបស់ខ្លួន បែរជាប្រព្រឹត្តបទល្មើសយ៉ាងគគ្រឹកគគ្រេងពេញព្រៃបែបនេះ។ សូមលោកខណ្ឌរដ្ឋបាលព្រៃឈើ ចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះមន្រ្តីខិលខូចដូចលោកកែ សុវណ្ណារីរូបនេះ៕
No comments:
Post a Comment
yes