ស្ទឹងត្រែង: មន្ត្រីប៉ូលិសម្នាក់ និងត្រូវជាក្មួយប្រសារលោកអធិការស្រុកសេសានផងនោះ បានជាប់ចោទពីបទចោរកម្ម លួចក្របីអ្នកភូមិ យកទៅលក់ឱ្យឈ្មួញ។ ប៉ុន្តែជនសង្ស័យរូបនោះ ត្រូវបានគេដោះលែង ដោយមិនយកទោសពៃអ្វីទាំងអស់ បន្ទាប់ពីបានសងប្រាក់ ចំនួន ៤លានរៀល ទៅម្ចាស់ក្របី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២។
ស្ត្រីឈ្មោះ សង កក អាយុ ២៤ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ឈ្មោះ សុំ សាយ ជាក្មួយ ប្រសារលោក អន សំអាត អធិការស្រុកសេសានជាប់ចោទ លួចក្របីរបស់ខ្លួន។
ស្ត្រីរូបនោះ បាននិយាយទៀតថា ខ្លួន និងប្តី បានរកឃើញក្របីមេមួយក្បាល នៅចំណុចទួលគ្រួស ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង គឺជាកន្លែងចំណតរថយន្តធំ សម្រាប់នាំចេញគោ-ក្របី ទៅលក់ក្រៅប្រទេស។
សងកក បញ្ជាក់ទៀតថា ខ្លួនបានបាត់ក្របីអស់ចំនួនបីក្បាលរួចមកហើយ ទើបតែរកឃើញនៅពេលនេះទេ។ ចំណែកឯអ្នកភូមិជាច្រើននាក់ទៀត ក៏បាត់ដែរ រកមិនឃើញសោះ។
លុះមកប៉ះចំក្របីខ្លួនឯង ត្រូវចោរលួច ទៅបាត់ កាលពីថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០១២ ស្ត្រីរូបនោះ បានរកឃើញវិញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២។
ក៏ប៉ុន្តែឈ្មោះ សុំ សាយ បានយល់ព្រមសងលុយចំនួន ៤លានរៀល ឬស្មើ ១.០០០ ដុល្លារ ទៅឱ្យម្ចាស់ក្របី ឈ្មោះ សង កក ជាថ្នូរនឹងការមិនប្តឹង ក្នុងករណីនេះ។
នាង សង កក ក៏បានយល់ព្រមថា មិនប្តឹងមន្ត្រីប៉ូលិស ដែលលួចក្របីរបស់ខ្លួននោះទេ។
ពាក់ព័ន្ធនឹងការបាត់ក្របីនេះដែរ អាជ្ញាធរខេត្តស្ទឹងត្រែង គួរមានវិធានការចំពោះឈ្មួញ ដែលប្រមូលទិញគោក្របី ក្នុងខេត្តស្ទឹងត្រែង នាំចេញ ទៅក្រៅប្រទេសពិនិត្យ ឱ្យបានត្រឹមត្រូវ៕
No comments:
Post a Comment
yes