ភ្នំពេញៈ អភិបាលខេត្តកែប លោកហាស់ សារ៉េត នឹងត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលខេត្តព្រៃវែង ជំនួស លោក អ៊ុង សាមី ដែលនឹងត្រូវផ្លាស់ចេញ ទៅកាន់តួនាទីថ្មី ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា ក្រៅពីការផ្លាស់ប្ដូរតំណែង ឬផ្ទេរភារកិច្ចរបស់លោកអភិបាលខេត្តទាំងពីរនេះ ក៏នៅមានការផ្លាស់ប្តូរតួនាទី និងតម្លើងឋានៈ ដល់មន្ត្រីជាន់ខ្ពស់មួយចំនួន ក្នុងខេត្តទាំងពីរនេះផងដែរ ក្នុងនោះលោកអ៊ុំ ប៊ុនឡេង នាយករដ្ឋបាល ខេត្តព្រៃវែង នឹងតម្លើងឋានៈ ជាអភិបាលរងខេត្តព្រៃវែង ជំនួសតំណែងលោក ផាន់ ចាន់ថុល ដែលនឹងត្រូវផ្លាស់ទៅក្រសួងមហាផ្ទៃ ក្នុងតំណែងជាទីប្រឹក្សាក្រសួង ហើយលោកកែណ សត្ថា អភិបាលរងខេត្តកែប នឹងត្រូវតម្លើងឋានៈ ជាអភិបាលខេត្តកែប ជំនួស លោកហាស់ សារ៉េត ។
ទោះជាបែបណា លោកមិនបានប្រាប់ឲ្យដឹងលម្អិត អំពីមូលហេតុពិតប្រាកដ នៃការផ្លាស់ប្ដូរមុខតំណែង របស់មន្ត្រីទាំងនេះទេ ដោយគ្រាន់តែថ្លែងថា៖«ការផ្លាស់ប្ដូរតំណែង ឬការផ្ទេរភារកិច្ចនេះ គឺជារឿងធម្មតារបស់មន្ត្រីរដ្ឋាភិបាល»។
កាលពីម្សិលមិញ មានពាក្យចចាមអារ៉ាមថា អភិបាលស្រុក និងអធិការស្រុក នៅតាមស្រុកជាច្រើនក្នុងខេត្តព្រៃវែង នឹងត្រូវធ្វើការផ្លាស់ប្តូរពីតំណែង ប៉ុន្តែលោកខៀវ សុភ័គ បាបបដិសេធថា មិនមានការផ្លាស់ប្តូរទេ។
លោក អ៊ុង សាមី អភិបាលខេត្តព្រៃវែង និង លោក ហាស់ សារ៉េត អភិបាលខេត្តកែប មិនអាចទំនាក់ទំនង សុំការអធិប្បាយបានទេ កាលពីម្សិលមិញ។
លោកកែណ សត្ថា អភិបាលរងខេត្តកែប បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកបានដឹងរួចហើយ ពីព័ត៌មាន ដែលថា លោកនឹងត្រូវបានតម្លើងឋានៈ ជាអភិបាលខេត្តកែប ជំនួសតំណែងលោក ហាស់ សារ៉េត ដែលពិធីផ្លាស់ប្ដូរតំណែងជាផ្លូវការ នឹងត្រូវប្រកាសធ្វើឡើង នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១២ ខាងមុខនេះ ។
លោក កែណ សត្ថា បានថ្លែងថា៖ «ខ្ញុំនឹងខិតខំធ្វើការអភិវឌ្ឍខេត្តនេះ ជាបន្តទៀត ដើម្បីភាពរីកចម្រើន លើគ្រប់វិស័យ ដើម្បីឈានឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមផែនការយុត្តិសាស្ត្រជាតិ របស់រដ្ឋាភិបាល»៕
No comments:
Post a Comment
yes