ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ៦០គ្រួសារនៅភូមិសែសិប ឃុំបឹងប្រាំ ស្រុកបាវិល ខេត្តបាត់ដំបង បាន ត្អូញតែ្អរថា មន្ត្រីអាជ្ញាធរមូលដ្ឋានចុះមកវាស់វែងបានរំលោភយកដីរបស់ពួកគាត់។
ពលរដ្ឋទាំងនោះបានអះអាងថា កម្លាំងចម្រុះប្រមាណជាង ១០០ រួមមានអាជ្ញាធរដ្ឋាន មន្ត្រីសុរិយាដីស្រុកបាវែល ក្រុមនិស្សិត ប៉ូលិស និងកងរាជ អាវុធហត្ថ បានចុះមកវាស់វែងរំលោភយកដីរបស់ប្រជាពលរដ្ឋ។ លោក ជា ជួង តំណាងប្រជាពលរដ្ឋភូមិសែសិប ឃុំបឹងប្រាំ ស្រុកបាវែលបានអោយដឹងថា កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ អាជ្ញាធរមូលដ្ឋាន និង ក្រុមនិស្សិតដែល មានតួនាទីវាស់វែងដី បានសុំដកលិខិតបញ្ជាក់ការកាន់កាប់ដីរបស់ប្រជាពលរដ្ឋ ហើយយកតែលិខិតច្បាប់ដើម មិនយកលិខិតថតចម្លងទេ។
ពលរដ្ឋទាំងនោះបានអះអាងទៀតថា អាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋថា លិខិតបញ្ជាក់ពីការកាន់កាប់ដីនោះគឺជាឯកសារអំណះអំណាង ក្នុងការចេញប្លង់រឹងឲ្យពួកគាត់ ហើយថែមទាំងបានវាស់វែងដីឲ្យពួកគាត់ផងដែរ។ តែរហូតមកដល់ពេលនេះ មិនទាន់ឃើញមានសញ្ញាពីក្រុមអាជ្ញាធរ ថានឹងធ្វើប្លង់រឹងឲ្យពួកគាត់តាមការសន្យានោះឡើយ។ លោកថា ផ្ទុយទៅវិញ ស្រាប់តែនៅថ្ងៃនេះ មានកម្លាំងចម្រុះ អាជ្ញាធរ និងក្រុមនិស្សិត បានចុះមកវាស់វែងរំលោភយកដីរបស់ពួកគាត់ ឲ្យទៅអ្នកផ្សេងទៅវិញ។
តំណាងប្រជាពលរដ្ឋរូបនេះអះអាងថា ពួកគាត់មានលិខិតបញ្ជាក់ពីការកាន់កាប់ដីដែលទទួលស្គាល់ពីអាជ្ញាធរភូមិ និងឃុំ ។ គេហទំព័រថ្មីៗ នៅមិនទាន់អាចសុំការពន្យល់ពីអាជ្ញាធរមូលដ្ឋានទាក់ទងនឹងបញ្ហានេះបាននៅឡើយទេនៅថ្ងៃនេះដើម្បីចង់ដឹងថា តើការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងនោះជាការពិតឬយ៉ាងណា៕
No comments:
Post a Comment
yes