សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 21, 2012

គ្រោះ​រាំង​ស្ងួត​បាន​បំផ្លាញ​ស្រូវ​របស់​កសិករ​អស់​ជាង១ ម៉ឺន​ហិកតា​ហើយ

120821_02
កសិករ​នៅ​​ក្នុង​​ស្រុក​​អង្គ​ស្នួល​ ខេត្ត​​កណ្តាល ភ្ជួ​រ​ដាស់​ស្រែដែល​គ្មាន​ទឹក​កន្លង​មក​​​

ភ្នំពេញៈ គ្រោះ​រាំង​ស្ងួត នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ ​បាន​អូស​បន្លាយ​ រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ចំនួន ១០,៦៩៤ ហិក​តា បាន​រង​ការ​ខូច​ខាត​ទាំង​ស្រុង និង ១៣៥,៤៤៤ ហិកតា​ទៀត​កំពុង​ប្រឈម​យ៉ាង​ខ្លាំង​នូវ​កង្វះ​ទឹក​ស្រោច​ស្រព។
យោង​តាម​របាយ​ការណ៍​ក្រសួង​កសិកម្ម ដែល​បាន​ចុះ​កាល​បរិច្ឆេទ ថ្ងៃទី ១៥​ ខែ​សីហា ឆ្នាំ​ ២០១២ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិល​មិញ ​បាន​បង្ហាញ​ថា ការ​បង្ក​បង្កើន​ផល​ស្រូវ នៅ​ក្នុង​ឆ្នាំ​នេះ មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន ប្រមាណ​ជាង ៦ ភាគ​រយ ពោល​គឺ​ការ​បង្ក​បង្កើន​ផល​ស្រូវ នៅ​ក្នុង​ឆ្នាំ​នេះ​ សរុប​បាន​ចំនួន​ជិត ១,៩៣​ លាន​ហិកតា តិច​ជាង​ឆ្នាំ​មុន​ចំនួន១១០,៨៤០ ហិកតា​។
ទោះ​ជា​បែប​ណា​ក្ដី ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ភ្លៀង​បាន​ធ្លាក់​នៅ​តាម​តំបន់​នៃ​ខេត្ត​ចំនួន​ ​១៤ ដែល​បាន​ជួប​ភាព​រាំង​ស្ងួត ដែល​ក្រុម​អ្នក​ជំនាញ​កសិកម្ម​ មាន​ក្ដី​រំពឹង​ថា វា​អាច​នឹង​ជួយ​សង្គ្រោះ​ស្រូវ​មួយ​ចំនួន​ដែល​កំពុង​ប្រឈម​នឹង​កង្វះ​ទឹក ​ស្រោច​ស្រព​នេះ។​

លោក​ពេជ្រ រម្យនា អនុ​ប្រធាន​នាយក​ដ្ឋាន​ដំណាំ​ស្រូវ​ នៃ​ក្រសួង​កសិកម្ម បាន​ថ្លែង​កាលពី​ម្សិល​មិញ​ថា ដោយ​ផ្អែក​លើ​ស្ថានភាព​អាកាសធាតុ​នា​ពេល​បច្ចុប្បន្ន ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយ​ប៉ាយ​នៅ​គ្រប់​ទីកន្លែង ដែល​អាច​អនុ​គ្រោះ​ដល់​ការ​លូត​លាស់​ដំណាំ​ស្រូវ​។
លោក​ថ្លែង​ថា៖«ដោយ​សារ​ឥទ្ធិពល​នៃ​ព្យុះ​ត្រូពិច និង​ប៉ាស៊ីហ្វិច ដែល​កំពុង​គ្រប​ដណ្ដប់​លើ​តំបន់​អាង​ទន្លេ​មេគង្គ​នា​ពេល​បច្ចុប្បន្ន​នេះ យើង​មាន​ជំនឿ​ថា​ ដំណាំ​ស្រូវ​នៅ​លើ​ផ្ទៃ​ដី​ស្រែ​មួយ​ចំនួន ដែល​បាន​ប្រឈម​នឹង​ភាព​រាំង​ស្ងួត​នា​ពេល​កន្លង​មក នឹង​អាច​ជួយ​សង្គ្រោះ​បាន​មក​វិញ»។
ថ្មីៗ​នេះ​ ក្រសួង​កសិកម្ម​បាន​សហ​ការ​ជា​មួយ​ក្រសួង​ធន​ធាន​ទឹក ចុះ​ជួយ​អន្តរាគមន៍​បូម​ទឹក​បញ្ចូល​ស្រែ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​សន្ទូង​របស់​ប្រជា​កសិករ ​បាន​ចំនួន​ជាង​ពីរ​ម៉ឺន​ហិកតា និង​បាន​រៀបចំ​ផ្ដល់​ស្រូវ​ពូជ​មួយ​ចំនួន ជូន​ប្រជា​កសិករ ដែល​ស្រូវ​សន្ទូង​របស់​ពួក​គាត់​ រង​ការ​ខូច​ខាត ដោយ​ភាព​រាំងស្ងួត​នា​ពេល​កន្លង​មក ដើម្បី​ឲ្យ​ពួក​គាត់​អាច​ធ្វើ​ការ​ដាំ​ដុះ​នៅ​ចុង​រដូវ​វស្សា​នេះ។
ទោះ​ជា​បែប​ណា​ក្ដី លោក​អ៊ូ អិត អាយុ​ ៤៦​ ឆ្នាំ ប្រជា​កសិករ នៅ​ស្រុក​ថ្ម​ពួក ដែល​ស្រូវ​សន្ទូង​ជាង​ពីរ​ហិកតា​របស់​គាត់​ បាន​រង​ផល​ប៉ះ​ពាល់​ ដោយ​សារភាព​រាំង​ស្ងួត​ បាន​ថ្លែង​ថា ភ្លៀង​បាន​ចាប់​ផ្ដើម​ធ្លាក់​ជា​បន្ត​បន្ទាប់ ​ប៉ុន្តែ​មិន​ច្រើន​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​នៅ​តែ​មាន​ក្ដី​កង្វល់​អំពី​កង្វះ​ខាត​ស្បៀង​ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នៅ​ក្នុង​ឆ្នាំ​នេះ​។
លោក​ថ្លែង​ថា​៖​«ខ្ញុំ​មាន​សង្ឃឹម​តិច​តួច​បំផុត​ថា ស្រូវ​របស់​ខ្ញុំ​នៅ​ក្នុង​ឆ្នាំ​នេះ អាច​ផ្ដល់​ផល​បាន​បី​តោន​ក្នុង​មួយ​ហិកតា ស្មើ​នឹង​ឆ្នាំ​ចាស់ ព្រោះ​ភាព​រាំង​ស្ងួត​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ស្រូវ​អន់​គុណភាព​»។
លោក ហួត សុធី​ អនុ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ កាលពី​ម្សិល​មិញ​ថា នៅ​ឆ្នាំ​នេះ ប្រជា​កសិករ​ទូទាំង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ធ្វើ​ស្រែ​រួច​ជា​ស្ថាពរ​លើ​ផ្ទៃ​ដី​ចំនួន​ជាង​២៣​ ម៉ឺន​ហិកតា ប៉ុន្តែ គ្រោះ​រាំង​ស្ងួត​ខ្លាំង​ជាង​មួយ​ខែ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​ស្រូវ​សន្ទូង​ជាង​បី​ម៉ឺន​ហិកតា ក្នុង​ស្រុក​ស្វាយ​ចេក ព្រះ​នេត្រ​ព្រះ ថ្ម​ពួក អូរជ្រៅ មង្គល​បុរី និង​ក្រុង​សិរី​សោភ័ណ ប្រឈម​ទៅ​នឹង​ជំងឺ​ និង​កង្វះ​ទឹក​ស្រោច​ស្រព​។ លោក​ថ្លែង​ថា៖​«បើ​សិន​ជា​គ្រោះ​រាំង​ស្ងួត​ នៅ​តែ​បន្ត​អូស​បន្លាយ ស្រូវ​សន្ទូង​នឹង​ប្រឈម​ការ​ខូច​ខាត​ទាំង​ស្រុង ព្រោះ​បច្ចុប្បន្ន ដី​ស្រែ​មួយ​ចំនួន​ស្ងួត​ប្រេះ​បែក​ក្រហែង និង​មាន​ជំងឺ​ក្រា​ស៊ី​ថែម​ទៀត»៕

No comments:

Post a Comment

yes