មន្ត្រីអង្គការសង្គមស៊ីវិល នៅតែព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខរបស់ពលករខ្មែរ ដែលកំពុងធ្វើការ នៅប្រទេសម៉ាឡេស៊ី។
ពួកគេមួយចំនួន កំពុងប្រឈមនឹងការបង្ខំឲ្យតកុងត្រាបន្ថែម ពេលពួកគេដល់អាណត្តិត្រូវត្រឡប់មកកម្ពុជាវិញ។ ពលករខ្លះ ត្រូវថៅកែប្រើអំពើហិង្សា និងបង្អត់បាយរហូតសម្រេចរត់គេចពីផ្ទះថៅកែ។ ជាក់ស្ដែងពលការីម្នាក់នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានក្រុមគ្រួសារ អំពាវនាវឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ជួយនាងត្រឡប់មកវិញ បន្ទាប់ពីបានរត់គេចពីផ្ទះថៅកែ ដែលបង្ខំឲ្យនាងធ្វើការហួសកម្រិត និងបង្អត់បាយ។
លោកស្រី ឡន សារ៉េម នៅភូមិអញ្ចាញ ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១២ ខែសីហា ទទូចសុំឲ្យអាជ្ញាធរ និងអង្គការសង្គមស៊ីវិល ជួយអន្តរាគមន៍ឲ្យកូនស្រីរបស់គាត់ម្នាក់ ដែលទៅធ្វើការជាមេផ្ទះ នៅប្រទេសម៉ាឡេស៊ី ត្រឡប់មកកម្ពុជាវិញ។
ការស្នើសុំនេះធ្វើឡើង នៅបន្ទាប់ពីកូនរបស់គាត់ ឈ្មោះ ម៉ៅ សុខជា អាយុ ៣៣ ឆ្នាំ បានទូរស័ព្ទសុំជំនួយពីម្ដាយ កាលពីខែមិថុនាកន្លងទៅ ក្រោយពីបានរត់គេចពីផ្ទះថៅកែជនជាតិចិនម្នាក់ ដែលនាងធ្វើការជាមួយ នៅខេត្ត ប៉េណាំង ប្រទេសម៉ាឡេស៊ី បង្ខំនាងឲ្យធ្វើការតាំងពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ៣ ភ្លឺ និងមិនបានផ្ដល់អាហារគ្រប់គ្រាន់ ធ្វើឲ្យនាងមានជំងឺហើមដៃជើង មិនអាចទ្រាំទ្របាន។
ពលការិនី ម៉ៅ សុខជា ត្រូវបានក្រុមហ៊ុនខ្មែរ អេ.ភី.ធី.អេស.អ៊ី.អ៊ែន.ស៊ី (APTSE&C) នាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បញ្ជូនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១១។
គ្រួសារពលការិនីឲ្យដឹងថា នាងមិនបានទទួលប្រាក់ខែសោះ នៅក្នុងអំឡុងពេលជាងមួយឆ្នាំ ដែលនាងធ្វើការជាមេផ្ទះនៅទីនោះ ក្រៅតែពីខ្ចីលុយពីថៅកែក្រុមហ៊ុនចំនួន ២០០ ដុល្លារ ផ្ញើមកផ្ទះនៅ ពេលដែលប្អូនស្លាប់កាលពីឆ្នាំមុន។
លោកស្រី ឡន សារ៉េម បន្តថា កូនស្រីរបស់គាត់បានរត់គេចពីផ្ទះថៅកែ ទៅស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី ជួយ។ មន្រ្តីស្ថានទូតបានបញ្ជូននាងទៅបន្តភ្នាក់ងារនាំពលករ នៅម៉ាឡេស៊ី ឲ្យជួយអន្តរាគមន៍បន្ត ប៉ុន្តែបែរជាត្រូវខាងភ្នាក់ងារធ្វើទារុណកម្មឲ្យនាងរត់ហាលថ្ងៃ និងបង្ខំឲ្យត្រឡប់ទៅផ្ទះថៅកែនោះវិញ។
លោកស្រី ឡន សារ៉េម៖ «បញ្ជូនមកកន្លែងAgency ហើយAgencyឲ្យរត់។ រត់នោះរត់អត់ឲ្យបាយឲ្យទឹកអីផឹកទេ។ ដល់អ៊ីចឹង វាថា អូខេ រឺអត់? បើអត់អូខេទេ វាឲ្យរត់កណ្ដាលថ្ងៃទៀត។ ខឹងយើងអត់ទៅនៅជាមួយម្ចាស់ផ្ទះនឹងណា»។
លោកស្រីបញ្ជាក់ថាបច្ចុប្បន្ន កូនស្រីរបស់គាត់ កំពុងលាក់ខ្លួននៅផ្ទះជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលគេជួយសង្គ្រោះ និងគ្មានលុយកាក់សម្រាប់ត្រឡប់មកវិញបានទេ។
លោកស្រី ឡន សារ៉េម បានដាក់ពាក្យបណ្ដឹងទៅការិយាល័យជួញដូរមនុស្ស និងអង្គការ អាដហុក នៅខេត្តក្រចេះ កាលពីថ្ងៃទី ១៩ ខែមិថុនា តែកូនស្រីរបស់គាត់ គេមិនទាន់បានជួយសង្គ្រោះនៅឡើយទេ។
ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស នៅខេត្តក្រចេះ លោក កែវ ស្រីសី ឲ្យដឹងថា ករណីនេះ លោកបានបញ្ជូនសំណុំរឿងទៅឲ្យអង្គការ IOM និងអង្គការ ខារ៉ាម ឲ្យជួយអន្តរាគមន៍បន្ត បន្ទាប់ពីលោកបានទូរស័ព្ទជួបផ្ទាល់ជាមួយជនរងគ្រោះ នៅម៉ាឡេស៊ី ដោយបញ្ជាក់ថា នាងពិតជារងការធ្វើបាប ពីថៅកែផ្ទះពិតមែន។
សំឡេង៖«ទាក់ទងទៅអង្គការ ខារ៉ាម ដើម្បីឲ្យអង្គការ ខារ៉ាម ជួយជាបន្ទាន់ ជាមួយអង្គការ អាយ.អូ.អឹម។ តែនៅពេលបច្ចុប្បន្ន មិនទាន់បាននៅឡើយទេ»។
នាយកក្រុមហ៊ុនខ្មែរ អេ.ភី.ធី.អ៊ី.អ៊ែន.ស៊ី ( APTSE&C) នាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី លោក សេង សិទ្ធិជ័យ ឲ្យដឹងថា លោកមិនបានដឹងព័ត៌មានដែលថា មានថៅកែផ្ទះនៅម៉ាឡេស៊ី ធ្វើបាបពលករដូចការលើកឡើងរបស់ក្រុមគ្រួសារ និងអាជ្ញាធរនោះទេ។ តែលោកនឹងស្រាវជ្រាវពីករណីនេះ។
លោក សេង សិទ្ធិជ័យ៖ «ជាបញ្ហាអីទេ សំខាន់ឲ្យតែជាបញ្ហាជាក់ស្ដែងក្រុមហ៊ុនយើងធ្វើការដោះស្រាយជូន»។
អ្នកសម្របសម្រួលអង្គការ អាដហុក ប្រចាំខេត្តក្រចេះ អ្នកស្រី ធីម ណារិន ឲ្យដឹងថា ក្នុងរយៈពេល ៧ ខែឆ្នាំ ២០១២ អ្នកស្រីទទួលពាក្យបណ្ដឹងពីរឿងពលករធ្វើការនៅម៉ាឡេស៊ី ចំនួន ២៧ ករណី។ ចំនួននេះ មានការកើនឡើងខ្ពស់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតែ ៤ ករណីប៉ុណ្ណោះ។
អ្នកស្រីបន្តថា ការកើនឡើងនៃចំនួនពាក្យបណ្ដឹងនេះ ដោយសារតែមានពលករខ្លះ កំពុងប្រឈមនឹងការធ្វើទារុណកម្មធ្ងន់ធ្ងរ ខ្លះទៀតបាត់ខ្លួន ដោយរត់គេចពីការបង្ខំឲ្យបន្តកុងត្រាថ្មី ដោយសារតែថៅកែមិនព្រមឲ្យត្រឡប់មកផ្ទះវិញ ពេលចប់អាណត្តិ។
អ្នកស្រី ធីម ណារិន ៖ «ទីមួយ គាត់បាត់ដំណឹងកូនមិនបានទទួលព័ត៌មានពី។ កូនទី២ កូនរបស់គាត់លើសអាណត្តិហើយមិនអាចវិលមកវិញ។ថ្មីៗ នេះ យើងទទួលបានករណីមួយ ដែលថា ពលការិនីនេះ ត្រូវបានធ្វើទារុណកម្មពីភ្នាក់ងាររបស់ក្រុមហ៊ុន»។
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការ អាដហុក (Adhoc) កាលពីឆ្នាំ ២០១១ ទទួលពាក្យបណ្ដឹងពីគ្រួសារជនរងគ្រោះ ចំនួន ១០២ ករណី។ តួលេខនេះខ្ពស់ជាងពាក់កណ្ដាល កាលពីឆ្នាំ ២០១០ ដែលមានត្រឹមតែជាង ៥០ ករណីប៉ុណ្ណោះ។
ទាក់ទងនឹងរឿងរំលោភសិទ្ធិពលករនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី ១០ ខែឧសភា ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្រ្តីការងារអាស៊ាន និងអាស៊ានបូក ៣ នៅវិមានសន្តិភាព ដោយអំពាវនាវឲ្យសមាជិកអាស៊ានទាំងអស់ គោរពសិទ្ធិពលករចំណាកស្រុក ទេសន្តរប្រវេសក៍ ដោយយកគោលការណ៍ច្បាប់ និងសិទ្ធិមនុស្សមកដោះស្រាយក្នុងនាមជាប្រទេសក្នុងតំបន់។ការអំពាវនាវធ្វើឡើងក្រោយពីមានព័ត៌មានថា មានការធ្វើទារុណកម្មធ្ងន់ធ្ងរលើពលករខ្មែរធ្វើការនៅម៉ាឡេស៊ី រួមមានធ្វើការលើសម៉ោងកំណត់ បង្អត់បាយ ចាប់រំលោភ វាយដំច្រំធាក់ រហូតមានពលករខ្លះស្លាប់ ពិការ ឬឆ្កួត៕
No comments:
Post a Comment
yes