កំពត : មិនមែនជារឿងលេងសើចទេដែលបុរសពិការភ្នែកទាំងសងខាងម្នាក់ បើកម៉ូតូដោយទុកឲ្យប្រពន្ធភ្នែកភ្លឺអង្គុយពីខាងក្រោយ ហើយគាត់អាចបើកបរត្រង់ផ្លូវដូចអ្នកមានភ្នែកភ្លឺធម្មតានោះ។ បុរសងងឹតភ្នែកទាំងសងខាងអាចបើកបរម៉ូតូដោយសុវត្ថិភាពគ្រប់ស្ថានភាពផ្លូវរូបនេះត្រូវបានគេស្គាល់ឈ្មោះថា ចក់ បុល មានវ័យ៤៥ឆ្នាំ និងមានប្រពន្ធឈ្មោះ សូ ឡុញ មានវ័យ២៨ឆ្នាំ ប្តីប្រពន្ធមួយគូនេះ សព្វថ្ងៃរស់នៅក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ដោយយល់ឃើញថា សមត្ថភាពបើកម៉ូតូរបស់លោក បុល ជាទេពកោសល្យមួយដ៏កម្រនោះ អ្នកភូមិក៏ធ្វើការទំនាក់ទំនងមកខាងកម្មវិធីទេពកោសល្យអច្ឆរិយ «ផ្ទះលេខ១១» របស់ទូរទស្សន៍អប្សរា ដើម្បីឲ្យថតសកម្មភាពបើកបរម៉ូតូរបស់លោក ចក់ បុល មកធ្វើការចាក់ផ្សាយ។
បន្ទាប់ពីរថយន្តរបស់ទូរទស្សន៍អប្សរាទៅដល់ផ្សារឈូកភ្លាម លោក ចក់ បុល ក៏រួសរាន់បើកម៉ូតូឌុបប្រពន្ធតាំងពីផ្លូវលំមានភក់រអិលរហូតឡើង ផ្លូវកៅស៊ូដោយសុវត្ថិភាព។ ក្នុងជំនួបភ្លាមៗនោះលោក ចក់ បុល បានបង្ហើសម្ដី យ៉ាងក្លាហានថា៖ «បើគ្រាន់តែបើកម៉ូតូពីផ្ទះមកដល់ផ្សារឈូកមានស្អីអស្ចារ្យ បើផ្លូវនេះខ្ញុំបើកបររាល់ថ្ងៃ សឹកសម្បកម៉ូតូដូរអស់១០ហើយហ្នឹង! ចង់ទៅដល់ភ្នំពេញទៀតក៏បានដែរ»។
ប៉ុន្តែលោកក៏បានសារភាពដែរថា៖ «ខ្ញុំក្លាហានតែពេលមានប្រពន្ធជិះពីក្រោយដែរទេ។ បើគ្មានគាត់នោះ ខ្ញុំក៏ប្រហែលជាអង្គុយមួយកន្លែងដូចលោកធុតង្គដែរហ្នឹង»។
ដូចការអះអាង បុរសពិការភ្នែករូបនេះ ក៏ឡើងជ្រែងលើម៉ូតូ រួចបញ្ឆេះយានកង់ពីរសូរង៉ូងៗ រកតែប្រពន្ធឡើងអង្គុយស៊ប់មិនទាន់។ លោកបានបញ្ជាម៉ូតូទៅមុខដោយគ្មានវៀចវេរ ឬជ្រុលចង្កូចធ្លាក់ផ្លូវឡើយ ពោលគឺបើកត្រង់ផ្លូវដូចជាមនុស្សភ្នែកភ្លឺដែរ សូម្បីរថយន្តរបស់កម្មវិធីបរតាមថតសឹងតែមិនទាន់។
លោកបានបញ្ជាក់ថា៖ «ចំណុចពិសេសដែលខ្ញុំអាចបើកបរម៉ូតូបានត្រង់ផ្លូវ នឹងបញ្ចៀសផុតរាល់ឧបសគ្គនោះ គឺប្រពន្ធខ្ញុំគាត់នៅអង្គុយពីក្រោយឲ្យសញ្ញា។ នេះហើយជាចំណុចពិសេសរបស់ខ្ញុំ ក្នុងការបើកបរនោះ»។
អ្នកស្រីបានរំឭកពីការហ្វឹកហាត់មិនតិចជាងមួយខែថា៖ «កាលដែលស្ថិតក្នុងដំណាក់កាលហាត់រៀនដំបូងមិនបានឈានមកជិះម៉ូតូតែម្តងទេ គឺយកកង់យើងមកជិះក្នុង ឬផ្លូវជិតផ្ទះ ដោយខ្ញុំជាអ្នកជិះពីក្រោយ ហើយបញ្ជាគាត់គ្រប់វិនាទីទាំងអស់។ មិនយូរទេដោយភាពព្យាយាម គាត់ក៏អាចជិះបានដូចមនុស្សភ្នែកភ្លឺដែរ»។
គ្រូបង្រៀនក្រៅសាលារូបនេះបានពន្យល់ទៀតថា៖ «គឺខ្ញុំមានមោ(សញ្ញា)របស់ខ្ញុំ ហើយមោនេះខ្ញុំបានប្រាប់គាត់តាំងពីបង្រៀនជិះកង់ម្ល៉េះ។ ពេលឡើងជិះម៉ូតូពីក្រោយគាត់ ដៃរបស់ខ្ញុំទាំងពីរត្រូវកាន់អាវគាត់ជាប់ ដៃឆ្វេងកាន់ក្រណាត់អាវត្រង់ចង្កេះខាងស្តាំ ចំណែកដៃស្តាំខ្ញុំកាន់ក្រណាត់អាវត្រង់ចង្កេះខាងឆ្វេងគាត់ ហើយពេលបត់ឆ្វេង ខ្ញុំទាញអាវគាត់ខាងឆ្វេង បត់ស្តាំទាញអាវគាត់ខាងស្តាំ។ លុះពេលឈប់ទាញអាវគាត់ចុះក្រោម ឬមួយខ្ញុំប្រាប់គាត់ថែមថាបត់យ៉ាងម៉េចៗបន្ថែមទៀត»។
យ៉ាងណាមិញ ចាប់តាំងពីរៀនជិះមក លោក ចក់ បុល បានអះអាងថា៖ «កុំថាឡើយដួលដាច់រលាត់ស្បែកខ្ញុំសូម្បីបន្តិច តាំងពីរៀនរហូតចេះស្ទាត់ដល់ថ្ងៃនេះសូម្បីប៉ះក្មេង ឬជ្រុលចង្កូតធ្លាក់ស្រែម្តងក៏គ្មានដែរ»។
លោក ចក់ បុល មិនមែនពិការពីកំណើតទេ គឺកែវភ្នែករបស់គាត់ត្រូវបានឆក់យកដោយបន្ទុះគ្រាប់មីន ខណៈលោកនៅបម្រើយោធាកាលពីឆ្នាំ១៩៨៥។ ក្រោយពីរបួសជាសះ លោកក៏ត្រូវបានអង្គភាពកាត់ចេញពីទ័ព ហើយលោកក៏ងាកមករកចាប់យករបរចិញ្ចឹមជីវិតជាមួយប្រពន្ធជាអ្នកលេង ភ្លេងការវិញ។ លោកបន្តថា នៅក្នុងវង់ភ្លេងប្រពៃណីលោកអាចលេងបាន២-៣ឧបករណ៍ឯណោះមាន ទ្រ ឃឹម តាខេ និងច្រៀង។ ក្រៅពីរបរនេះ លោកក៏ស៊ីឈ្នួលដឹកឈើឲ្យគេដែរ។
លោក ចក់ បុល បាននិយាយផងដែរថា៖ «បើកុំតែខ្ញុំមានរបរនេះកុំអីមិនដឹងជាទៅរកអ្វីបានទិញអង្ករ ដាំបាយមកបំពេញក្រពះទេ»៕
No comments:
Post a Comment
yes