ក្រចេះ ៖ ដោយសារអំពើពុករលួយរបស់លោក ម៉ិញ សេដ្ឋា នាយសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយទើបមានបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យបំផុតនៅភូមិសាស្ត្រ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ប្រភពពត៌មានពីប្រជាពលរដ្ឋរស់នៅឃុំជ្រោយបន្ទាយបានឲ្យដឹងថា ជារៀងរាល់យប់មានរទេះគោនិងគោយន្តកែច្នៃដឹកឈើលេខ១ប្រភេទ សុក្រំ បន្តកន្ទុយគ្នាដូចក្បួនហែអង្គកឋិនទាន ដោយដឹក ចេញពីចំណុចភ្នំជី មកស្តុកទុកនៅក្នុងឃុំជ្រោយបន្ទាយស្ទើរតែគ្រប់ផ្ទះគរ ជាគំនរធំៗនៅជិតសង្កាត់ រដ្ឋបាលព្រៃឈើជ្រោយបន្ទាយនេះតែម្តង ។
ពួកឈ្មួញក៏បានបន្លំដឹកតាមទូកបង្គប់ក្រោមក្រួស ឬតាមទូកប្រ ហុកដើម្បីយកទៅលក់នៅខេត្តកំពង់ចាមបានយ៉ាងរលូន ហើយជាក់ស្តែងនៅព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១២ ភ្នាក់ងារ វរជនខ្មែរ បានចុះទៅឃុំជ្រោយបន្ទាយ ក៏បានប្រទះឃើញគំនរឈើជាច្រើនកន្លែង ហើយរាយការណ៍តាមទូរស័ព្ទជូនលោក ម៉ិញ សេដ្ឋា ឲ្យចុះទៅពិនិត្យមើលផងដែរ ប៉ុន្តែទូរស័ព្ទរបស់លោក ម៉ិញ សេដ្ឋា ហៅមិនចូល ។ គំនរឈើជាច្រើនកន្លែងនោះត្រូវគេស្គាល់ថាជារបស់ថៅកែឈ្មោះ ឈូ រស់នៅភូមិរកាធំ ឈ្មោះ តាឡូ រស់នៅភូមិរកាធំ ឈ្មោះ គឹម យិន រស់នៅភូមិទួលព្រិច ឈ្មោះ ចាន់ណា រស់នៅភូមិព្រែកជីក។ល។ ហើយថៅកែទាំងប៉ុន្មានខាងលើនេះ សុទ្ធតែជាអ្នកផ្តល់លាភសក្ការៈដល់លោក ម៉ិញ សេដ្ឋា ទាំងអស់ ។
ប្រជាពលរដ្ឋបានរិៈគន់ជាចំហរថា ពួកគាត់មិនដែលឃើញលោក ម៉ិញ សេដ្ឋា បង្ក្រាបបទល្មើស បានម្តងណាឡើយ ទោះបីជាមានឈើគរពាសពេញតំបន់ដែលគាត់គ្រប់គ្រងយ៉ាងណាក៍ដោយ ហើយពួកគាត់ឃើញតែកួនចៅរបស់លោក ម៉ិញ សេដ្ឋា ដើរប្រមូលលុយពីឈ្មួញតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋបាន សំណូមពរដល់ឯកឧត្តមអភិបាលខេត្ត មេត្តាចុះពិនិត្យមើលផង បើមិនដូច្នោះទេ ផ្លូវថ្នល់ត្រូវខូចខ្ទេចខ្ទីអស់ដោយសារពួកឈ្មួញដឹកជញ្ជូនឈើលើសទម្ងន់ជាមិនខានឡើយ ព្រោះពេលនេះ ជារដូវភ្លៀងផងធ្វើឲ្យពួកគាត់ពិបាកធ្វើដំណើរខ្លាំងណាស់ ៕
No comments:
Post a Comment
yes