លោក ថេង គឹមស វ័យ២២ឆ្នាំ ជាតួអង្គសម្តែងជា ម៉ាក់ថឺង ដែលជាគូជាមួយ
ស្រីមី សម្ដែងជាតួ ប៉ាកយ៉ាន
ភ្នំពេញៈ សំឡេងស្គរបន្ទរឡើងសូររណ្តំមួយសន្ទុះមុនពេលនឹងមានអ្នកចម្រៀង យីកេបានបង្ហើរសំនៀងខ្លួនចេញមកតាមក្រោយ។ រំពេចនោះគេឃើញមាននារីរបាំ៦នាក់បានចេញជាជួរក្នុងសណ្ឋានរេរាំ របាំបែបបុរាណនេះឡើង។ របាំនេះមានលក្ខណៈស្រដៀងទៅនឹងរបាំអប្សរាដែរ។
ការបង្ហាញនេះគឺឆាកឈុតដំបូងនៃរបាំយីកេខ្មែរខណៈអង្គការសិល្បៈ ខ្មែរអមតៈ (CLA) កំពុងតែបណ្តុះបណ្តាលនូវរបាំនេះដល់សិស្សចំនួន៤០នាក់ដោយចាប់ ទទួលពីអាយុ១៣ឆ្នាំទៅដល់អាយុ២៥ឆ្នាំ។ នេះគឺជាការត្រៀមខ្លួនរបស់ពួកគេមុននឹងចូលរួមការសម្តែងផ្លូវ ការនាពេលខាងមុខនេះ។
អ្នកគ្រូ អ៊ុយ លតាវណ្ណ ជាគ្រូបង្រៀនរបាំយីកេនៅអង្គការសិល្បៈខ្មែរអមតៈវ័យ៥៨ឆ្នាំ កំពុងតែតាមដានពិនិត្យលើការហាត់សមរបស់សិស្សនារយៈពេលពីរខែនេះ យ៉ាងហ្មត់ចត់ ព្រោះខ្លាចក្រែងមានការថ្លោះធ្លោយនាពេលសម្តែង។
អ្នកគ្រូមានប្រសាសន៍ថា៖ «យីកេមានប្រជាប្រិយខ្លាំងកាលពីមុនទសវត្សរ៍ទី៧០ ឬមុនឆ្នាំ១៩៧០។ អ្នកលេងរបាំយីកេត្រូវបានគេជួលទៅសម្តែងជារៀងរាល់សប្តាហ៍នាពេល នោះ»។
បន្ទាប់ពីមានកម្មវិធីទូរទស្សន៍មកមនុស្សលែងសូវចាប់អារម្មណ៍លើ របាំយីកេនេះខ្លាំងដូចមុនទៀតហើយ ដែលជាហេតុធ្វើឲ្យរបាំនេះធ្លាក់ចុះនូវប្រជាប្រិយភាពផងដែរ។ ប៉ុន្តែអ្នកគ្រូ អ៊ុយ លតាវណ្ណ នឹងបង្កើតឲ្យមានភាពខុសប្លែកមួយសម្រាប់ការសម្តែងរបាំយីកេនេះ។ គាត់នឹងយកតម្លៃយីកេមកវិញឲ្យបានតាមរយៈការខិតខំបង្ហាត់បង្រៀន កូនសិស្សឲ្យសម្ដែងខ្សែរឿង ម៉ាក់ថឺង។
រឿងនេះនិយាយពីបុរសចំណាស់វ័យ៥០ឆ្នាំឈ្មោះ ម៉ាក់ថឺង បានរៀបការជាមួយប្រពន្ធក្មេងខ្ចីវ័យ១៨ឆ្នាំឈ្មោះនាង ប៉ាកយ៉ាន។ អ្នកទាំងពីរប្តីប្រពន្ធបានប្រកបរបរជាអ្នកលក់ដូរគ្រឿងក្រអូប និងម្សៅលាប តែមានពេលមួយប្រពន្ធរបស់តា ម៉ាក់ថឺង ត្រូវកូនប្រុសស្តេចត្រាញ់ចាប់។ ឮដំណឹងថាប្រពន្ធខ្លួនត្រូវ ព្យាណយ ចាប់ហើយនោះ ម៉ាក់ថឺង បានទៅកាន់សាលាខេត្តភ្លាមដើម្បីទាមទារយកប្រពន្ធមកវិញទោះដឹង ថា ខ្លួននឹងទទួលរងគ្រោះថ្នាក់ក៏ដោយ។ តែផ្ទុយទៅវិញប្រពន្ធរបស់គាត់មិនមានសេចក្តីក្លាហានសម្តែងការ ពិតនៅចំពោះចៅហ្វាយខេត្តនោះឡើយថានាងគឺជាប្រពន្ធរបស់គាត់។ ដូច្នេះចៅហ្វាយខេត្តមិនជឿលើការអះអាងរបស់តាម៉ាក់ថឺងនោះទេ ដោយចោទថាគាត់និយាយកុហក រហូតដល់បញ្ជាឲ្យគេដាក់ទោសដល់តា ម៉ាក់ថឺង ទៀតផង។ ខណៈពេលនោះដែរ តុលាការក៏បានដោះស្រាយរឿងវិវាទនេះ។
អ្នកគ្រូបន្តថា៖ «បន្ទាប់ពីពួកគេត្រូវបានខាងតុលាការពិសោធរួចហើយការពិតក៏បានរក ឃើញដែរដោយដឹងថា ព្យាណយ ពិតជាបានចាប់ប្រពន្ធតា ម៉ាក់ថឺង ខុសច្បាប់មែន។ ចំណែកនាងប៉ាកយ៉ានជាប្រពន្ធនោះមិនហាននិយាយការពិតព្រោះស្ថានភាព នោះពុំមានសុវត្ថិភាពដល់នាង និងប្តី»។
លុះដឹងរឿងហើយ ស្តេចត្រាញ់ក៏បានប្រគល់នាងប៉ាកយ៉ានជាប្រពន្ធទៅឲ្យតាម៉ាក់ ថឺងវិញ តែព្យាណយដែលជាអ្នកចាញ់ក្តីតុលាការនោះបានលោតយកកូនកាំបិតទៅ ចាក់សម្លាប់នាងតែម្តងដោយសារតែក្តីខឹងសម្បា។
អ្នកគ្រូ អ៊ុយ លតាវណ្ណ បន្ថែមថា៖«ខ្លឹមសារសំខាន់នៃរឿងនេះគឺជួយជំរុញឲ្យមនុស្សក្នុង ឋានៈណាក៏ដោយតោងយកនូវការទទួលខុសត្រូវដាក់ខ្លួន។ តើអ្នកដឹកនាំត្រូវដាក់ទោសកូនប្រុសយ៉ាងណា ឬត្រូវដោះលែងកូនដើម្បីទទួលយកងារជាអ្នកដឹកនាំអគតិម្នាក់?»។
កញ្ញា ហម ស្រីមី សិស្សសិល្ប:របស់អង្គការសិល្ប:ខ្មែរអមតៈវ័យ១៥ឆ្នាំដែលសម្តែងតួជា នាង ប៉ាកយ៉ាន បាននិយាយថា៖ «ខ្ញុំមិនដែលមានបទពិសោធជីវិតក្នុងស្ថានភាពអាពាហ៍ពិពាហ៍នោះទេពី មុនមក ដូច្នេះវាជាការលំបាកសម្រាប់នាងខ្ញុំក្នុងការសម្តែងលើតួអង្គ នេះ។ តែនាងខ្ញុំមានអារម្មណ៍ថាពេលវេលាគឺជាការជួយអភិវឌ្ឍដល់ការ សម្តែងរបស់ខ្ញុំ»។
នាង ស្រីមី បានលើកឡើងថា៖«មិនសូវមានយុវវ័យបានស្គាល់នូវរបាំយីកេនេះច្រើន ឡើយ។ តាមពិតទៅយីកេគឺជាអត្តសញ្ញាណសិល្បៈរបស់ជាតិខ្មែរមួយដ៏សំខាន់។ ខ្ញុំនឹងជួយផ្សព្វផ្សាយរបាំនេះឲ្យមនុស្សបានស្គាល់វាច្រើនជា ពិសេសចំពោះមនុស្សដែលស្ទើរតែបានបំភ្លេចវាចោលទៅហើយនោះ»៕ PR
No comments:
Post a Comment
yes