សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 8, 2012

ក្មេង​រើស​អេតចាយ​ បញ្ចប់​បរិញ្ញាបត្រ​នៅ​អាមេរិក


ជាអតីតក្មេងរើសអេតចាយ មានការតស៊ូលំបាកក្នុងជីវិត យកភាពអៀនខ្មាសជាអាវុធ ពុះពារគ្រប់ឧបសគ្គឆ្ពោះទៅមុខ បានទទួលអាហារូបករណ៍ បញ្ចប់ថ្នាក់បរិញ្ញាបត្រនៅអាមេរិក កែប្រែជីវិតមានចំណូលរាប់ពាន់ដុល្លារ។ តើខ្សែជីវិតតស៊ូរបស់គាត់លំបាកយ៉ាងណាទៅ?
លោក ឆេង សុភ័ក្ត្រ កើតនៅ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៨៦ ជាកូនច្បងក្នុងចំណោម បងប្អូន ៣នាក់ នៅជំរំសាយធូ ទឹកដីថៃ មានឪពុកឈ្មោះ ឆេង ពី ម្ដាយឈ្មោះ ទីវ ផល្លី ក្នុងគ្រួសារជាជនភៀសខ្លួន ។

សុភ័ក្ត្រ បងគេនៅខាងឆេងដៃ និងគ្រួសារពេលធ្វើមាតុភូមិនិវត្តមកខេត្តបន្ទាយមានជ័យ
កុមារភាពជូរចត់ 
មានអាយុ ៥ឆ្នាំ នៅឆ្នាំ១៩៩១ កុមារ សុភ័ក្ត្រ ត្រូវបានឪពុកម្ដាយបញ្ជូនចូលរៀននៅសាលាបឋមសិក្សានៅជំរំសាយធូ។ ក្នុងស្ថានភាពជាជនភៀសខ្លួន កាលណោះ សុភ័ក្ត្រ បានចងចាំថា អាចមានសេរីភាពដើរហើរបានមែន ប៉ុន្តែក្នុងកម្រិតនៅក្នុងជំរំប៉ុណ្ណោះ ពេលខ្លះ លោកផ្ទាល់តែម្ដង ត្រូវបានទាហានថៃ ធ្វើបាបឲ្យរត់កាត់ចម្ការមីន ទុកជាការលេងសើចរបស់ពួកគេទៀតផង។
រើសអេតចាយយកលុយទៅរៀន 
មាន អាយុ ៨ឆ្នាំ ក្នុងនាមជាជនភៀសខ្លួន ក្រោយកិច្ចចរចាសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩៣ គ្រួសាររបស់លោកបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ មករស់នៅខេត្តបន្ទាយមានជ័យ ដោយសុំផ្ទះបងប្អូនស្នាក់ជាមួយ។ លោក បានរំលឹកថា ជីវភាពរស់នៅជាមួយបងប្អូនពិតជាមិនបានស្រុះស្រួលគ្នាទេ មានភាពរកាំរកូស ដោយសារម្ដាយមីងរបស់លោកយល់ថា គ្រួសារលោកមិនល្អ ធ្វើឲ្យគ្រួសារម្ដាយមីងលំបាកតាមជាដើម។ កត្តាជីវភាពខ្សត់ខ្សោយពេក ពេលខ្លះ សុភ័ក្ត្រ ត្រូវដើររើសអេតចាយដើម្បីលក់យកលុយចាយទៅរៀន។ មានពេលខ្លះ ស្មានថា របស់គេចោលមុខផ្ទះក៏ទៅរើស ត្រូវម្ចាស់ដេញថាជាចោរក៏មាន។

អស់រយៈពេលច្រើនឆ្នាំ កន្លងទៅ ឪពុកម្ដាយសុភ័ក្ត្រ អាចមានលទ្ធភាពសាងសង់លំនៅបែកពីម្ដាយមីងរបស់លោក។ នៅឆ្នាំ២០០១ លោកបានចូលរៀននៅវិទ្យាល័យសម្ដេចឪ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ដោយសារតែការខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានចំណាត់ថ្នាក់លេខ១ ទៅលេខ៣ ប៉ុន្តែលទ្ធផលនេះមិនសូវបានទទួលការលើកសរសើរទេ ព្រោះក្នុងគ្រួសារមានឪពុកជាយោធា ហើយវិន័យតឹងរ៉ឹង ដែលគាត់ដាក់មកលើកូន ក៍ដូចជាយោធាដែរ ដែលចាំបាច់ ហាមល្មើសជាដាច់ខាត។
សប្បាយក្លាយជាទុក្ខ
នៅឆ្នាំ២០០៤ លោក ឆេង សុភ័ក្ត្រ បានប្រឡងបាក់ឌុបបញ្ចប់កម្រិតសិក្សាថ្នាក់វិទ្យាល័យ ដែលជាពេលវេលាមួយដ៍រីករាយរបស់មនុស្សគ្រប់ៗគ្នា។ លទ្ធផលសម្រាប់បានប្រកាស អ្នកប្រឡងជាប់ពិតជារីករាយខ្លាំងមែនទែន នៅពេលវេលាជាមួយគ្នានេះដែរ មិត្តភ័ក្ដិរួមថ្នាក់របស់ សុភ័ក្ត្រ ទាំងអស់គ្នា បានរៀបចំពិធីជប់លៀងដើម្បីជាការលាគ្នា។ សុភ័ក្ត្រ បានសុំឪពុកលោកថា ទៅចូលរួមពិធីនោះនឹងគេ ប៉ុន្តែគាត់មិនអនុញ្ញាត សុភ័ក្ត្រ និងទាំងគ្រូបង្រៀនមកជួយសុំទៀត ទ្រាំមិនបានឪពុកលោកបានអនុញ្ញាតគឺ គាត់បានដាក់ខសន្យាឲ្យលោកមិនត្រូវបង្កបញ្ហាដល់ផ្ទះ ឬដើរលេងហួសកំណត់ឡើយ។
ចាកចេញពីផ្ទះជាមួយស្នាមញញឹម ចូលរួមពិធីជប់លៀងយ៉ាងសប្បាយរីករាយ រហូតស្រវឹងភ្លេចខ្លួន លោក និងមិត្តភ័ក្ដិពីរនាក់ទៀត បានសម្រេចចិត្តជិះម៉ូតូ ១គ្រឿងទៅលេងនៅ ប៉ោយប៉ែត ជាប់ព្រំដែនថៃ។ ដោយសារឥទ្ធិពលគ្រឿងស្រវឹង ពេលកំពុងធ្វើដំណើរស្រាប់តែជួបឧបទ្ទវហេតុមួយ ម៉ូតូរបស់លោកបានជិះទៅបុកគេ ធ្វើឲ្យលោកបាក់ដៃម្ខាង។
វ៉ៃថែមទៀត ព្រោះមិនដឹងដៃបាក់ 
ឡានពេទ្យ បានមកដឹកលោកទៅកាន់ក្រុងប៉ោយប៉ែត ដើម្បីព្យាបាល លោកក៏សុំគេទៅសម្រាកផ្ទះបងស្រីលក់ដូរនៅទីនោះ ជាមួយអារម្មណ៍តក់ស្លុត និងភ័យខ្លាចរឿងនេះ ដឹងដល់ឪពុកលោក។ មិនបានប៉ុន្មានថ្ងៃ ដំណឹងនេះបានដឹងដល់ឪពុកលោក គាត់ជួលឡានមួយមកទទួលលោកត្រលប់ទៅវិញជាមួយកំហឹងក្រេវក្រោធយ៉ាង ខ្លាំង។ គ្រាន់តែទៅដល់ផ្ទះភ្លាមលោកត្រូវបានឪពុកលោកស្ដីបន្ទោស និងដៀលត្មេះយ៉ាងខ្លាំង។ ទោះបីជាលោក ទទួលស្គាល់កំហុស និង ព្យាយាម សុំទោសយ៉ាងណាក្ដី ឪពុករបស់លោកមិនបានរំសាយកំហឹងភ្លាមៗនោះទេ គាត់បានវាយដំនិងទាត់ធាក់ដោយមិនដឹងថា ដៃរបស់លោកកំពុងបាក់ឡើយ និងបញ្ជាឲ្យលោកលូនហើយព្រុស ដូចសត្វឆ្កែ ព្រោះគាត់សំអាងថា”មានតែឆ្កែទេ ដែលមិនអាចស្ដាប់សំដីគាត់បាន ហើយប្រព្រឹត្តល្មើសដូច្នេះ”។
រឿងអាម៉ាស់មិនអាចបិទបាំងបាន 
ជាមួយរឿងគួរឲ្យតក់ស្លុតមួយនេះលោកគិតថា ជារឿងក្នុងគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចលាក់បាំងជិតបានដោយសារតែ អ្នកជិតខាងគេបានឭសំឡេង និងនាំគ្នាមកឈមើល ហើយមានមិត្តរួមថ្នាក់ខ្លះ បានសើចចំអកទៅវិញ មិនត្រឹមតែប៉ុណ្ណឹងទេ រឿងមួយនេះ ពួកគេបានផ្សព្វផ្សាយទៅកាន់មិត្តគ្រប់គ្នា របស់លោកនិងមិត្តរួមសាលាមានក្មេងខ្លះធ្វើត្រាប់តាមទៀតផង ធ្វើឲ្យលោកខ្មាសគេ ចង់សម្លាប់ខ្លួនម្ដងៗទៅហើយ ប៉ុន្តែមិនដាច់ចិត្ត។
សម្លាប់ខ្លួនជាទង្វើរបស់មនុស្សកំសាក 
ឆ្លងកាត់ពេលវេលាដ៏ជូរចត់មួយនេះ លោកបាក់ស្មារតីរហូតមិនដឹងធ្វើអ្វីបន្តទៀតលោកបានត្រឹមដឹក ឈឺចិត្តប៉ុណ្ណោះប៉ុន្តែលោកគិតថា បើសិនជាលោកស្លាប់ លោកមិនអាចស្តាកិត្តិយសដែលលោកបានបាត់បង់ឡើយ។ លោកបាននឹកឃើញពេលវេលាលោករៀនគួរ គណិតវិទ្យា ជាមួយគ្រូម្នាក់គាត់បានប្រាប់ពីការប្រលងយកអាហារូបករណ៍បាក់ឌុបនៅ ក្រៅប្រទេសមួយ។ សុភ័ក្ត្រ បានសម្រេចចិត្តមកភ្នំពេញ ដើម្បីដាក់ពាក្យប្រឡងយកអាហារូបករណ៍ដោយគ្មានក្ដីសង្ឃឹមអ្វី បន្តិចណាសោះ ថានឹងអាចទទួលបាន ព្រោះគិតថាខ្លួនឯង ជាអ្នកខេត្តក្រីក្រ សមត្ថភាពខ្សោយទាំងចំណេះទូទៅ និងចំណេះភាសាអង់គ្លេសក៏មានកម្រិតទាប។
លទ្ធផលមិនគួរឲ្យជឿ 
ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៥ នៅថ្ងៃបិទប្រកាសលទ្ធផលមុនកាលបរិច្ឆេទ សុភ័ក្ត្រមិនហ៊ានមើលទទួលលទ្ធផលទេ ព្រោះគ្មានសង្ឃឹមទាល់តែសោះ។ ពេលដែលលឺទូរស័ព្ទ របស់គណៈកម្មការអាហាររូបករណ៏ថា អ្នកជាប់ហើយ (ទៅរៀននៅប្រទេស ន័រវេស រយៈពេលពីរឆ្នាំ) ។ សុភ័ក្ត្រ បានរំលឹកថា ក្នុងអំឡុងពេលជិះឡានក្រុងត្រលប់ទៅស្រុកកំណើតវិញនោះ ដើម្បីសម្រាករង់ចាំកាលបរិច្ឆេទ ធ្វើដំណើរទៅក្រៅប្រទេស គឺអង្គុយមិនជាប់កៅអីទាល់តែសោះអារម្មណ៍បានហោះហើរ រកនិយាយមិនចេញ។
សកម្មភាពសាលប្រជុំរបស់សាលា RCNUWC Norway
រូបអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់នៅក្នុងថ្ងៃ វប្បធម៍អាស៊ី Norway

រាំគោះត្រលោក Christmas International Show Norway
បន្ទប់ស្នាក់នៅក្នុងសាលា RCNUWC Norway
កូនអ្នកក្រម្នាក់ឯងជិះយន្តហោះពីស្រុកខ្មែរដល់ស្រុកគេ 
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៥ គឺជាថ្ងៃចេញដំណើរបានមកដល់ ខុសពីការគិតរបស់លោកបន្តិចគឺខាងសាលាតម្រូវឲ្យលោកធ្វើដំណើរតែ ម្នាក់ឯង ព្រោះមានសំបុត្រតែ ១សន្លឹកប៉ុណ្ណោះ ព្រោះគេសម្អាងថា លោកអាចប្រឡងជាប់អាហារូបករណ៍ប្រាកដជាអាចមានសមត្ថភាពធ្វើបានហើយ។ អ្វីដែលជាជំរុញទឹកចិត្តរបស់លោកឲ្យហ៊ានចេញទៅក្រៅប្រទេសតែ ម្នាក់នោះ គឺការលើកទឹកចិត្តពីម្ដាយរបស់លោក ព្រោះវាជាបំណងប្រាថ្នារបស់គាត់ដែរ។
ភាពវាងវៃនាំទៅរកជោគជ័យ 
ចេញពីប្រទេសកម្ពុជាតាមជើងយន្តហោះដូចជាមិនមានបញ្ហាទេ ប៉ុន្តែពេលទៅដល់ប្រលានយន្តហោះនៅប្រទេសដាណឺម៉ាក ភ្លាមជាទីកន្លែងដែលត្រូវប្ដូរជើងយន្តហោះ ទៅកាន់ប្រទេសន័រវែស ទើបលោក មានអារម្មណថាប្លែក ព្រោះនៅទីនោះសុទ្ធតែបរទេសដែលយើងមិនអាចទាក់ទងបាន ពិតជាលំបាកព្រោះព្រលានយន្តហោះប្រទេសគេធំរញ៉េរញ៉ៃហើយត្រជាក់ ខ្លាំងទៀតផង ទើបធ្វើឲ្យលោកចាប់ផ្ដើមមានការបារម្ភខ្លាំងឡើងៗ តែជាសំណាងល្អ ភ្នែកលោកក៏រំពេចឃើញមនុស្សម្នាក់ពាក់អាវដូចគ្នា ពេលនោះក៏សាកសួរគេលមើល ទើបដឹងថា គេក៏ត្រូវទៅទីនោះដែរ ក៏សម្រេចទៅជាមួយគ្នាតែម្ដង។
មិនទៅទើបគួរឲ្យស្ដាយ 
អ្វីដែលលោកបានដឹងមុនគេ គឺ ប្រទេសន័រវែស ជាប្រទេសដែលមានជីវភាពរស់នៅខ្ពស់ជាងគេ រាល់ការចំណាយគឺមានតម្លៃថ្លៃបំផុត ប៉ុន្តែប្រទេសនេះគួរឲ្យចង់រស់នៅបំផុតផងដែរព្រោះមានទេសភាពស្អាត ស្រស់បំព្រង គួរឲ្យចង់គយគន់ជាមួយផ្លូវខ្ពង់រាបតំបន់ភ្នំគ្រប់ទីកន្លែង។
អង្គុយចំហមាត់ក្នុងថ្នាក់ព្រោះ ភាសាអង់គ្លេសខ្សោយពេក 
បើកបវេសនកាលដំបូងនៅសាលា RCNUWC (Red Cross Nordic United World College) ប្រទេសន័រវែស ជាថ្ងៃដ៏គួរឲ្យរីករាយបំផុត ព្រោះ សុភ័ក្ត្រ បានដឹងថា ថ្នាក់ដែលខ្លួនរៀនជាថ្នាក់អន្តរជាតិ ព្រោះមានសិស្សមកពីជាង ៩២ប្រទេសលើពិភពលោក ជាពិសេស គឺលោកផ្ទាល់ មានកិត្តិយសបានលើកទុងជាតិប្រទេសកម្ពុជានៅក្នុងសាលានោះ ហើយក៏ជាសិស្សជនជាតិខ្មែរទី១ ដែលបានចូលនៅរៀនសាលានេះផងដែរ។ ប៉ុន្តែអ្វីដែលលោកចងចាំជាងនេះ ទៅទៀតក៏ជាថ្ងៃដំបូងត្រូវនឹងម៉ោងទស្សនៈវិជ្ជាដែលបានអង្គុយចំហ មាត់ ស្ដាប់គេមិនយល់អ្វីបន្តិចណាសោះ ទាំងនេះដោយសារការធ្វេសប្រហែស មិនបានចូលរៀនវគ្គបំប៉ន ដែលគេបានផ្ដល់ឲ្យនៅប្រទេសកម្ពុជា ១ខែមុនចេញដំណើរ ។
ខិតខំរៀនមួយទ្វេជាពីទើបអាចរត់ទាន់គេ 
ស្ទើរតែបោះបង់ការសិក្សាចោលទៅហើយ ៦ខែដំបូង សុភ័ក្ត្រ បានប្រឹងប្រែងរៀនមួយជាពីរដើម្បីរត់ទាន់គេ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏លោកនៅតែយឺតជាងគេដដែល រហូតដល់វិស្សមកាល ទើបខាងសាលា បានបញ្ជូនលោកឲ្យចូលរៀនវគ្គបំប៉នម្ដងទៀត។ ដោយសារខ្លាចបាត់បង់ឱកាសរៀននៅក្រៅប្រទេស ក្នុងអំឡុងពេលនេះ លោកមិនបានធ្វើដំណើរកម្សាន្តឡើយ ក្រៅម៉ោងគឺសម្ងំរៀនតែម្នាក់ឯងនៅក្នុងបន្ទប់ធ្វើយ៉ាងឲ្យទាន់ គេ ដូចដែលបានគ្រោងទុកនៅថ្ងៃបើកបវេសនកាលវិញ លោក អាចរត់ទាន់គេយ៉ាងប្រផឹតប្រផើយ ប៉ុន្តែយ៉ាងណាក៏ដោយលោកបានខិតខំរៀនទាំងថ្ងៃទាំងយប់បន្ថែមទៀត ដើម្បីអាចធ្វើការទំនាក់ទំនងទៅមិត្តរួមថ្នាក់ដោយរលូន។
រាំរបាំត្រឡោកជាមួយនឹងជនជាតិថៃ ក្នុង International Student Show នៅ Middlebury College, U.S
តាំងពីពណ៍ស្នាដៃថតរូបបន្ទាប់ពីបានបញ្ចប់ការសិក្សារនៅ Middlebury College U.S
ពេលទៅបំពេញទស្សនកិច្ចសិក្សានៅ ទីក្រុង Amsterdam ប្រទេស ហុលឡង់
ពេលទៅបំពេញទស្សនកិច្ចសិក្សានៅទីក្រុង Paris ប្រទេស បារាំង
ជិះស្គីនៅប្រទេស Norway
សម្តែងរបៀបរាំអាមេរិកកាំង នៅ RCNUWC Norway
ជីវិតរាល់ថ្ងៃក្នុងអាកាសធាតុក្រោម -10ºC Middlebury College, U.S
រៀនចប់ ប្រឡងបានអាហារូបករណ៍១ទៀតភ្លាម
ឆ្នាំ២០០៧ លោកបានប្រឡងជាប់សញ្ញាប័ត្របាក់ឌុបអន្តរជាតិហើយ ដោយមានការណែនាំពីគ្រូនៅប្រទេសន័រវែស លោកមានជម្រើសពីរ គឺមកស្រុកខ្មែរវិញ និងចូលរួមប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររបស់សាកលវិទ្យាល័យ មួយនៅប្រទេសអាមេរិក។ ប៉ុន្តែគ្រូរបស់លោកបានប្រាប់លោកថា គ្មានសង្ឃឹមនោះទេ ព្រោះកម្រិតពិន្ទុរបស់លោកទាបនិងមាននិស្សិតច្រើនរយនាក់បានចូល ប្រឡងយកអាហារូបករណ៍នេះ ដោយសារជាសាលាល្បីអាមេរិក ប៉ុន្តែដោយទឹកចិត្តមោះមុត លោកបានសម្រេចចិត្តចូលរួមប្រឡងនឹងគេ។ លទ្ធផលគឺ លោក បានទទួលអាហាររូបករណ៍ នេះដោយក្ដីរីករាយបំផុតជាមួយគ្រូរបស់លោក។ លោក បានវិលត្រលប់មកប្រទេសកម្ពុជាជាមួយអ្នកស្ម័គ្រចិត្តពីរនាក់ដើម្បី ជួយបង្រៀនដល់កុមារក្រីក្រនៅខេត្ត បន្ទាយមានជ័យ និងដើម្បីរៀបចំឯកសារទៅសិក្សាបន្តនៅប្រទេសអាមេរិក។
រស់នៅអាមេរិក សូម្បីស្រមៃក៏មិនធ្លាប់ 
ដើមខែ៨ ឆ្នាំ២០០៧ លោកបានបន្តការសិក្សានៅប្រទេសអាមេរិក នៅសាកលវិទ្យាល័យ Middlebury College យកជំនាញ Philosophy & Art។ សុភ័ក្ត្របានរំលឹកថា មិនដែលស្រមៃថា បានទៅទាល់តែសោះ គ្រាន់តែមានមកដល់ទឹកដីអាមេរិកភ្លាម គឺហាក់មានអារម្មណ៍ខុសប្លែកពីប្រទេសន័រវែសដាច់តែម្ដង ត្រង់ថា ទឹកដីអាមេរិកមានជនជាតិស្ទើរតែជុំវិញពិភពលោកកំពុងរស់នៅ ហើយមានវប្បធម៌ចម្រុះជាតិសាសន៍ ពេលនោះ លោកមានអារម្មណ៍ហាក់ដូចជាខ្លួនឯងក៏ជាជនជាតិមួយហ្នឹងគេដែរ មិនមានអារម្មណ៍ថា ឯកកានោះ ដូចនៅប្រទេសន័រវែសនោះឡើយ។ ម្យ៉ាងទៀតមុខវិជ្ជារៀនសិស្សអាចជ្រើសរើសដោយខ្លួនឯងបាន។ នៅឆ្នាំដំបូង លោកជ្រើសរើសយកមុខវិជ្ជា វិទ្យាសាស្ត្រកុំព្យូទ័រ ប៉ុន្តែដោយសាររៀនមិនយល់ លោកបានប្ដូរមករៀនផ្នែកសិល្បៈថតរូប និង រចនាវិញ ដោយប្រព័ន្ធនៅទីនោះមិនឲ្យខាតឆ្នាំសិក្សាឡើយ។ អាចរាប់ថា ជាសំណាង និង មានឧបនិស្ស័យកាលពីវ័យកុមារចំពោះការថតរូបផង លោករើសបានកាមេរ៉ាហ្វ៊ីល ១ គ្រឿង ហើយបានថតលេងជាប្រចាំ ដោយសារមូលហេតុនេះហើយទើបចាប់យកជំនាញ អ្នកថតរូបអាជីពតែម្ដង។
ការងារត្រូវនឹងចំណូលចិត្ត 
ដោយសាកលវិទ្យាល័យផ្ដល់ឱកាសឲ្យលោកបានចាប់យកជំនាញពីរក្នុងពេលតែ ១គឺ ទស្សនៈវិទ្យា និង សិល្បៈថតរូប។ ដោយសារជាចំណង់ចំណូល ចិត្តរបស់លោកផ្ទាល់ក្នុងសិល្បៈថតរូប ដែលជាមុខជំនាញមួយផ្ដល់ឲ្យលោកនូវគំនិតថ្មី និងបង្កើតទិដ្ឋភាពថ្មីៗ រយៈពេល ៤ឆ្នាំនៅ សហរដ្ឋអាមេរិកហាក់បីដូចជាខ្លីខ្លាំងណាស់ ខណៈពេលដែលលោកបានខិតខំប្រឹងប្រែងធ្វើការជាបុគ្គលិកក្រៅម៉ោងឲ្យ សាលា ដើម្បីបានប្រាក់កម្រៃខ្លះសម្រាប់សិក្សា។ រៀនចប់ បានទទួលបរិញ្ញាបត្រហើយ លោកបានស្ម័គ្រចិត្តធ្វើការជាអ្នកថតរូបឲ្យសាលា និងទីភ្នាក់ងារព័ត៌មានអន្តរជាតិមួយ អស់រយៈពេល៨ខែ ទើបត្រលប់ស្រុកខ្មែរវិញ។
រងចាំទទួលបរិញ្ញាប័ត្រ្តផ្នែក សិល្បៈរូបថត Middlebury College U.S
ថ្លែងសុន្ទថរកាថាក្នុងពិធីចែកសញ្ញាប័ត្តបាក់ឌុបអន្តរជាតិ Norway
ពេលទទួលបរិញ្ញាប័ត្រ នៅសាកលវិទ្យាល័យ Middlebury College U.S
(រូបថត ដារ៉ា ឡោក)
មិត្តរួមថ្នាក់នៅ Middlebury College ដែលជាភ្នាក់ងារព័ត៌មានរបស់ BBC News World
៤៤ថ្ងៃជិះឡានកាត់៣០រដ្ឋរបស់អាមេរិក
អនុស្សាវរីយ៍ មួយដែលលោកមិនអាចបំភ្លេចបានមកទល់ពេលនេះគឺនៅវិស្សមកាលមួយនៃ ឆ្នាំសិក្សាទី២ សាកលវិទ្យាល័យបានរៀបចំឲ្យគ្រប់សិស្សទាំងអស់មានឪពុកម្ដាយចិញ្ចឹម នឹងជូនដើរលេងពេលនោះ គ្រួសារជនជាតិឡាវ១បានជ្រើសរើសយកលោកជាកូនធម៌ហើយបានប្រាប់លោក ពីគម្រោងធ្វើដំណើរកម្សាន្តដោយជិះរថយន្ត ឆ្លងពីព្រំដែនអាមេរិកម្ខាងទៅព្រំដែនម្ខាងទៀត កាត់៣០រដ្ឋ។ ពេលនោះលោកហាក់រារែកបន្តិចប៉ុន្តែដោយ ចិត្តចង់ស្គាល់អ្វីដែលថ្មី មិនចង់ធ្វើជាកង្កែបក្នុងអណ្ដូង ម្យ៉ាងវិញទៀតលោកនឹងរកចម្លើយមួយដើម្បីឆ្លើយនៅពេលដែលអ្នកនៅ ស្រុកខ្មែរ សួរថាសហរដ្ឋអាមេរិកយ៉ាងម៉េចនោះ។ លោកក៏បានសម្រេចចិត្តធ្វើដំណើរ ដោយបានចំណាយពេញ១វិស្សមកាលដំណើរកម្សាន្តតាមរមណីយដ្ឋាននិងទីក្រុង ជាច្រើនដូចជា៖ Yellow stone ,Grand Canyon ,Washington DC ,New York ដែលធ្វើឲ្យលោកបានដឹងអាមេរិកជាទឹកដីចម្រុះវប្បធម៌ជាតិសាសន៍និង មានអាកាសធាតុខុសគ្នា។
បច្ចុប្បន្នភាព
សព្វថ្ងៃ នេះទោះបីជាលោកឆេង សុភ័ក្ត្រ មិនទាន់បានក្លាយជាអ្នកមានទ្រព្យច្រើន ក៏ដោយ ប៉ុន្តែលោកបានក្លាយជាគ្រូបង្រៀនថតរូបដ៏ជំនាញម្នាក់ ដែលបានបើកវគ្គបំប៉នខ្លីៗដល់បុគ្គលិកក្រុមហ៊ុនមួយចំនួន ស្ដីពីការថតរូបបែបសារព័ត៌មាន និង ថតរូបបែបស្ថាបត្យកម្ម ដែលក្នុងមួយវគ្គខ្លី លោកបានទទួលកម្រៃពីការបង្រៀនមិនក្រោមពាន់ដុល្លារនោះទេ។លោក បានបង្កើតក្រុមការងារមួយ ក្រោមការគ្រប់គ្រងរបស់ស្ថានីយទូរទស្សន៍បាយ័ន គឺក្រុម I DO U DO។ ក្រុមលោកបានបង្កើតវីដេអូអប់រំដែលចូលរួមដោយ កញ្ញា មាស សុខសោភា លោក អៀង វិច្ឆ័យ អ្នកនាង ស្វៃ សុជាតា និង អ្នកនាង ព្រំ រដ្ឋាផងដែរ។ លោកសុភ័ក្ត្រគឺជាកាម៉េរ៉ាមេន ផ្ទាល់តែម្តង។ជាមួយគ្នានេះផងដែរដោយសារតែលោកធ្លាប់ជា ក្មេងម្នាក់ក្រីក្រមានការលំបាក ដូច្នេះពេលទំនេរក្រៅពីការងារលោកតែងតែឆ្លៀតចូលរួមការងារសង្គម ជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ផងដែរ។

ផែនការអនាគត 

លោក ឆេង សុភ័ក្ត្រ មានគម្រោងនឹងបើកសាលាបង្រៀនថតរូបអាជីព និង វិទ្យាសាស្ត្រ ឌីហ្សាញស្តង់ដារសហរដ្ឋអាមេរិក នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបណ្ដុះបណ្ដាលជំនាញនេះដល់យុវជនកម្ពុជាឲ្យមានសក្ដានុពល ដោយអញ្ជើញមិត្តភ័ក្ដិរបស់លោកពីសហរដ្ឋអាមេរិកមកជួយបង្រៀន។ ម្យ៉ាងទៀតនឹងយកថវិកាខ្លះបើកវគ្គបង្រៀនដល់ក្មេងក្រីក្រតាម សហគមន៍ផងដែរ។
បទពិសោធន៍ជីវិត 
«បទពិសោធន៍ជីវិតរបស់ខ្ញុំជួបភាគច្រើនគឺជារឿងជូរចត់ច្រើនក្នុង ជីវិត តាំងពីនៅវ័យកុមារស្ថិតនៅជុំរុំ ត្រូវបានគេឲ្យរត់កាត់ចម្ការមីន រឿងគួរឲ្យអស់សង្ឃឹម គឺខ្ញុំមានឪពុកជាយោធា ដែលមានវិន័យតឹងរ៉ឹង គាត់កាចពេករហូតដល់ខ្ញុំលែងចង់រស់ ប៉ុន្តែឆ្លងកាត់ពេលវេលាកន្លងទៅនេះ ខ្ញុំចាប់ផ្ដើមដឹងថា គាត់កាចព្រោះចង់ឲ្យ ខ្ញុំល្អតែប៉ុណ្ណោះ បើមិនមានថ្ងៃនោះ ម្ល៉េះសមនឹងមានថ្ងៃនេះ។ សរុប តាមបទពិសោធរបស់ខ្ញុំ គឺមានតែការតស៊ូអំណត់ព្យាយាមទេទើបអាចនាំឲ្យយើងទទួលបានជោគជ័យ ហើយគ្មានអ្វីដែលយើងមិនអាចទៅរួចដែរ ឲ្យតែយើងប្រឹងប្រែងអស់ពីសមត្ថភាព»។

No comments:

Post a Comment

yes