សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 24, 2012

រដ្ឋាភិបាល​កម្ពុជា​ត្រូវ​គិតគូរ​ពី​កង្វល់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​

រូបភាព​នានា​ ស្តីពី​កិច្ច​ប្រជុំអា​ស៊ាន​លើក​ទី២១ ​នៅក្នុង​ប្រទេស​កម្ពុជា​
ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចង់ឃើញ​ប្រទេស​កម្ពុជា​មានការ​កែទម្រង់​លើ​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ដំណើរការ​បោះឆ្នោត ។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​បែបនេះ​ក្នុងជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​កាលពី​ព្រលប់​ថ្ងៃ​ចន្ទ ទី​១៩ ខែវិច្ឆិកា ប៉ុន្ដែ​ត្រូវបាន​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ច្រានចោល​ចំពោះ​ការលើកឡើង​នោះ ។នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត ៣ ទសវត្សរ៍​ហើយ​រង​ការរិះគន់​ជុំ​ទិស​ពី​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​ធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ចុះខ្សោយ​បាន​ខិតខំ​ការពារ​មុខមាត់​រដ្ឋាភិបាល​របស់​ខ្លួន​នៅ​ចំពោះមុខ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​អះអាងថា ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុ​ជាមាន​លក្ខណៈ​ប្រសើរ​ជាង​ប្រទេសជិតខាង ។ ក៏ប៉ុន្ដែ​ក្រុមមន្ដ្រី​គណបក្សប្រឆាំង និង​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បានចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន ថា​ជា​លេស​បិទបាំង​ការពិតហើយ​អាច​នឹង​នាំឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ប្រឆាំងនឹង​សហគមន៍​អន្ដរជាតិ​យ៉ាង​គ្រោះថ្នាក់ ។​

        ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​បាន​អះអាងថា ទោះបី​ការជួប​រវាង​លោក​ប្រធានាធិបតី អូ​បា​ម៉ា ជាមួយ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន  ជា​លក្ខណៈ​ការទូត​យ៉ាងណាក៏ដោយ​តែ​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុ​ជា​ត្រូវតែ​ធ្វើតាម​ការចង់បាន​រប​ស់​សហរដ្ឋអាមេរិក​។ លោក កឹម សុខា បាន​លើកឡើងថា បើសិនជា​លោក ហ៊ុន សែន ចង់ឱ្យមាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​គាត់​ត្រូវតែ​ឆ្លើយតប​ដោយ​ដំណោះស្រាយ​មិនមែន​ឆ្លើយតប​ដូច​សព្វថ្ងៃ ឆ្លើយ​យករួចខ្លួន​តាមរបៀប​ដោះសា​នោះទេ ។ ចម្លើយ​របស់​នាយករ​ដ្ឋ​មន្ដ្រី ហ៊ុន សែន គឺជា​ចម្លើយ​ដោះសា​ព្រោះ​បញ្ហា​សិទ្ធិមនុស្ស​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​រឿង​ដែល​សហគមន៍​អន្ដរជាតិ និង​សហរដ្ឋអាមេរិក​បានដឹង​រួចទៅហើយ ។ លោក កឹម សុខា បាន​រំលឹក​នាយក​រដ្ឋ មន្ដ្រី ហ៊ុន សែន ពី​ភាសា​ការទូត​របស់​ប្រទេស​មហាអំណាច គឺ​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា មុនពេល​សហរដ្ឋអាមេរិក​អាច​ចាត់វិធានការ​ក្នុង​ជំហាន​បន្ទាប់​ចំពោះ​ប្រទេស​កម្ពុជា ។​
        ​ចំណែក​លោក យឹម សុវណ្ណ ជា​តំណាងរាស្ដ្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​លើកឡើងថា រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវតែ​គិតពិចារណា​អំពី​កង្វល់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​ប្រាថ្នា ចង់បាន​ការវិវត្ដន៍​លើ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ ក្នុងប្រទេស​កម្ពុជា ។ លោក យឹម សុវណ្ណ បាន​កត់សម្គាល់ថា “​ឥឡូវ នេះ​យើង​ជួប​ឧបសគ្គ​ជាច្រើន​ដោយសារ​មេដឹកនាំ​រដ្ឋាភិបាល​ហាក់ដូចជា មើលស្រាល​ចំពោះ​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ សហគមន៍ អន្ដរជាតិ និង​សហរដ្ឋអាមេរិក ។ ដូច្នេះ​បើ​យើង​ធ្វើ​អ្វីមួយ​ដែលមាន​ចរន្ដ ផ្ទុយ​ពី​ចរន្ដ​របស់​សហគមន៍​អន្ដរជាតិ ផ្ទុយ​ពី​ចរន្ដ​របស់​ប្រទេស​មហា​អំ ណា​ច និង​អង្គការសហប្រជាជាតិ​នោះ គឺ​ប្រទេស​កម្ពុជា​នឹង​ជួប​ឧបសគ្គ ទាំង​ផ្នែក​នយោបាយ ព្រមទាំង​សេដ្ឋកិច្ច​នាពេលខាងមុខ​” ។ ក្រុម​អ្នក សង្កេតការណ៍​ឯករាជ្យ បាន​យល់​ស្របតាម​ការលើកឡើង​របស់លោក យឹម សុវណ្ណ ផងដែរ ព្រោះ​រហូតមក​ដល់ពេលនេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនអាច​បិទបាំង​ការពិត​បានទេ ពាក់ព័ន្ធ​ទៅនឹង​ការដឹកនាំ មិន​ត្រឹមត្រូវ​របស់ខ្លួន ។ ដោយហេតុថា របាយការណ៍​របស់លោក សុ​រិ យា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​របាយការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស​អន្ដរ ជាតិ​ត្រូវបាន​គេ​ដឹង​ឮជា​សាធារណៈ​រួចទៅហើយ ។​
        ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​រដ្ឋាភិបាល​កម្ពុ​ជា​ដឹកនាំ​ដោយ​នាយក​រដ្ឋ មន្ដ្រី ហ៊ុន សែន កំពុងស្ថិត​ក្រោម​សម្ពាធ​ពី​អង្គការសហប្រជាជាតិ ពី សហគមន៍​អឺរ៉ុប ពី​សហរដ្ឋអាមេរិក ពី​អូស្ដ្រាលី និង​ពី​ប្រទេស​មួយចំនួន ក្នុង​សមាគម​អាស៊ាន ដើម្បីឱ្យ​កែទម្រង់​ការរំលោភ​សិទ្ធិ​មនុស្ស និង​ពង្រឹង លទ្ធិប្រជាធិបតេយ្យ ។ សម្ពាធ​របស់​សហគម​ន៍​អន្ដរជាតិ និង​សហរដ្ឋ អាមេរិក​បានទាមទារ​ឱ្យមាន​ការដោះលែង​អ្នកទោសនយោបាយ ដូចជា លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​អនុញ្ញាតឱ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុងការ​បោះឆ្នោតជាតិ​ឆ្នាំ ២០១៣​ខាងមុខ​ដោយ​គ្មាន​ការរំខាន ។ លើស​នេះ​ទៅទៀត​សហគមន៍ អន្ដរជាតិ និង​សហរដ្ឋអាមេរិក​ទាមទា​រ​ឱ្យមាន​ការកែទម្រង់​ប្រព័ន្ធ​បោះ ឆ្នោត ផ្លាស់ប្ដូរ​សមាសភាព​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត បញ្ឈប់​ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន ហើយ ត្រូវ​ផ្ដល់​ដំណោះស្រាយ​ឱ្យបាន​សមស្រប​តាមច្បាប់ ។ រឿង​ទាំងអស់នេះ ត្រូវបាន​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា លើក​ជា​ក្ដីបារម្ភ របស់លោក​ក្នុងពេល​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២ ។​
        ​ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះដែរ លោក ភី​ល រ៉ូបឺត​សុន នាយករង ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្ដរជាតិ​បានលើកឡើង ថា លោក ម៉ម សូណង់ដូ គួរ​ត្រូវ​ទទួល​ការលើកលែងទោស និង​ដោះ លែង​ឱ្យមាន​សេរីភាព​វិញ ចំណែក​លោក សម រង្ស៊ី គួរ​ត្រូវ​លើកលែង ទោស ហើយ​អនុញ្ញាតឱ្យ​វិល​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ក្នុង ការបោះឆ្នោត ព្រោះ​ករណី​ទាំងពីរ​នេះ​គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។ លោក ភី​ល រ៉ូបឺត​សុន បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​មន្ដ្រីជាន់ខ្ពស់​ក្នុង ជួរ​រដ្ឋាភិបាល​មួយចំនួន​ដែល​តែងតែ​ព្យាយាម​លាក់បាំង​ពាក់ព័ន្ធ​អំពើ​រំលោភ សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ។ លោក​បាន​ថ្លែងថា នាយក រដ្ឋមន្ដ្រី ហ៊ុន សែន និង​មន្ដ្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​អាច​បញ្ជា​ឱ្យ តុលាការ​វិនិច្ឆ័យ​ទោស​តាម​វិធី​ដែល​ពួកគេ​ចង់បាន ហើយ​តុលាការ​កម្ពុជា ប្រហែលជា​ស្ថិតក្នុង​លំដាប់​ដូចគ្នា នឹង​តុលាការ​ប្រទេស​យួន​ដែល​នៅ ក្រោម​បញ្ជា​របស់​បក្សកុម្មុយនិស្ដ ។ លោក ភី​ល រ៉ូបឺត​សុន បាន​សង្កត់ ធ្ងន់​ថា ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ទាក់ ទង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺជា​រឿង​សំខាន់​ណាស់ ហើយ កម្ពុជា​នឹងមាន​ការប៉ះទង្គិច​យ៉ាងខ្លាំង​ជាមួយ​សហគមន៍​អន្ដរជាតិ ។​
        ​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​បាន ផ្ដល់​ជា​អនុសាសន៍​ថា នៅក្នុង​ដំណាក់កាល​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរតែ​ទទួលយក​អនុសាសន៍​របស់​សហគម​ន៍​អន្ដរជាតិ អង្គការ​សហ ប្រជាជាតិ សហរដ្ឋអាមេរិក និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយចំនួន​ដែល ប្រាថ្នា​ចង់ឃើញ​មានការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង ប្រទេស​កម្ពុជា ។ បើ​មិន​ដូច្នេះ​ទេ រដ្ឋាភិបាល​លោក ហ៊ុន សែន អាច ប្រឈម​នឹង​ភាព​ឯកោ ប្រសិនបើ​ការបោះឆ្នោតជាតិ​អាណ​ត្ដិ​ទី​៥​ឆ្នាំ ២០១៣​ខាងមុខ​មិន​ប្រ​ព្រឹ​ត្ដទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌ ពិត ប្រាកដ​ទេនោះ ។ មានន័យថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ឆ្លើយតប​នឹង​កង្វល់ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ហើយ​ធ្វើការ​កែទម្រង់​ជាបន្ទាន់ ទៅលើ​បញ្ហា​គោរព​សិទ្ធិមនុស្ស ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការ រៀបចំ​បោះឆ្នោតឱ្យ​ប្រសើរ​ជាង​មុន និង​បញ្ឈប់​ការបណ្ដេញ​ប្រជា​ពល រដ្ឋ​ចេញពី​ដីធ្លី​ដោយ​ពុំមាន​សំណង​សមរម្យ ។ ក្រុមអ្នកវិភាគ​ស្ថានការណ៍ បាន​លើកឡើងថា នៅ​ទីបញ្ចប់​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ប្រឈម សម្ពាធ​ពី​សហគមន៍​អន្ដរជាតិ​កាន់តែខ្លាំង ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​មានះ​ទទឹងទទែង​ដូច​បច្ចុប្បន្ន ហើយ​មិន​ព្រម​ទទួលយក​នូវ​អ្វីដែល ជាការ​រិះគន់​ពី​សហគមន៍​អន្ដរជាតិ៕

No comments:

Post a Comment

yes