ផ្លូវនៅតំបន់ថារឡា មីយ៉ាន់ម៉ា ត្រូវបានបំផ្លាញដោយរញ្ជួយដី កាលថ្ងៃទី២៥ មីនា ២០១១
ក្រុងយ៉ាំងហ្គោនៈរញ្ជួយដីដ៏ធំមួយ បានវាយប្រហារភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យក្បែរក្រុងម៉ាន់ដាឡេ ជាក្រុងធំបំផុតទីពីរប៉ុន្តែរបាយការណ៍ជាច្រើន បានលើកឡើងថា ការខូចខាតមានកម្រិត ហើយមនុស្ស១៣នាក់បានស្លាប់និង៤០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខណៈកម្មករសំណង់ជាច្រើន កំពុងបាត់ខ្លួនក៏ដោយ។
ការស្ទង់ភូគព្ភសាស្ត្រអាមេរិក បាននិយាយថារញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ បានវាយប្រហារក្នុង ចម្ងាយប្រមាណ៦០គ.មភាគពាយព្យនៃក្រុងម៉ាន់ដាឡេ។ រញ្ជួយដីនេះមានជម្រៅរាក់គួរសម គឺប្រមាណ១០គ.មក្រោមដី។
អ្នកស្រុក បាននិយាយតាមទូរស័ព្ទថា៖«ខ្ញុំមិនដែលជួបរញ្ជួយដីខ្លាំងដូច្នេះទេ។ ខ្ញុំក៏បានឮសំឡេងខ្លាំងខ្លះហើយអគ្គិសនីបានដាច់និងពុំបានដឹងពីការខូចខាតទេ»។
រលករញ្ជួយខ្លាំងៗជាបន្តជាច្រើន បានវាយប្រហារតំបន់នេះ ប៉ុន្តែពុំមានរបាយការណ៍ពីការខូចខាតធ្ងន់ធ្ងរនៅក្រុងម៉ាន់ដាឡេទេ។
អ្នកក្រុងបាងកក ប្រទេសថៃនៅជិតខាង ក៏មានអារម្មណ៍ថាមានរញ្ជួយដីដែរ។
មន្រ្តីនៃនាយកដ្ឋានឧតុនិយមក្រុងម៉ាន់ដាឡេបាននិយាយថាចំណុចកណ្តាលនៃរញ្ជួយដីគឺនៅក្បែរទីប្រជុំជនស្វេបូ និងបានវាយប្រហារនៅវេលាម៉ោង៧និង៤១នាទីព្រឹក។
ប្រព័ន្ធឃោសនាក្នុងស្រុក បាននិយាយថា ស្ពានមួយដែលសង់បានពាក់កណ្តាលឆ្លងទន្លេអ៊ីរ៉ាវ៉ាឌីចន្លោះខ្យូកម្យុងនិងស៊ីងគូ បានបាក់រលំ។
មន្រ្តីប៉ូលិសម្នាក់មជ្ឈមណ្ឌលរដ្ឋបាលនៅតំបន់ស្វេបូ បាននិយាយថា មនុស្សបីនាក់បានស្លាប់ ហើយ១០នាក់ផ្សេងទៀត បានរងរបួសនៅខ្យូកម្យុង។
មន្រ្តីរូបនេះ បានប្រាប់រ៉យទ័រថា៖
«ផ្ទះមួយខ្នង បានដួលរលំនៅ ខ្យូកម្យុង។ស្ពាន រ៉ាដាណា ធីងហ្គា ដែលគេកំពុងសាងសង់នៅពីលើទន្លេនេះ រងការខូចខាតយ៉ាងដំណំ។ ធ្នឹមដែកថែបធំមួយ បានបាក់ធ្លាក់ចូលទៅក្នុងទន្លេ ហើយកម្មករ៥នាក់ កំពុងបាត់ខ្លួន»។
មន្រ្តីប៉ូលិសម្នាក់នៅសង្កាត់ ស៊ីងហ្គូទល់មុខតំបន់ខ្យូកម្យុងត្រើយខាងកើតទន្លេអ៊ីរ៉ាវ៉ាឌី បានប្រាប់រ៉យទ័រថា មនុស្ស៦នាក់ បានស្លាប់នៅទីនោះ ហើយ៩នាក់ទៀត បានរងរបួសដោយសាររញ្ជួយដីនេះ។
មន្រ្តីប៉ូលិសរូបនេះ បានបញ្ជាក់ថា៖ «អ្នកដែលត្រូវរបួស មិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ។ យើងកំពុងឃ្លាំមើលការខូចខាត និងការស្លាប់និងរបួសក្នុងតំបន់នេះ»។
ទូរទស្សន៍រដ្ឋឧបករណ៍សម្រាប់សេចក្តីថ្លែងការណ៍រដ្ឋាភិបាលនៅមីយ៉ាន់ម៉ានិងកាសែតរដ្ឋជាច្រើនបានផ្តល់របាយការណ៍ពីរញ្ជួយដីដែលមិនបានរៀបរាប់ពីអ្នកស្លាប់និងរបួសឬការខូចខាតទេ។
ប្រព័ន្ធឃោសនាក្នុងស្រុក បានរាយការណ៍ពីការខូចខាតបន្តិចបន្តួចនៅតំបន់ជាច្រើននៅក្រុងម៉ាន់ដាឡេដែលជាទីប្រជុំជនពេញនិយមសម្រាប់ភ្ញៀវទេសចរ បរទេស«អាម៉ារ៉ាពូរ៉ា» ដោយមានអារាមច្រើននិងស្ពានឈើម៉ៃសាក់វែងបំផុតនៅក្នុងពិភពលោក។ប្រព័ន្ធឃោសនានោះ បាន និយាយថា វត្តជាច្រើន ក៏បានរងការខូចខាតផងដែរ៕
No comments:
Post a Comment
yes