សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 12, 2012

ពៅ បញ្ញាពេជ្រ មក​ដល់​កម្ពុជា!

121112_20b
តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ ត្រូវ​គេ​គៀប​ដាក់​ឲ្យ​ឈរ​តាម​ក្បួន​ពេទ្យ

ភ្នំពេញៈ តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ ដែល​បាន​ជួល​ផ្ទះ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ក្រោយ​ខ្មាន់​កាំភ្លើង​បាញ់​ឲ្យ​ធ្លាក់​ខ្លួន​ពិការ​អស់​រយៈ​ពេល​៧​ឆ្នាំ​ នោះ បាន​វិល​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ខណៈ​ដែល​នាង និង​គ្រួសារ​អស់​លទ្ធភាព​បន្ត​ការ​ព្យាបាល ហើយ​របួស​របស់​នាង​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​។
ក្រោយ​តាំង​ចិត្ត​ និង​សង្ឃឹម​ថា មក​ស្រុក​ខ្មែរ​មិន​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​រូប​នាង ពៅ បញ្ញា​ពេជ្រ បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​នឹង​ភ្នំពេញ ប៉ុស្តិ៍ ជុំ​វិញ​រឿង​រ៉ាវ​អតីត​កាល និង​ពេល​បច្ចុប្បន្ន។
តើ ពេជ្រ មក​ដល់​ស្រុក​ខ្មែរ​យើង​រយៈ​ពេល​ប៉ុន្មាន​ហើយ​?
ពេជ្រៈ ខ្ញុំ​ហត់​ណាស់​បង អង្គុយ​អត់​បាន​យូរ​អ៊ីចឹង​ណា​បង​! ខ្ញុំ​មក​ស្រុក​ខ្មែរ​ពីរ​ខែ​ជាង​ហើយ​បង តាំង​ពី​បង​សម្ភាស​ខ្ញុំ​មុន​ម្ល៉េះ ខ្ញុំ​មក​ដល់​ហើយ​តែ​អត់​បាន​ប្រាប់​បង និយាយ​ទៅ​គឺ​យើង​ទើប​មក​ដល់​អ៊ីចឹង​សុខភាព​មិន​សូវ​ល្អ ខ្សោយ បើ​យើង​ប្រាប់​ទៅ​ក្រែង​លោ​គាត់​សុំ​សម្ភាស​អី​ទៅ​ខ្ញុំ​ហត់​ឆ្លើយ​មិន​កើត បដិសេធ​ទៅ​គាត់​ខឹង​អ៊ីចឹង​បង​! យើង​មិន​ដូច​អ្នក​ជា​ទេ​ណា​បង យើង​អ្នក​ជំងឺ។

តើ ពេជ្រ ត្រឡប់​មក​ពី​ប្រទេស​ណា​ អាច​បញ្ជាក់​ម្តង​ទៀត​បាន​ទេ​?
ខ្ញុំ​មក​ពី​ថៃ​។ ពេល​គ្រោះ​ថ្នាក់​យើង​ទៅ​វៀតណាម ហើយ​ក្រោយ​មក​ទៅ​ថៃ នៅ​ថៃ​ហ្នឹង​យើង​នៅ​បាន​យូរ​ជាង​គេ។
ហេតុ​អ្វី​បាន​ជា ពេជ្រ និង​ក្រុម​គ្រួសារ សម្រេច​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​?
ការ មក​ស្រុក​ខ្មែរ​ព្រោះ​យើង​អស់​លុយ​ព្យាបាល។ យើង​ខ្វះ​ខាត យើង​ឈឺ​ពេក គ្មាន​ធនធាន​លុយ​កាក់​ចូល​ពេទ្យ​ញឹក​ទេ។ ឈឺ​ហើយ បើ​យើង​មិន​ទៅ​ពេទ្យ​មាន​តែ​ស្លាប់ ទៅ​ពេទ្យ​អ៊ីចឹង​ យើង​ត្រូវ​ចំណាយ​លុយ ជា​បញ្ហា​បច្ចុប្បន្ន និង​ខាង​មុខ​របស់​យើង​។ នៅ​ស្រុក​គេ​យើង​ចំណាយ​ច្រើន ហើយ​មក​ផ្ទះ​យើង​ យើង​ចំណាយ​តិច​ជាង​ ព្រោះ​យើង​មាន​ផ្ទះ​ស្រាប់ យើង​ចង់​ធ្វើ​អី​យើង​មាន​សព្វ​គ្រប់​មិន​សូវ​ចំណាយ​ច្រើន​ទេ។ បើ​យើង​នៅ​ខ្មែរ​នេះ​យើង​ចំណាយ​តែ​សម្រាប់​ទី១ ពេទ្យ ទី២ ការ​ធ្វើ​លំហាត់​ប្រាណ​រាង​កាយ​បែប​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ ហើយ​យើង​អត់​ស្រួល​យើង​អាច​ទៅ​ពេទ្យ​បាន ពេទ្យ​ដែល​ខ្ញុំ​សម្រាក​ព្យាបាល​នៅ​ថៃ​ហ្នឹង​មាន​ឈ្មោះ​ថា មន្ទីរ​សម្រាក​ព្យាបាល ខេមា ហើយ​ដុកទ័រ​ដែល​គាត់​មើល​ខ្ញុំ​ហ្នឹង គាត់​ដុកទ័រ​មក​ពី​បារាំង​ គាត់​ឈ្មោះ សោម លក្ខិណា គាត់​ខ្មែរ​តែ​មក​ពី​បារាំង ជំងឺ​ខ្ញុំ​គាត់​មើល​គាត់​ដឹង​ទាំង​អស់ ហើយ​ពេទ្យ​នោះ​មាន​ពេទ្យ​បរទេស​ច្រើន​ ហើយ​បើ​យើង​មាន​បញ្ហា​អាច​ទាក់​ទង​គាត់​បាន​។ បើ​យើង​ឈឺ​គឺ​ត្រូវ​ទៅ​ពេទ្យ ហើយ​ថ្នាំ​នោះ​គឺ​ថ្លៃ​ អាធម្មតា​ប្រើ​លែង​កើត​ហើយ វា​ដូច​ជា​ស៊ាំ ថ្នាំ​ហ្នឹង​ថ្លៃ​ខ្លាំង​ណាស់​ ហើយ​បើ​យើង​មិន​ចាក់​ វា​អត់​បាត់​ឈឺ​ វា​រលាក។
បើ​មក​ហើយ តើ​ពេជ្រ​នឹង​ត្រឡប់​ទៅ​វិញ​ទេ? តើ​បាន​ថ្នាំ​ឯ​ណា​ព្យាបាល?
ពេល មក​ស្រុក​ខ្មែរ​នេះ ខ្ញុំ​ឈប់​ទៅ​ថៃ​វិញ​ហើយ។ រឿង​ថ្នាំ​អីហ្នឹង លោក​គ្រូ​ពេទ្យ​នៅ​ទីហ្នឹង គាត់​អាច​កុម្ម៉ង់​ឲ្យ​យើង​បាន ត្រូវ​ការ​របស់​អី​ដែល​ស្រុក​ខ្មែរ​យើង​អត់​មាន ខាង​មន្ទីរ​ពេទ្យ​ហ្នឹង​គេ​កុម្ម៉ង់​ឲ្យ​យើង​បាន​។
តើ​ការ​ត្រឡប់​មក​ស្រុក​នេះ​តាម​មធ្យោបាយ​អ្វី? ដោយ​របៀប​ណា​?
ខ្ញុំ ​មក​តាម​ឡាន​ណា​បង​! ព្រោះ​យើង​មាន​អីវ៉ាន់​ច្រើន យើង​ដឹក​តាម​ឡាន​បាន​អស់ ដូច​តុ​អ្នក​ជំងឺ​យើង​អីហ្នឹង​មិន​អាច​ដឹក​តាម​យន្ត​ហោះ​បាន​ទេ​បង​។ ដំណើរ​មក​ហ្នឹង​វេទនា​ចង់​អី ខ្ញុំ​ធ្វើ​ដំណើរ​តាម​ឡាន​យូរ​ពេក​ខ្ញុំ​ពិបាក​ណាស់ បង​ប្អូន​គេ​ភ័យ​គ្រប់​គ្នា បារម្ភ​សុវត្ថិ​ភាព​យើង​ផង នៅ​តាម​ផ្លូវ​យូរ​ខ្លាច​មិន​ស្រួល​។
យើង​ម៉ៅ​ឡាន​ឈ្នួល​អាវីហ្គោ ពី​បាង​កក​មក​តែ​ម្តង យើង​មក​តាម​ច្រក​កោះ​កុង ពេល​មក​ដល់​ស្រុក​ខ្មែរ​មាន​បង​ប្អូន​មក​ទទួល​អ៊ីចឹង​ទៅ។
ពេជ្រ ឃ្លាត​ពី​ស្រុក​ខ្មែរ​ជា​ច្រើន​ឆ្នាំ ចុះ​ពេល​មក​ដល់​វិញ​ភ្លាម​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​? ភ័យ​រឿង​សុវត្ថិភាព​ទេ?
ខ្ញុំ មាន​អារម្មណ៍​ថា​ស្រុក​យើង​ប្លែក​ខុស​ពី​មុន​ ស្រុក​យើង​ល្អ​ជាង​មុន ខ្ញុំ​ឃើញ​ថា ស្រុក​យើង​មាន​ពេទ្យ​ល្អ​ៗ​ច្រើន​ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​មក​នោះ​ ហើយ​រឿង​សុវត្ថិ​ភាព​វិញ ខ្ញុំ​គិត​ថា ខ្ញុំ​អត់​មាន​បារម្ភ​អីទេ​បង ខ្ញុំ​គិត​ថា គេ​មិន​ធ្វើ​បាប​ខ្ញុំ​អីទៀត​ទេ​បង​អើយ។ ដោយ​ឡែក​ខាង​ប៉ូលិស​អី​គេ​ដឹង​អស់​ហើយ​បង មិន​មែន​គេ​មិន​ដឹង​ទេ ខាង​សង្កាត់​អី​គេ​ដឹង​ថា ខ្ញុំ​មក​ស្រុក​ខ្មែរ​ហើយ គឺ​ខ្ញុំ​មក​មិន​​បាន​លាក់​អាថ៌​កំបាំង​អី​ទេ ព្រោះ​យូរ​ឆាប់​គេ​គង់​តែ​ដឹង​ដដែល​។ ពេល​យើង​មក​ដល់​ស្រុក​ខ្មែរ​យើង​ សប្បាយ បាន​ជួប​មុខ​ម្តាយ បង​ប្អូន ហើយ​បាន​មើល​កម្ម​វិធី​ទូរទស្សន៍​ស្រុក​ខ្មែរ​យើង​អ៊ីចឹង​ទៅ​ណា​បង​ បាន​បន្លប់​ខ្លះ យើង​ងាក​ឆ្វេង​ស្តាំ​ទៅ​និយាយ​ភាសា​ខ្មែរ​អី​ទៅ​ស្រួល​ណាស់​។
ក្រោយ​វិល ត្រឡប់ តើ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​បាញ់​ប្រហារ​មក​លើ​ ពេជ្រ ​អ៊ីចឹង តើ​មាន​បាន​ប្តឹង​ប្តល់​បន្ត​ទេ​? ហើយ​តាំង​ពី​មក​ដល់​ មាន​គេ​គំរាម​ទេ?
ខ្ញុំ ​អត់​និយាយ​រឿង​បញ្ហា​ប្តឹង​តវ៉ា​ទៀត​ទេ។ សំខាន់​ខ្ញុំ​អត់​ស្រួល​ខ្លួន​ ខ្ញុំ​ត្រូវ​គិត​ពី​សុខ​ភាព​ខ្ញុំ​សិន ខ្ញុំ​អត់​ចង់​និយាយ​ទេ​រឿង​ហ្នឹង​បង​! ធ្វើ​ម៉េច​ឲ្យ​សុខភាព​ខ្ញុំ​ស្រួល ខ្ញុំ​មាន​លុយ​មើល​ជំងឺ​ទៅ​បាន​ហើយ យើង​គិត​មួយ​ដំណាក់​ម្តង​ៗ​សិន​។ ម្យ៉ាង​ខាង​បង​ៗ​ប៉ូលិស​សង្កាត់​អី​គេ​បាន​ដឹង​ឮ​អស់​ហើយ​ថា យើង​ត្រឡប់​មក​វិញ។ និយាយ​ទៅ​ដូច​ជា​ស្ងប់ស្ងាត់​គ្មាន​រឿង​អី​ទេ​។
តើ​ស្ថាន​ភាព​ជំងឺ​បច្ចុប្បន្ន​យ៉ាង​ម៉េច​ដែរ?
បញ្ហា ​ហ្នឹង វា​ទាក់ទង​នឹង​ខួរ​ឆ្អឹង​ខ្នង​ ទី​១​សរសៃ​យើង​មិន​ទាន់​ដុះ កាល​ណា​សរសៃ​យើង​មិន​ទាន់​ដុះ​ជាប់​គ្នា វា​មិន​អាច​ធ្វើ​ឲ្យ​ខួរ​ឆ្អឹង​យើង​ហូរ​ចុះ​ម៉ោ​ទេ​ កាល​ណា​ខួរ​ឆ្អឹង​ហូរ​ចុះ​មក​ ទើប​វា​ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​អាច​បញ្ជា​ធ្វើ​អី​បាន ដោយ​សារ​វា​អត់​មាន​ខួរ​អ៊ីចឹង​ វា​អត់​អាច​ធ្វើ​អី​បាន​ទេ​។ ជើង​យើង​ធម្មតា​អត់​មាន​ងាប់​ទេ​បង វា​នៅ​មាន​ឈាម​រត់​ចុះ​រត់​ឡើង​ មាន​អ្វី​ទាំង​អស់ គ្រាន់​តែ​យើង​អត់​អាច​បញ្ជា​វា​ឲ្យ​កម្រើក​បាន​ទេ បញ្ជា​បត់​ជើង​តូច​ធំ​អត់​បាន​។
(សុំ​ទោស)​ចុះ​បើ​បញ្ជា​មិន​បាន ពេល​យើង​បត់​ជើង​តូច​ធំ យើង​ធ្វើ​យ៉ាង​ម៉េច?
ពេទ្យ ​គេ​មាន​វិធី​របស់​គេ មិន​អាច​មក​ផ្តេស​ផ្តាស​បាន​​ទេ អាហ្នឹង​(ការ​បត់​ជើង​តូច​ធំ​)​គេ​មាន​ការ​កំណត់​ត្រឹម​ត្រូវ​ និយាយ​ទៅ​វា​មិន​ដូច​អ្នក​ស្លាប់​ដៃ​ជើង​ចេះ​តែ​ម៉ៅ​តែ​ផ្តេសផ្តាស​ទេ​បង​ គ្រាន់​តែ​សុខភាព​យើង​ ជើង​ហ្នឹង​មិន​អាច​កំណត់​បញ្ជា​បាន​ទេ តែ​កន្លែង​ផ្សេង​ៗ​យើង​អាច​កំណត់​បាន​។
មុន​នេះ​គេ​ថា ស្រុក​ចិន​ជា​ក្តី​សង្ឃឹម​នៃ​ការ​ជា​សះ​ស្បើយ​ជំងឺ​របស់​ពេជ្រ តើ​ឥឡូវ​គម្រោង​ទៅ​​ព្យាបាល​នៅ​ស្រុក​ចិន​ហ្នឹង​យ៉ាង​ម៉េច​ហើយ​?
ឥឡូវ​ ហ្នឹង​ គេ​មាន​ការ​ព្យាបាល​ដូច​ខ្ញុំ​ប្រាប់​អ៊ីចឹង​ គឺ​ការ​ព្យាបាល​ចលនា​ដោយ​ការ​ហាត់​ប្រាណ រីក​ចម្រើន​ខ្លាំង យើង​ត្រូវ​ឈរ​មួយ​ថ្ងៃ​រឹប​ខ្លួន​ ក្នុង​មួយ​ថ្ងៃ​ឈរ​មួយ​ម៉ោង​ដោយ​កៀប​យើង​ឲ្យ​ឈរ​កុំ​ឲ្យ​ជើង​យើង​វា​ស្វិត ឲ្យ​សរសៃ​ឈាម​យើង​រត់​ស្រួល ហើយ​កុំ​ឲ្យ​ហើម​ដៃ​ជើង​អ៊ីចឹង​បង វា​ធ្វើ​ឲ្យ​យើង​រីក​ចម្រើន​រឹង​មាំ​ណាស់​ កុំ​ឲ្យ​យើង​វិល​មុខ​។ រឿង​ទៅ​ចិន​អីហ្នឹង យើង​មិន​ទាន់​គិត​ទេ ឥឡូវ​យើង​គិត​មួយ​ដំណើរ​សិន​ ចាំ​មាន​លុយ​ចាំ​គិត​ទៀត​។
ពេជ្រ ស្ថិត​ក្នុង​ស្ថានភាព​ជា​អ្នក​ជំងឺ​បែប​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ តើ​មាន​សង្ឃឹម​បាន​ជា​សះ​ស្បើយ​ទេ​?
យើង ​មិន​និយាយ​ថា​មាន​សង្ឃឹម តែ​ក៏​មិន​អស់​សង្ឃឹម​ដែរ ពាក្យ​ស្លោក​មួយ​និយាយ​ថា «​បើ​យើង​មិន​ទាន់​ដាច់​ខ្យល់​ងាប់​ យើង​នៅ​តែ​មាន​សង្ឃឹម​» លុះ​ត្រា​តែ​ដង្ហើម​យើង​ឈប់​ដក​បាន​ខ្ញុំ​អស់​សង្ឃឹម​ បើ​ខ្ញុំ​នៅ​មាន​ដង្ហើម​ខ្ញុំ​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ការ​តស៊ូ​។ សំខាន់​ឲ្យ​តែ​មាន​លុយ​មើល​ជំងឺ ខ្ញុំ​ចេះ​តែ​មាន​កម្លាំង​ចិត្ត​ហើយ ខ្ញុំ​បាក់​ទឹក​ចិត្ត​ខ្លះ​ៗ​ហ្នឹង ដោយ​សារ​ខ្ញុំ​គ្មាន​លុយ ខ្ញុំ​ខ្លាច​ពេល​ខ្ញុំ​ឈឺ​ទៅ​ ខ្ញុំ​អត់​លុយ​ចូល​ពេទ្យ ខ្ញុំ​ពិបាក​ត្រង់​ហ្នឹង​។
តើ​ពេល​នេះ ក្រុម​គ្រួសារ​របស់ ពេជ្រ ជា​អ្នក​រ៉ាប់​រង​ការ​ព្យាបាល​ទាំង​អស់ ឬ​ក៏​មាន​ខាង​ណា​គេ​ជួយ​ខ្លះ​ៗ​ដែរ​?
ឥឡូវ ​ហ្នឹង​តាំង​ពី​យើង​មក​ដល់​ស្រុក​ខ្មែរ អត់​ទាន់​មាន​ខាង​ណា​ជួយ​ជំនួយ​អី​ទេ គ្រាន់​តែ​ខាង​បង​ សុះ ម៉ាច ខាង​សមាគម​សិល្បករ​ហ្នឹង​បាន​ប្រកូក​ប្រកាស​សិល្បៈ​យើង​ហ្នឹង​ម្នាក់​ បន្តិច​ៗ​ និង​ខាង​មូល​និធិ​បង សូដា នីតា ក៏​គាត់​បាន​ជួយ​ខ្លះ​ដែរ​។ គ្រាន់​តែ​យើង​មិន​ទាន់​ទទួល​ជំនួយ​អី​ធំ​ទេ​ណា​បង យើង​ចាំ​មើល​សិន​ទៅ​ណា​បង​ គេ​កំពុង​ជួយ​ប្រកាស​ព័ត៌​មាន​ឲ្យ​យើង​ហើយ​។
រំឭក​ដល់​ពេល​ដែល​ពេជ្រ រស់​នៅ​ប្រទេស​ថៃ​ តើ​បាន​អ្នក​ណា​ជួយ​មើល​ថែ​?
ម៉ាក់ ​ខ្ញុំ​ គាត់​នៅ​ស្រុក​ខ្មែរ ការ​មើល​ថែ​នៅ​ទីនោះ​ មាន​បង​ប្រុស​ខ្ញុំ​បង្កើត និង​ប្អូន​ស្រី​ជីដូន​មួយ​ជួយ​មើល​ជំងឺ​ខ្ញុំ ហើយ​យូរ​ៗ​បង​ស្រី​គាត់​ឡើង​ចុះ​ម្តង​ម្កាល​គាត់​យក​លុយ​យក​អី​ទៅ​ឲ្យ​ហ្នឹង ។ តែ​ឥឡូវ​ហ្នឹង​ខ្ញុំ​នៅ​ផ្ទះ ខ្ញុំ​ទើប​តែ​ចេញ​ពី​ពេទ្យ​មក​ទេ​ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជាង​មុន​។
ជា​ចុង​ក្រោយ តើ​ ពេជ្រ មាន​ពាក្យ​ពេចន៍​អ្វី​និយាយ​?
បើ ​មាន​បង​ប្អូន​ការងារ​រដ្ឋ​ ឯកជន​អី​គាត់​ជួយ​ក៏​យើង​បាន​បន្ត​ការ​ព្យាបាល​អ៊ីចឹង​ទៅ​ណា​បង​។ តិច​ក្តី​ច្រើន​ក្តី​គឺ​តាម​ហ្នឹង​ទៅ​ណា​បង ព្រោះ​អ្នក​ខ្លះ​គាត់​ចង់​ជួយ​យើង​តែ​គាត់​មាន​លទ្ធ​ភាព​តិច​ពេក គាត់​មិន​ហ៊ាន​។ មិន​អ៊ីចឹង​ទេ​ណា​បង តាម​លទ្ធ​ភាព​ តាម​សទ្ធា​គាត់​។ ខ្ញុំ​ចេះ​តែ​នឹក​ឃើញ​រឿង​មួយ​ណា​បង យូរ​ ឬ​ឆាប់​វា​គង់​បាន​សម្រេច​ ត្រូវ​ប្រឹង​ត​ទៅ​ទៀត​។
គួរ​បញ្ជាក់​ថា ខណៈ​ពេល​​កំពុង​តែ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ជា​ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា​លើ​ វិថី​តារា និង​កំពុង​លេច​ចេញ​នូវ​សម្រស់​កាន់​តែ​ក្មេង​ខ្ចី​ តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្ត​សញ្ញាណ​បាញ់​ប្រហារ​មក​លើ​រូប​ នាង​យ៉ាវ​សាហាវ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧ នៅ​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក​នៅ​មុខ​សាលា​ភាសា​បរទេស​មួយ ក្បែរ​របង​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាម​ពល បណ្តាល​ឲ្យ​តារា​រូប​នេះ​ទទួល​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ និង​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ចុង​ក្រោយ​បន្ត​ទៅ​ប្រទេស​ថៃ ហើយ​នៅ​ពេល​នេះ​នាង​បាន​វិលមក​កម្ពុជា​វិញ​ហើយ៕

No comments:

Post a Comment

yes