ប្រធានាធិបតីសហរដ្ឋអាមេរិក បារាក់ អូបាម៉ា (Barack Obama) (ឆ្វេង)
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១ នៅប្រទេសសិង្ហបុរី ឆ្នាំ២០០៩
អ្នកនាំពាក្យរដ្ឋាភិបាលឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នឹងអញ្ជើញចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា ដើម្បីជួបមេដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំង ១០ ពិភាក្សាលើកិច្ចការផ្សេងៗ។
ក្រៅពីនោះ លោកអាចនឹងជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសកម្ពុជា ទ្វេភាគី ដើម្បីជជែកពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការពង្រឹងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងបញ្ហាផ្សេងៗទៀត។
មន្ត្រីនាំពាក្យរដ្ឋាភិបាលឲ្យដឹងនៅថ្ងៃទី១១ វិច្ឆិកា ថា កិច្ចការពាណិជ្ជកម្ម គឺជាការងារដ៏ចម្បងមួយដែលត្រូវបញ្ចូលក្នុងរបៀបវារៈនៃជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រ ហ៊ុន សែន និងលោក បារ៉ាក់ អូបាម៉ា។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូលរួមប្រជុំកំពូលអាស៊ាន គឺផ្ដោតសំខាន់លើកិច្ចការពីរយ៉ាង។ ទី១ ពង្រឹងទំនាក់ទំនងការទូត និងទី២ បង្កើន និងពង្រីកវិស័យពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ជាមួយប្រទេសសមាជិកអាស៊ានទាំង១០។
ក្រៅពីនោះ លោក បារ៉ាក់ អូបាម៉ា ក៏អាចនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលក្ខណៈទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងកិច្ចការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក ផៃ ស៊ីផាន លើកឡើងបន្តថា សហរដ្ឋអាមេរិកអាចនឹងជំរុញឲ្យមានអ្នកវិនិយោគទុនចូលមករកស៊ីក្នុងប្រទេសកម្ពុជា។ លោក ផៃ ស៊ីផាន បញ្ជាក់បន្ថែមថា មូលហេតុដែលសហរដ្ឋអាមេរិកអាចនឹងជំរុញឲ្យអ្នកវិយោគទុនមករកស៊ីនៅកម្ពុជា នោះផ្អែកលើកត្តា៣។ ទី១ ផលិតផលសរុបរបស់ប្រទេសកម្ពុជា រក្សាបានខ្ពស់ ទី២ កម្លាំងពលកម្មឆ្លើយតបនឹងតម្រូវការងារ និងទី៣ លំនឹងនៃស្ថិរភាពនយោបាយក្នុងប្រទេសអាចឲ្យអ្នកវិនិយោគទុនសហរដ្ឋអាមេរិកជឿទុកចិត្តបាន។
លោក ផៃ ស៊ីផាន៖ «អ្វីដែលកម្ពុជា អាចផ្ដល់ឲ្យជាឱកាសក្នុងការងារពាណិជ្ជកម្មរវាងកម្ពុជា សហរដ្ឋអាមេរិកហ្នឹង គឺទី១ ឈលើផលិតផលសរុបរបស់យើងដែលរក្សាបានខ្ពស់ក្នុងរយៈកាល ១០ឆ្នាំកន្លងមកហើយនោះ ហើយទីពីរក្រៅពីផលិតផលសរុបមកក្នុងហ្នឹងហើយ យើងមានវិស័យដទៃទៀត ហើយជាពិសេសហ្នឹងការងារយុវជននៃព្រះរាជាណាចក្រកម្ពុជា ដែលមានយុវជនយ៉ាងហោចណាស់ ៣០ភាគ ឬក៏ ៤លាននាក់ដែលជាកម្លាំងថ្មី ដែលសហរដ្ឋអាមេរិកត្រូវការ យើងទទួលបានពីការងារហ្នឹង។ បន្ទាប់មកទៀត ក្រៅពីកម្លាំងការងារ កម្លាំងពលកម្ម ក្នុងនោះដែរ កម្ពុជាអាចផ្ដល់ឱកាសដល់សហរដ្ឋអាមេរិកហ្នឹង គឺស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ច»។
ទោះយ៉ាងណា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈ មានប្រសាសន៍ថា គេពិបាកនឹងជឿថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បោះជំហានទៅមុខនោះណាស់ ដោយសាររដ្ឋាភិបាលកម្ពុជា មិនទាន់បំពេញតួនាទីរបស់ខ្លួនសមស្របទៅតាមច្បាប់ជាតិ និងអន្តរជាតិនោះឡើយ។ ជាក់ស្ដែងបញ្ហាការរំលោភសិទ្ធិមនុស្សតាមរយៈការបណ្ដេញពលរដ្ឋចេញដោយបង្ខំ និងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ពលរដ្ឋ និងការចាប់សកម្មជនដីធ្លី និងអ្នកសារព័ត៌មានដាក់គុក ព្រមទាំងប្រព័ន្ធតុលាការមិនឯករាជ្យនៅតែបន្តកើតមាន។
បន្ថែមលើនេះ លោកអះអាងថា អ្នកវិនិយោគទុននៅប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យដូចសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបជាដើម គេមិនងាយប្រថុយទម្លាក់ទុនរបស់គេមកធ្វើវិនិយោគនឹងប្រទេសដែលរំលោភសិទ្ធិមនុស្ស និងប្រទេសដែលមានប្រព័ន្ធតុលាការមិនឯករាជ្យនោះណាស់។
លោក អ៊ូ វីរៈ៖ «មូលហេតុដែលកម្ពុជា មិនអាចទាក់ទាញអ្នកវិនិយោគល្អៗ ជាពិសេសក្រុមហ៊ុនល្អៗហ្នឹង មកពីប្រទេសរីកចម្រើនដូចជាប្រទេសអាមេរិក និងអឺរ៉ុបហ្នឹង ដោយសារក្រៅតែពីការរំលោភសិទ្ធិមនុស្ស ហើយក្រៅពីហ្នឹងប្រព័ន្ធតុលាការនៅទន់ខ្សោយ ហើយអត់ទាន់មាននីតិរដ្ឋ ហើយប្រទេសណាក៏ដោយ មិនមាននីតិរដ្ឋដែលជាប្រទេសមួយងាយបែកបាក់ ងាយប្រេះ ងាយមានឲ្យអស្ថិរភាព ប្រទេសដែលខ្វះនីតិរដ្ឋហ្នឹងក៏ជាប្រទេសដែលអ្នកវិនិយោគអត់ទុកចិត្តបានដែរ ព្រោះអត់អាចទុកចិត្តបានទៅលើប្រព័ន្ធច្បាប់»។
លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការអញ្ជើញមករបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ចូលរួមប្រជុំកំពូលអាស៊ាននេះ កម្ពុជាអាចទទួលបានផ្លែផ្កាតិចតួចពីសហរដ្ឋអាមេរិក ជាពិសេសកិច្ចការពាណិជ្ជកម្ម ដោយសាររដ្ឋាភិបាលហាក់ពុំទទួលយកការទទូចស្នើសុំពីសំណាក់សហគមន៍អន្តរជាតិទៅលើបញ្ហាអសកម្មមួយចំនួន ដូចជាបញ្ហាសិទ្ធិមនុស្ស និងបញ្ហាប្រព័ន្ធតុលាការមិនឯករាជ្យជាដើម។
ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងអញ្ជើញទស្សនកិច្ចចាប់ពីថ្ងៃទី១៧ វិច្ឆិកា ដល់ថ្ងៃទី២០ ទៅកាន់ប្រទេសចំនួនបីនៅអាស៊ីអាគ្នេយ៍ គឺប្រទេសថៃ ភូមា ឬ មីយ៉ានម៉ា ដើម្បីពង្រឹងការទូត និងកិច្ចការមួយចំនួន និងចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសកម្ពុជា៕
No comments:
Post a Comment
yes