សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានចេញផ្សាយនូវវត្តបទប្រមើលមើលចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។
ក្នុងអត្ថបទវិភាគរបស់អ្នកជំនាញតាមដានការបោះឆ្នោត កត់សម្គាល់ពីការរួបរួមរបស់គណបក្សប្រឆាំង ដែលជាគន្លឹះតែមួយគត់ដែលអាចកាត់បន្ថយកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា អង្គការខុមហ្វ្រែល (Comfrel) បានព្យាករចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ដើម្បីជាតម្រុយមួយសម្រាប់ធ្វើជាមូលដ្ឋានឲ្យអ្នកនយោបាយ និងម្ចាស់ឆ្នោតងាយស្រួលធ្វើការសម្រេចចិត្ត។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា នៅថ្ងៃទី១២ វិច្ឆិកា មានប្រសាសន៍ថា ចំណុចសំខាន់នៃសេចក្ដីរាយការណ៍ដែលគិតទុកជាមុនជុំវិញការបោះឆ្នោតសភាអាណត្តិទី៥ គឺជាការបង្ហាញនូវព្រឹត្តិការណ៍ និងលទ្ធភាពដែលគណបក្សនយោបាយនៅកម្ពុជា អាចប្រឈមនាពេលខាងមុខ។
លោកបន្តថា ផ្អែកតាមបច្ចេកទេស គណនាគណបក្សសង្គ្រោះជាតិដែលជាគណបក្សបង្រួបបង្រួមរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នឹងអាចមានអាសនៈកើនឡើង ខណៈដែលបក្សកាន់អំណាចនឹងមានអាសនៈថយចុះតិចតួច។
លោក គល់ បញ្ញា បញ្ជាក់ថា ការប្រមើលមើលរបស់ខុមហ្វ្រែល លើកនេះ ធ្វើឡើងដោយឈរលើព្រឹត្តិការណ៍នយោបាយ និងលទ្ធផលការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២៖ «បើភាគីគណបក្សប្រឆាំងគាត់បែកបាក់គ្នា គណបក្សប្រជាជនគាត់នឹងមានអាសនៈកើន ប៉ុន្តែបើគេរួមគ្នាគាត់នឹងធ្លាក់អាសនៈ មិនមែនបានន័យថា ធ្លាក់សន្លឹកឆ្នោតទេ វាមានលទ្ធផលផ្សេងៗគ្នា ស៊ីសងកម្រិតបច្ចេកទេស ស្ថានការណ៍ការបោះឆ្នោតនឹងជួបបញ្ហាមួយចំនួនដែលរាំងស្ទះដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរ»។
លោក គល់ បញ្ញា បន្តថា ការបោះឆ្នោតនៅកម្ពុជា នៅប្រទះបញ្ហាជាច្រើន ដូចជាការរឹតត្បិតសំឡេងប្រឆាំង ការលុបឈ្មោះប្រធានបក្សប្រឆាំងចេញពីបញ្ជីឈ្មោះបោះឆ្នោត និងឯករាជភាពរបស់ គ.ជ.ប ជាដើម។
ទន្ទឹមនឹងនេះ មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្ស សម រង្ស៉ី ស្វាគមន៍ការប្រមើលមើលរបស់ខុមហ្វ្រែល ហើយសហគមន៍អន្តរជាតិកំពុងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សប្រជាជនបានប្រើប្រាស់មធ្យោបាយ ដើម្បីយកឈ្នះការបោះឆ្នោត ដូចជាការគំរាមកំហែងអ្នកបោះឆ្នោត ការទិញទឹកចិត្ត ទិញសន្លឹកឆ្នោតជាដើម៖ «វាមានតែការហួសការរំពឹងទុករបស់ខុមហ្វ្រែល ទៅទៀត បើអ្នក ៣លានកន្លះបានទៅបោះឆ្នោត ពួកយើងខ្ញុំបានមូលមតិគ្នា ឯកភាពគ្នាជាធ្លុងមួយ យើងចាំពាក្យស្លោកមួយថា រួបរួមគ្នារស់ បែកបាក់គ្នាស្លាប់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាល ដើម្បីសុំការពន្យល់បានទេ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ហៅការរួបរួមរបស់គណបក្សប្រឆាំងថា ជាការរួមកំលាំងគ្នារវាងបក្សចាញ់ និងចាញ់ ហើយលទ្ធផលនឹងមិនមានប្រែប្រួលអ្វីនោះទេ។ លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់ប្រៀបធៀបបក្សប្រឆាំងទៅនឹងសត្វដែលឈ្លោះដណ្ដើមចំណីគ្នាផងដែរ។
ទោះយ៉ាងណាក្តី ខុមហ្វ្រែល បានលើកឡើងថា បរិយាកាស និងដំណើរការបោះឆ្នោត អាចនៅបន្តមានបញ្ហាប៉ះពាល់ដល់សេរីភាព យុត្តិធម៌ និងតម្លាភាព ដដែល។ ខុមហ្វ្រែល បានទាញការសន្និដ្ឋានជាសរុបចុងក្រោយថា លទ្ធផលបោះឆ្នោតសភាឆ្នាំ២០១៣ ខាងមុខ អាសនៈព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្ត ស្រុក រាជធានី របស់គណបក្សប្រជាជនកម្ពុជា នឹងថយចុះដែរ។ រីឯអសនៈសមាជិកសភា និងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិរបស់គណបក្សប្រឆាំង ក្នុងករណីការរួបរួមគ្នាបានជោគជ័យ មុនការបោះឆ្នោត នឹងមានការកើនឡើងតិចតួច។
ផ្ទុយទៅវិញគណបក្សរាជានិយម អាចនឹងបាត់បង់អាសនៈដ៏ច្រើនរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes