បញ្ហាលើកស្ទួយការគោរពសិទ្ធិមនុស្ស កែទម្រង់ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា នឹងមិនទទួលលទ្ធផលល្អនោះទេ បើសិនជារដ្ឋាភិបាលកម្ពុជា មិនអនុវត្តឲ្យបានត្រឹមត្រូវ បើទោះបីជាលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានលើកពីក្ដីកង្វល់ទាំងនេះទៅឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយជាបញ្ហាចម្បងក៏ដោយ។
ក្រុមអ្នកវិភាគបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា កំពុងដឹកនាំប្រទេសវិលទៅរករបបផ្ដាច់ការ ដោយសារតែការមិនបន្ទន់ឥរិយាបថផ្នែកនយោបាយរបស់រដ្ឋាភិបាល មិនទទួលយកនូវការលើកឡើងរបស់ប្រធានាធិបតីអាមេរិក អំពីការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនោះ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៩ វិច្ឆិកា នៅក្នុងជំនួបរវាងលោក ហ៊ុន សែន និងលោក បារ៉ាក់ អូបាម៉ា នោះ លោក ហ៊ុន សែន បានបដិសេធចំពោះការលើកពីក្ដីកង្វល់របស់លោក បារ៉ាក់ អូបាម៉ា ដែលលោកបានលើកអំពីបញ្ហាគោរពសិទ្ធិមនុស្ស និងការកែប្រែប្រព័ន្ធបោះឆ្នោត បញ្ហាជម្លោះដីធ្លី ការដោះលែងអ្នកទោសនយោបាយជាដើម។
បញ្ហានេះ អ្នកវិភាគបានពន្យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរប្រើយុទ្ធសាស្ត្ររឹងទទឹងដូច្នេះទេ រដ្ឋាភិបាលគួរតែបន្ទន់ឥរិយាបថ ចាប់ដៃជាមួយប្រទេសមហាអំណាចមួយនេះ ដើម្បីកែប្រែប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេសគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដជាជាងរដ្ឋាភិបាលងាកទៅរកចិន ដែលចិនអាចទាញកម្ពុជា ឲ្យក្លាយទៅជាប្រទេសកុម្មុយនិស្តផ្ដាច់ការដោយប្រយោល។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្នកនយោបាយខ្មែរត្រូវតែពិចារណាចំពោះបរិបទនយោបាយនៅកម្ពុជា នៅពេលនេះ ពីព្រោះថា ជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក បារ៉ាក់ អូបាម៉ា នោះ ហាក់បីដូចជាមានស្ថានភាពតឹងតែងនឹងគ្នាទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំប្រទេសមហាអំណាចនេះ លោក ហ៊ុន សែន បានស្នើសុំឲ្យអាមេរិក លើកលែងបំណុលដែលកម្ពុជា ជំពាក់ និងទាមទារឲ្យមានអ្នកវិនិយោគអាមេរិក មកបណ្ដាក់ទុននៅកម្ពុជា។ ប៉ុន្តែខណៈដែលខ្លួនកំពុងត្រូវការអាមេរិក ជួយលើកលែងបំណុល រដ្ឋាភិបាលកម្ពុជា បែរជាមិនគោរពគោលការណ៍គោរពសិទ្ធិមនុស្ស ដែលអាមេរិក ចង់បានទៅវិញ។
បញ្ហានេះ ក្រុមអ្នកវិភាគបានលើកហេតុផលថា រដ្ឋាភិបាលកម្ពុជា កំពុងតែលាតត្រដាងអំពីខ្លួនអន់ទាំងការទទួលខុសត្រូវលើការសងបំណុលសហរដ្ឋអាមេរិក ទាំងការធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងការរៀបចំប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេសនីតិរដ្ឋពិតប្រាកដ។
ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន បានធ្វើសន្និសីទកាសែតភ្លាមៗ បន្ទាប់ពីជំនួបរវាងលោក ហ៊ុន សែន និងលោក បារ៉ាក់ អូបាម៉ា កាលពីយប់ថ្ងៃទី១៩ វិច្ឆិកា។
លោក ប្រាក់ សុខុន បានឲ្យដឹងថា លោក ហ៊ុន សែន បានប្រាប់លោក បារ៉ាក់ អូបាម៉ា ថា អ្វីដែលលោក បារ៉ាក់ អូបាម៉ា បានលើកឡើងនោះ គឺជាការចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជា បញ្ហាជាក់ស្ដែង កម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបើកទូលំទូលាយផ្នែកនយោបាយ។
ទោះបីជាយ៉ាងនេះក្ដី អ្នកនាំពាក្យលេខាធិការព័ត៌មានអាមេរិក បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៩ វិចិ្ឆកា បន្ទាប់ពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានជួបលោក ហ៊ុន សែន។ សេចក្ដីប្រកាសព័ត៌មាននោះ បានស្រង់សំដីលោក បារ៉ាក់ អូបាម៉ា ថា ទោះបីជាប្រទេសនីមួយៗ មានវប្បធម៌ និងរបៀបនៃការគ្រប់គ្រងខុសគ្នាខ្លះក៏ដោយ ក៏ប្រទេសទាំងនោះ ត្រូវគិតថា ខ្លួនមានកាតព្វកិច្ចជាអន្តរជាតិ ដើម្បីគោរពសិទ្ធិមនុស្ស។ ប្រសិនបើប្រទេសកម្ពុជា មិនគាំទ្រគោលការណ៍គោរពសិទ្ធិមនុស្សទេ ប្រទេសនេះនឹងពិបាកធ្វើសមាហរណកម្មខ្លួនឯងទៅក្នុងសហគមន៍អន្តរជាតិ និងពិបាកមានទំនាក់ទំនងស៊ីជម្រៅជាមួយអាមេរិក។
លោក អូបាម៉ា បានបញ្ជាក់ជាថ្មីទៀតថា បើសិនជាប្រទេសកម្ពុជា បោះជំហាននៅលើផ្លូវត្រឹមត្រូវ ប្រទេសនេះនឹងទទួលបានផលប្រយោជន៍ពីការសម្រេចចិត្តនោះ។ ប្រទេសកម្ពុជា មិនគួរដើរថយក្រោយនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះឡើយ។
ទាក់ទងទៅនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានសង្កត់ធ្ងន់ថា នៅក្នុងកាលៈទេសៈនេះ តើរដ្ឋាភិបាលចង់បន្តដឹកនាំប្រទេសតាមបែបផ្ដាច់ការ ក្រោមរូបភាពប្រជាធិបតេយ្យ ឬយ៉ាងណា?
លោក អ៊ូ វីរៈ អះអាងថា ប្រសិនបើរដ្ឋាភិបាលទទួលយកនូវការលើកឡើងរបស់លោក បារ៉ាក់ អូបាម៉ា ប្រជាពលរដ្ឋកម្ពុជា នឹងរួចផុតពីការភ័យខ្លាច និងរំលោភសិទ្ធិមនុស្ស។
នៅក្នុងឱកាសលោកប្រធានាធិបតីមកចូលរួមប្រជុំអាស៊ាន-អាមេរិក និងអាស៊ីបូព៌ា នៅទីក្រុងភ្នំពេញនេះ ជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាជាតិកម្ពុជា ដែលមានមេដឹកនាំប្រទេសមហាអំណាចមកចូលរួមប្រជុំនៅកម្ពុជា។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរក៏មានសុទិដ្ឋិនិយមចំពោះលោក បារ៉ាក់ អូបាម៉ា ក្នុងការអន្តរាគមន៍ទៅលើរដ្ឋាភិបាលកម្ពុជា ឲ្យមានការគោរពសិទ្ធិមនុស្សដែរ។
ផ្ទុយទៅវិញ ក្ដីរំពឹងរបស់ប្រជាពលរដ្ឋខ្មែរមិនបានដូចបំណងនោះឡើយ។ នៅត្រង់ចំណុចនេះ រដ្ឋាភិបាលហាក់បីដូចជាមិនទាន់មានជំហរច្បាស់លាស់ ឬមិនទទួលយកនូវការលើកឡើងអំពីក្ដីព្រួយបារម្ភរបស់លោក បារ៉ាក់ អូបាម៉ា បានលើកឡើងភ្លាមៗទេនោះ អ្នកវិភាគបានពន្យល់ថា អាចថារដ្ឋាភិបាលចង់តថ្លៃរឿងបំណុលដែលខ្លួនជំពាក់រដ្ឋាភិបាលអាមេរិក ចង់បិទច្រកនយោបាយមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងរដ្ឋាភិបាលចង់រក្សាអំណាចរបស់ខ្លួន។
ម្យ៉ាងវិញទៀត អ្នកសិក្សាផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានឲ្យដឹងថា រដ្ឋាភិបាលធ្វើដូច្នេះ វាជារឿងអាម៉ាស់របស់រដ្ឋាភិបាលទៅវិញទេ ពីព្រោះថា ក្នុងនាមខ្លួនជាអ្នកដឹកនាំប្រទេស បែរជាមានអ្នកដឹកនាំប្រទេសមួយទៀតជួយណែនាំឲ្យខ្លួនចេះអាណិតស្រឡាញ់ប្រជាពលរដ្ឋរបស់ខ្លួននោះ។
នៅក្នុងឱកាសលោក បារ៉ាក់ អូបាម៉ា មកកម្ពុជានេះ មិនត្រូវបានគេរៀបចំឲ្យលោកជួបជាមួយប្រជាពលរដ្ឋ និស្សិត និងអ្នកសារព័ត៌មាននោះទេ រហូតដល់ពេលលោកត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ នៅល្ងាចថ្ងៃទី២០ វិច្ឆិកា គឺខុសពីលោកទៅទស្សនកិច្ចនៅប្រទេសភូមា និងថៃ ដែលគេរៀបចំឲ្យលោកធ្វើសន្និសីទជាមួយអ្នកសារព័ត៌មានបើកសួរដេញដោលផ្សេងៗ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា ការអញ្ជើញមកកម្ពុជា របស់លោក បារ៉ាក់ អូបាម៉ា នេះ គឺមកចូលរួមប្រជុំ មិនមែនមកទស្សនកិច្ចផ្លូវរដ្ឋដូចនៅប្រទេសភូមា និងថៃ ទេ ដូច្នេះលោកគ្មានពេលវេលាដើម្បីជួបជាមួយនិស្សិត និងអ្នកសារព័ត៌មានទេ។
ទោះបីជាយ៉ាងនេះក្ដី នៅក្នុងឱកាសលោកប្រធានធិបតី បារ៉ាក់ អូបាម៉ា មកដល់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៩ វិច្ឆិកា នោះ ទីក្រុងភ្នំពេញ ក្លាយទៅជាទីក្រុងស្ងាត់ជ្រងំ ប្រជាពលរដ្ឋមិនអាចធ្វើចរាចរណ៍ឆ្លងកាត់នៅតំបន់មួយចំនួនបានទេ ហើយក៏គ្មានប្រជាពលរដ្ឋអាចឈរមើលក្បួនរថយន្តរបស់លោកធ្វើដំណើរបានដែរ។ បញ្ហានេះអ្នកវិភាគបានពន្យល់ថា រដ្ឋាភិបាលខ្លាចប្រជាពលរដ្ឋលើកបដាសុំឲ្យលោក អូបាម៉ា ជួយអំពីបញ្ហាបណ្ដេញចេញ រដ្ឋាភិបាលខ្លាចប្រជាពលរដ្ឋបិទផ្លូវ និងរដ្ឋាភិបាលខ្លាចបញ្ហាសន្តិសុខ។
ភ្ជាប់នឹងបញ្ហានេះ អ្នកនាំពាក្យលេខាធិការព័ត៌មានអាមេរិក លោក រូឌែស (Rhodes) បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ជាការចាំបាច់ណាស់ដែលលោក បារ៉ាក់ អូបាម៉ា ត្រូវបន្តលើកនូវបញ្ហាសិទ្ធិមនុស្សចំៗ ដោយផ្ទាល់ទៅកាន់មេដឹកនាំកម្ពុជា។ ស្របពេលជាមួយគ្នានេះ អាមេរិកក៏ចង់ជំរុញ និងលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស ដែលជាមធ្យោបាយដ៏ប្រសើរដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានអំពីការកែទម្រង់ឲ្យមានការគោរពសិទ្ធិមនុស្សជាធំ៕

No comments:
Post a Comment
yes