សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 16, 2013

ជន​ជាប់ចោទ​មួយ​រូបទៀត លោក ខៀវ សំផន ត្រូវ​បញ្ជូន​ទៅមន្ទីរ​​ពេទ្យ​​

kheiv-samphorn-facing-genocide
លោក ខៀវ សំផន កាល​នៅ​ផ្ទះរបស់លោក
ជនជាប់​ចោទ​មួយរូប​ទៀត ​ក្នុងសំណុំរឿ​ង​០០២ នៅ​សាលា​ក្តី​​ខ្មែរ​​ក្រហម ​លោក ខៀវ សំផន ត្រូវ​បាន​បញ្ជូន​ទៅសម្រាក​នៅ​មន្ទីរ​ពេទ្យ​ នៅ​ព្រឹក​​​ថ្ងៃ​ពុធ​​នេះ ​ដោយ​សារ​​លោក​​មាន​​អាការៈ​ហេ​វ​ហត់ និង​អស់​​កម្លាំង​​ខ្លាំង។
អ្នកនាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍​នៅរសៀល​​ថ្ងៃពុធ​​នេះថា ​ស្ថាន​​ភាព​សុខភាព​​របស់​ជន​ជាប់​ចោទ លោក ខៀវ សំផន ប្រែ​ប្រួល​ ដោយ​​ត្រូវ​បាន​​ក្រុម​​គ្រូពេទ្យ​​សាលា​ក្តី​​ខ្មែរ​​ក្រហម ​សម្រេច​​បញ្ជូន​​ទៅ​​សម្រាក​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​​ខ្មែរ សូវៀត នៅវេលាម៉ោង​ជាង ៩​កន្លះ​​ព្រឹក​មិញនេះ​។ លោក​បន្តថា ​គ្រូពេទ្យ​មិន​ទាន់អាច​​សន្ម​ត​បានទេ​ថា ជន​ជាប់​​ចោទ ខៀវ សំផន អាយុ ៨២​ឆ្នាំ មាន​ជំងឺ​​អ្វី​នោះ​ទេ ​ដោយ​សារ​​កំពុង​​ស្ថិត​ក្រោម​ការតាម​​ដាន ៖ "យើង​អត់ទា​ន់​ដឹងថា ​តើ​លោក​ ខៀវ សំផន មានជំងឺ​អ្វីពិត​​ប្រាក​ដ​ទេ ​ដោយ​សារ​​ក្រុ​ម​គ្រូពេទ្យ​​កំពុង​តែ​ធ្វើកា​រ​​ត្រួត​​ពិនិត្យ​​ហើយ ​សូម​​ជម្រាប​​ថា​​ទាក់​ទង​ជាមួយ​​បញ្ហា​​នេះ គឺសាលាក្តី​មាន​នីតិវិធី​គ្រប់​គ្រាន់​ ក្នុង​ការ​​គ្រប់គ្រង​​ស្ថាន​ភាព​​នេះ យើងមាន​កិច្ច​សហប្រណិបត្តិ​ការ​​យ៉ាងល្អជា​មួយ​ពេ​ទ្យមិត្ត​ភាព​ខ្មែរ​ សូវៀត​ ដើម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​ជំងឺ​របស់​ជន​ជាប់​ចោទ។"​

ទាក់ទងនឹងស្ថា​នភាពជំងឺ​របស់​ជនជាប់ចោទ ​នួន ជា អាយុ ៨៧ឆ្នាំ ដែលត្រូវ​បាន​បញ្ជូនទៅ​​​មន្ទីរ​​ពេទ្យ​កន្លង​ទៅ លោក នេត្រ ភក្ត្រា ឲ្យ​ដឹង​​ថា ​របាយ​ការណ៍សុ​ខភាព​របស់​គ្រូពេទ្យ​មិត្តភាព​​ខ្មែរ សូវៀត ចុះថ្ងៃទី១៥ ខែមករា បង្ហាញថា  ស្ថានភាព​សុខភាព​ទូទៅ​​របស់​​ជន​ជាប់ចោទ នួន ជា បាន​ធូរស្បើយ​បន្តិច។
ជនជាប់​ចោទ លោក នួន ជា ត្រូវបា​នបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅមន្ទីរ​ពេទ្យមិត្តភាព​​ខ្មែរ​​សូវៀត ​បន្ទា​ប់ពីដួល​នៅក្នុង​បន្ទប់​ឃុំ​ឃាំង ​នៅសាលាក្តី​​ខ្មែរ​​ក្រហម កាលពី​​ថ្ងៃ​​អាទិត្យ​ ទី​១៣  ខែ​មករា ឆ្នាំ២០១៣។
អ្នកវិភាគ​បញ្ហា​សង្គ​មលោក ឡៅ ម៉ុងហៃ ដែលបាន​តាមដាន​សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​ជាប្រចាំ ​មាន​ប្រសាសន៍​ថា  តាម​គោល​ការណ៍​​សីល​ធម៌​ បើ​សិន​វេជ្ជបណ្ឌិតជំ​នាញ​រក​ឃើញថា ជនជាប់​ចោទ​ពិត​ជាឈឺ​ធ្ងន់ធ្ង​រមែន​ តុលាការ​ត្រូវ​ផ្អាក​នីតិវិធី​របស់​ខ្លួន​​សិន ៖ "បើសិនជា​ឃើញថា ​វារ៉ាំរៃ​ទៅដោយ​សារអាយុ​ហ្នឹង​ ហើយ​ជំងឺ​ជរាព្យាធិ​ជាមួយ​គ្នាហ្នឹង​ អាហ្នឹង​គេអាច​យក​គោល​ការណ៍​​សីលធម៌ ហើយ​វាត្រូវ​ចប់​ថ្ងៃណាមួយ ​គឺផ្អាក​រឿងគាត់ ​មិនមែន​ថាឲ្យ​គាត់​រួចខ្លួន​ទេ ​ប៉ុន្តែ​ដោយសារ​ជំងឺ​អញ្ចឹង​ គឺ​ថា​តុលាការ​គេ​ឈប់"។
មន្ត្រី​សម្រប​សម្រួល​ការងារ​សាលាក្តី​ខ្មែរ​ក្រហម នៃសមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ឡាត់ គី មាន​ប្រសាសន៍​ថា ​យុត្តិធម៌ គឺ​អាស្រ័យ​​លើ​ការ​​ចូល​រួម​​របស់​​ជន​ជាប់​ចោទ។ ​លោក​បន្តថា ​ប្រសិន​បើជនជាប់​មិនអាច​ចូលរួម​សវនាការ​​បាន ដោយមាន​មូល​ហេតុ​នោះ​​សវនាការ​​ក៏​ត្រូវ​ផ្អាក ​តែបើជន​ជាប់​ចោទ​ស្លាប់​ នោះប​ណ្តឹង​នឹង​ត្រូវ​រលត់។​
គួរបញ្ជាក់ថា ​ជនរង​គ្រោះដោយសារ​របប​ខ្មែរ​ក្រហម កំពុង​ព្រួយ​បារម្ភថា សាលាក្តី​មិន​អាច​រក​យុត្តិធម៌​ជូន​ពួកគេបាន​ ដោយសារ​ជន​​ជាប់​ចោទ​កាន់​តែជរា ​និង​មាន​ជំងឺ​ប្រចាំ​កាយ៕ ​

No comments:

Post a Comment

yes