អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកទេព នីថា ប្រាប់VOD នៅរសៀលថ្ងៃពុធនេះថា លោកមិនអាចជួបជាមួយគណបក្សដែលចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិ២០១៣ តាមការស្នើសុំទាំងអស់បាននោះទេ ព្រោះថាគណបក្សដែលចូលរួមប្រកួតប្រជែងមានច្រើន។ លោកបន្តថា លោកបានឲ្យគណបក្សនយោបាយផ្តល់អនុសាសន៍ តាមរយៈលិខិត បន្ទាប់ពីនេះ គ.ជ.ប នឹងពិនិត្យអនុសាសន៍ទាំងអស់ ព្រមទាំងប្រជុំជាមួយគណបក្សនយោបាយ រួចប្រមូលអនុសាសន៍ទាំងអស់ នៅថ្ងៃតែមួយ ពោលគឺក្រោយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣នេះ។
អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស លោកយ៉ែម ប៉ុញ្ញារឹទ្ធិ សោកស្តាយចំពោះការបដិសេធរបស់ គ.ជ.ប នេះ។ លោកថា បើទោះជា គ.ជ.ប នឹងរៀបចំឲ្យគណបក្សទាំងអស់បានជួបពិភាក្សា និងផ្តល់អនុសាសន៍ទៅ គ.ជ.ប រួមគ្នាក្តី ក៏ប៉ុន្តែពេលវេលាមានតិចតួចមិនអាចធ្វើឲ្យការពិភាក្សានេះបានលំអិតនោះទេ។
ក្នុងលិខិតដែលចុះហត្ថលេខារួមគ្នា រវាងប្រធានគណបក្សសមរង្ស៊ី លោកគង់ គាំ និងប្រធានគណបក្សសិទ្ធិមនុស្ស លោកកឹម សុខា នៅថ្ងៃទី១៥ ខែមករានេះ បានឲ្យដឹងថា ប្រធានគណបក្សទាំងពីរ សុំជួបប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដើម្បីផ្តល់យោបល់លើសេចក្តីព្រៀង បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣៕
No comments:
Post a Comment
yes