សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 18, 2013

បុគ្គលិក​សាលាក្តី​មួយ​ចំនួន​អាច​លា​ឈប់​ដោយសារ​បញ្ហា​ប្រាក់​ខែ​

អគារ​តុលាការ​ខ្មែរ​ក្រហម
អគារ​តុលាការ​ខ្មែរ​ក្រហម

បុគ្គលិក​ជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​មួយ​ចំនួន​អាច​នឹង​លា​ឈប់​ពី​ការ​ងារ​នៅ​ក្នុង​សាលា​ក្តី​អន្តរជាតិ​ដែល​មាន​បញ្ហា​ថវិកា​នេះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នេត្រ​ ភក្ត្រា​ អ្នក​នាំ​ពាក្យ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម។ បុគ្គលិក​ខ្មែរ​នៅ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​បៀវត្សរ​​ខែ​ធ្នូ​របស់​ពួកគេ​នៅ​ឡើយ​ទេ ខណៈ​ដែល​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ ២​លាន​ ​៥សែន​ដុល្លារ ​ពី​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​នេះ។ ដោយឡែក​ សវនាកា​​ក្នុង​សំណុំរឿង​០០២ នឹង​ត្រូវ​ចាប់​ផ្តើម​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយ។

បុគ្គលិក​​ខ្មែរមួយ​ចំនួន​​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​បង្ហាញ​បំណង​លា​ឈប់​ពី​ការ​ងារ ខណៈ​ដែល​ពួកគេ​មិន​ទាន់​ទទូល​បាន​ប្រាក់​បៀវត្ស​រ ​ខែ​ធ្នូ​នៅ​ឡើយ នេះ​បើតាម​ការ​អះអាង​របស់​លោក​នេត្រ ភក្ត្រា​ នៅ​ថ្ងៃ សុក្រ​នេះ។ បុគ្គលិក​ជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម ​មាន​ចំនួន​សរុប ២៨៧​នាក់​​ រាប់​តាំង​ពី​អ្នក​បើក​រថយន្ត​ រហូត​ដល់​ចៅក្រម ដែល​ត្រូវ​ពឹងពាក់​លើ​ថវិកា​ជំនួយ​របស់​ប្រទេស​អ្នក​ចាប់​អារម្មណ៍ ​លើ​សាលាក្តី​ខ្មែរ​ក្រហម។
បុគ្គលិក​ខ្មែរ​នៃ​សាលាក្តី​កូន​កាត់​ កំពុង​តែ​យឺតយ៉ាង​ក្នុង​ការ​ទទួល​ប្រាក់​ខែ​របស់​ពួកគេ ប៉ុន្តែ​ប្រទេស​អ្នក​ចាប់អារម្មណ៍​សាលាក្តី​ខ្មែរ​ក្រហម​ នៅ​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញ​វត្ថុ​ ចូល​ទៅ​ក្នុង​ហោប៉ៅ​ភាគី​អន្តរជាតិ។ នៅ​ថ្ងៃ​សុក្រ​នេះ ជប៉ុន​ដែល​ជា​ប្រទេស​ផ្តល់​ជំនួយ​ធំ​ជាង​គេ​នៅ​ក្នុង​សាលាក្តី​ពិសេស​មួយ​នេះ បាន​ប្រកាស​ផ្តល់​ជំនួយ​ ២លាន​៥​សែន​ដុល្លារ​ទៀត​ ទៅ​អោយ​សាលាក្តី​ភាគី​អន្តរជាតិ។ បូក​រួម​ទាំង​ជំនួយ​ចុង​ក្រោយ​នេះ ជប៉ុន​បាន​ផ្តល់​ថវិកា​សរុប ៧៨លាន​ ៧​សែន ​ដុល្លារ​ហើយ​ ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ដំណើរ​ការ​នៃ​សាលាក្តី​ក្នុង​ឆ្នាំ​២០០៦​មក។

ទោះ​យ៉ាង​នេះ​ក៏​ដោយ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​តែ​អំពាវនាវ ​អោយ​ប្រទេស​អ្នក​ចាប់​អារម្មណ៍​​លើ​សាលាក្តី​នេះ ពិចារណា​អំពី​ការ​ផ្គត់​ផ្គង់​ចំពោះ​គម្រោង​ថវិកា​ឆ្នាំ​២០១៣​នេះ ដែល​ភាគី​ជាតិ​ត្រូវការ​៩លាន​៣សែន ដុល្លារ និង​ភាគី​អន្តរជាតិ​ត្រូវការ​ ប្រមាណ​ជិត​៣០​​លាន ​ដុល្លារ។

ទាក់ទង​នឹង​ដំណើការ​សវនាកា​ឯណោះ​វិញ លោក​នេត្រ ភក្ត្រា ​បាន​ប្រាប់​អោយ​ថា នៅ​ថ្ងៃ​សុក្រ​នេះ លោក​ នួន ជា និង​លោក​ ខៀវ សំផន បាន​ប្រកាស​លះ​បង់​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ក្នុង​សវនាកា​ហើយ។ ដូច្នេះ​សាលា​ដំបូង​បាន​សម្រេច​បន្ត​បើក​សវនាកា​ នៅ​ថ្ងៃចន្ទ​សប្តាហ៍​ក្រោយ​នេះ​ហើយ ដែល​ជា​សវនាកា​​លើ​សំណុំ​ឯកសារ​នានា​ ដែល​ទាក់​ទង​សំណុំ​រឿង​០០២ និង​បន្ទាប់​មក​គឺ​ស្តាប់​សាក្សី។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ អតីត​មេ​ដឹកនាំ​របប​ខ្មែរ​ក្រហម​ទាំងពីរ​គឺ នួន ជា និង ខៀវ សំផន អ្នក​ទាំងពីរ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ៕

No comments:

Post a Comment

yes