សត្វរាប់ម៉ឺនក្បាលត្រូវបានគេដាក់ត្រាំរក្សារូបរាងដើមក្នុងកែវអាល់កុល
ក្រុងប៊ែរឡាំង : កែវតូចធំជាច្រើន ផ្ទុកទៅដោយពូជសត្វរាប់ម៉ឺនប្រភេទត្រាំរក្សារូបរាងដើមក្នុងអាល់កុលត្រូវបានគេដាក់តម្រៀបគ្នានៅអគារខាងកើតនៃសារមន្ទីរប្រវត្តិសាស្ត្រជីវធម្មជាតិ ឯក្រុងប៊ែរឡាំង ទឹកដីអាល្លឺម៉ង់។
អគារខាងកើតនេះមានទូដែកកម្ពស់ស្មើផ្ទះ៣ជាន់ សម្រាប់ដាក់តាំងសត្វរាប់ម៉ឺនប្រភេទ ដែលស្ថិតនៅស្ដូកស្ដឹងក្នុងកែវវែងរាងស៊ីឡាំងចំនួន២៧៦០០០កែវ។
ដើម្បីរក្សារូបរាងដើមរបស់ពពួកសត្វទាំងនោះ សារមន្ទីរនេះបានប្រើប្រាស់អាល់កុលដល់ទៅ៨១៨០០លីត្រ។ នៅក្នុងកែវទាំងនោះមានផ្ទុកសត្វប្រមាណជា១លានប្រភេទរួមមានត្រី ពពួកល្មូន ថនិកសត្វ (សត្វចិញ្ចឹមកូនដោយទឹកដោះ) ពីងពាង ដង្កូវ ក្ដាម សត្វល្អិត និងសត្វគ្មានឆ្អឹងខ្នង។
ក្រៅពីតាំងបង្ហាញនូវពូជសត្វច្រើនជាងគេបំផុតនៅក្នុងកែវអាល់កុលនោះ សារមន្ទីរដែលគ្មានពីរលើលោកនេះក៏បានរក្សាប្រភេទសត្វដែលគេចាប់បាននាសតវត្សរ៍ទី១៨ផងដែរ។
ដើមឡើយ អគារខាងកើតនៃសារមន្ទីរនេះត្រូវបានបំផ្លាញដោយបន្ទុះគ្រាប់បែកនាសម័យសង្គ្រាមលោកលើកទី២។ ក្រោយមកនៅឆ្នាំ១៩៩៥ បុគ្គលិកសារមន្ទីរបានសម្រេចចិត្តធ្វើការជួសជុលកែកុនអគារខាងកើតនេះ រហូតដល់រួចរាល់សព្វគ្រប់នៅឆ្នាំ២០១០។
បច្ចុប្បន្នសារមន្ទីរប្រវត្តិសាស្ត្រ និងជីវធម្មជាតិនេះ គឺជាកន្លែងដ៏ទំនើបបំផុតក្នុងលោកដែលមានផ្ទុកនូវពូជសត្វរាប់ម៉ឺនប្រភេទនៅក្នុងកែវអាល់កុល រួមទាំងត្រីឆ្លាមមុខញញួរ ពពួកសត្វកម្រ និងសត្វនានាពេលកំពុងលេបចំណីនៅក្នុងមាត់ផងដែរ។
ប្រធានសារមន្ទីរលោក ភីតធើរ បាតស៍ បានថ្លែងថា៖ «យើងបានចំណាយពេល២០០ឆ្នាំក្នុងការប្រមែប្រមូលសត្វនានាដាក់ក្នុងកែវអាល់កុល ដើម្បីរក្សារូបរាងដើមរបស់វា។ សំណាងល្អដែរ ក្នុងសម័យកាលសង្គ្រាម មានតែ៦កែវប៉ុណ្ណោះដែលត្រូវបានបែកដោយសារបន្ទុះគ្រាប់បែក»។
ក្រៅពីដាក់តាំងសត្វក្នុងកែវអាល់កុល សារមន្ទីរនេះក៏ជាកន្លែងដែលមានគ្រោងឆ្អឹងសត្វដាយណូស័រកម្ពស់១៣ម៉ែត្រដ៏ធំបំផុតក្នុងលោកផងដែរ៕
No comments:
Post a Comment
yes