ពលករកម្ពុជាដែលរងការជួញដូរបានសង្គ្រោះមកស្រុកវិញ
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានធ្វើការរិះគន់របាយការណ៍របស់ក្រសួងការបរទេសអាមេរិកដែលបានទិតៀនយ៉ាងចាស់ដៃចំពោះកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ដោយអះអាងថា របាយការណ៍នោះពោរពេញទៅដោយព័ត៌មានមិនត្រឹមត្រូវ និងការវាយតម្លៃដោយស្រពេចស្រពិល។
របាយការណ៍ស្តីពីការជួញដូរមនុស្ស(TIP) របស់ក្រសួងការបរទេសអាមេរិកត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបញ្ចុះចំណាត់ថ្នាក់កម្ពុជាជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩ ដល់កម្រិតមួយសម្រាប់ប្រទេសដែលមិនអាចផ្តល់ភ័ស្តុតាងគ្រប់គ្រាន់ហើយថា ជាងនេះទៅទៀតពួកគេកំពុងតែព្យាយាមបំពេញតាមស្តង់ដារប្រឆាំងនឹងការជួញដូរមនុស្សក្នុងកម្រិតអប្បបរមា។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា របាយការណ៍នោះ ភាគច្រើនធ្វើមិនដឹងមិនឮចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ហើយបានចាត់ទុកផ្នែកខ្លះនៃរបាយការណ៍នេះថា«គួរឲ្យអស់សំណើច»។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជានេះបានបន្តថា៖«ភាគច្រើននៃបញ្ហាដែលគេបានលើកឡើងក្នុងរបាយការណ៍នេះ បានធ្វើឡើងតាមការសន្និដ្ឋានជាទូទៅ ឬមិនមានព័ត៌មានពិតប្រាកដ»។
សេចក្តីថ្លែងការណ៍ដដែល បានលើកឡើងថា ប៉ុន្មានឆ្នាំថ្មីៗនេះកម្ពុជាបានជំរុញច្បាប់មួយចំនួនដែលគេធ្វើឡើងក្នុងបំណងបង្ក្រាបការជួញដូរដែលរបាយការណ៍នេះ«មានចេតនា»ធ្វើមិនដឹងមិនឮដើម្បីរិះគន់លើចន្លោះប្រហោងនៃដំណើរវិវត្តន៍របស់ប្រទេសកម្ពុជា។
របាយការណ៍ TIP បានវិនិច្ឆ័យជាពិសេសលើឆន្ទៈនិងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាការជួញដូរមនុស្សជាជាងទំហំនៃបញ្ហារបស់ប្រទេសនេះ។
របាយការណ៍ក្រសួងការបរទេសអាមេរិកកាលពីសប្តាហ៍មុន បានរិះគន់រដ្ឋាភិបាលកម្ពុជាលើអំពើពុករលួយ«ជាទូទៅ»ដែលវា បានធ្វើឲ្យរាំងស្ទះដល់ការផ្តន្ទាទោស និងកិច្ចប្រឹងប្រែងដើម្បីនាំអ្នកជួញដូរមកផ្តន្ទាទោស។
ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីម្សិលមិញ បានអះអាងថា៖« ដំណើរការវិត្តន៍ពិតប្រាកដ»កាលពីឆ្នាំ២០១២ ដោយជនសង្ស័យ១៣៣នាក់ ត្រូវបានចាប់ខ្លួន ជនរងគ្រោះ៤៥៨នាក់ ត្រូវបានគេជួយសង្គ្រោះ ហើយ៣០០នាក់ ត្រូវខាងតុលាការធ្វើការជំនុំជម្រះទោស។
ចំនួនទាំងនោះ ផ្ទុយគ្នាស្រឡះពីរបាយការណ៍ ដែលថា មានតែអ្នកជួញដូរ៥០នាក់ត្រូវបានតុលាការផ្តន្ទាទោសក្នុងរយៈពេលនៃការរាយការណ៍នេះ ដោយបណ្តាលឲ្យមានការផ្តន្ទាទោសមនុស្ស ៤៤ នាក់គត់ នៅចន្លោះថ្ងៃទី១ ខែមេសា ឆ្នាំ២០១២ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes