
លោក ជុន ចាន់បុត្រ នាយកវិទ្យុអាស៊ីសេរី ប្រចាំនៅកម្ពុជា
លោក ជុន ចាន់បុត្រ ជាអ្នកសារព័ត៌មាន និងជាអ្នកសម្របសម្រួលដ៏ល្បីល្បាញមួយរូបប្រចាំវិទ្យុអាស៊ីសេរី ដែលជាវិទ្យុបរទេសផ្សាយជាភាសាខ្មែរ។ លោកបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកលោកថា លោកនឹងចាកចេញពីកម្ពុជា នៅម៉ោង៩ព្រឹកនេះដើម្បីត្រឡប់ទៅធ្វើការនៅការិយាល័យអាស៊ីសេរីក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរីក វិញ។
ភាពល្បីល្បាញរបស់អ្នកសម្របសម្រួលរូបនេះ កើតឡើងបន្ទាប់ពីលោក ជុន ចាន់បុត្រ បានរៀបចំវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ដោយមានវាគ្មិនពីររូបមកពីគណបក្សប្រជាជនកម្ពុជា និងមកពីគណបក្សសង្គ្រោះជាតិ គឺលោក ឈាង វុន និងលោក សុន ឆ័យ។
នៅខណៈនោះ ដោយសារតែលោក ឈាង វុន មិនបានស្តាប់ និងគោរពអ្នកសម្របសម្រួល ទើបលោក ជុន ចាន់បុត្រ មានភាពក្លាហាន ហ៊ានបិទម៉ៃក្រូហ្វូនរបស់លោក ឈាន វុនបានបង្កើតជាប្រវត្តិសាស្ត្រថ្មីមួយ។
ជាពិសេសថ្មីៗនេះទៀត លោកបានរៀបចំវេទិកាមួយទៀត ដែលមានវាគ្មិន មកពីអ្នកវិភាគឯករាជ្យ និងលោក ផៃ ស៊ីផាន។ ដោយយល់ឃើញថា លោក ផៃ ស៊ីផាន ហាក់ដូចជាបកស្រាយមិនចំសំណួររបស់ខ្លួន លោក ចាន់បុត្រ ព្យាយាមកាត់ប្រសាសន៍លោក ផៃ ស៊ីផាន ហើយទទូចឲ្យលោក ផៃ ស៊ីផាន ខ្នះខ្នែងឆ្លើយនឹងសំណួររបស់លោកឲ្យបានចំណុច រហូតមានការប៉ះទង្គិចគ្នាបន្តិចដោយលោក ផៃ ស៊ីផាន គម្រាមថានឹងដើរចេញពីបន្ទប់ផ្សាយវិទ្យុអាស៊ីសេរី ហើយលោក ចាន់បុត្រ ក៏មិនហាមឃាត់អង្វរកអ្វីដែរ។
នៅពេលលោកមានបេសកកម្មចុះមកទីលានប្រជាធិបតេយ្យដែលជាកន្លែងធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ ឬនៅវត្តភ្នំ លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីប្រិយមិត្តអ្នកស្តាប់វិទ្យុអាស៊ីសេរី ដូចជាលោក បណ្ឌិត សុខ ទូចដែលជាដៃគូឆ្លងឆ្លើយរបស់លោក ផងដែរ។
ការចាកចេញពីកម្ពុជារបស់លោក ជុន ចាន់បុត្រ នៅថ្ងៃនេះ បានធ្វើឲ្យអ្នកគាំទ្រវិទ្យុអាស៊ីសេរី និងអ្នកដែលចូលចិត្តការសម្របសម្រួលវេទិកាវិទ្យុរបស់លោក មានការសោកស្តាយជាពន់ពេក ជាពិសេសអ្នកដែលស្រឡាញ់ពេញចិត្តនឹងការងាររបស់លោក ហាក់មិនចង់ឲ្យលោកវិលទៅអាមេរីកវិញសោះ។
No comments:
Post a Comment
yes