ប្រជាសហគមន៍ប្រមាណជា៥០នាក់ ដែលជាអ្នកបឹងកក់ អតីតបុរីកីឡា និងថ្មគោល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចេញមុខជាថ្មី តវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យស្ថាប័នមួយនេះ ពន្លឿនតាមការចាប់ខ្លួនជន ដែលបានប្រើហិង្សាលើអ្នកបឹងកក់ កាលពីខែកញ្ញា ឆ្នាំ២០១៣។
ការបង្ក្រាបដោយហិង្សាមួយ នៅរមណីយដ្ឋានវត្តភ្នំ កាលពីថ្ងៃទី២២ ខែកញ្ញា នៅពេលអ្នកភូមិបឹងកក់ធ្វើកូដកម្មអត់អាហារនោះ បណ្តាលឲ្យមនុស្សជាង១០នាក់ បានរងរបួសធ្ងន់និងស្រាល ដែលក្នុងនោះមានអ្នកឃ្លាំមើល សិទ្ធិមនុស្ស ជាជនបរទេសម្នាក់រងរបួសផងដែរ។
អ្នកតវ៉ា បានលើកបដា ដោយបង្ហាញពីការរងរបួសរបស់ប្រជាសហគមន៍ខ្លួន។ ពួកគាត់ ក៏បានយកភ័ស្តុតាងមួយចំនួនទៅដាក់នៅតុលាការ។ រហូតមដល់ម៉ោងជិត១០ព្រឹកនេះ អ្នកតវ៉ា បានបិទច្រកចូលសាលាដំបូងរាជធានីភ្នំពេញ។
អ្នកបឹងកក់ និងសហគមន៍ដីធ្លីផ្សេងទៀតកំពុងតវ៉ានៅខាងមុខសាលា
ដំបូងរាជធានីភ្នំពេញ(រូបថតដោយ ញឹម សុខន)
កន្លងទៅ អ្នកតវ៉ា ធ្លាប់បានជំរុញឲ្យក្រសួងមហាផ្ទៃ ចាប់ជនល្មើសដែលវាយបង្ក្រាបបណ្តាលឲ្យរបួសជាង១០នាក់ នៅពេលពួកគេធ្វើកូដកម្មអត់អាហារ នៅម្តុំវត្តភ្នំនោះ មកផ្តន្ទាទោសឲ្យបានឆាប់។ អ្នកតវ៉ា ធ្លាប់ បានដាក់ពាក្យទៅកាន់តុលាការ ដោយប្តឹងមន្ត្រីអាជ្ញាធរខណ្ឌដូនពេញចំនួន៤នាក់ ពីបទប៉ុនប៉ងធ្វើមនុស្សឃាត និងបង្ករបួសដោយចេតនា៕
No comments:
Post a Comment
yes