សត្វពស់វែកដែលជនមិនស្គាល់មុខដាក់ក្នុងថង់សំណាញ់ខៀវ បោះចូលក្នុងផ្ទះ
អ្នកនៅតំបន់បឹងកក់ លោកស្រី ម៉ក់ សៀវហួង កាលពីយប់ថ្ងៃទី២៩ តុលា ឆ្នាំ២០១៣
ប្រជាពលរដ្ឋមានបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានសម្ដែងក្តីបារម្ភជាថ្មីថា ពួកគាត់នឹងត្រូវឃាតកសម្លាប់ទាំងគ្រួសារ បើសិនជាអាជ្ញាធរមិនជួយអន្តរាគមន៍ឲ្យទាន់ពេលវេលាទេនោះ។
ការប្រកាសឲ្យដឹងនេះ ធ្វើឡើងបន្ទាប់ពីមនុស្សប្រុសម្នាក់ បានយកពស់វែក ៣ក្បាល បោះចូលក្នុងផ្ទះរបស់គាត់កាលពីយប់ថ្ងៃទី២៩ ខែតុលា វេលាម៉ោងជាង ១រំលងអធ្រាត្រ។
ប្រជាពលរដ្ឋបីគ្រួសារដែលកំពុងមានជម្លោះដីធ្លី បានដង្ហោយហៅរកអន្តរាគមន៍ជាលើកទី២ហើយ បន្ទាប់ពីពលរដ្ឋទាំងបីគ្រួសារ កាលពីខែមិថុនា បានធ្វើសន្និសីទកាសែតប្រកាសថា ពួកគាត់អាចនឹងត្រូវឃាតកលបសម្លាប់ ព្រោះតែមិនព្រមទទួលសំណងពីក្រុមហ៊ុនជាថ្នូរនឹងការចាកចេញពីផ្ទះសំបែង។
ក្រុមពលរដ្ឋទាំងបីគ្រួសារមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជន ឃុន សៀ អភិវឌ្ឍន៍ ដែលជាក្រុមហ៊ុនទទួលទិញអគារសាលាសង្កាត់ និងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងកក់១ តាំងពីខែមេសា ឆ្នាំ២០១៣។ ក្រុមហ៊ុនព្រមផ្ដល់ប្រាក់សំណងចំនួន ១៥.០០០ដុល្លារក្នុងមួយគ្រួសារជាថ្នូរនឹងការចាកចេញ តែពលរដ្ឋទាំងនោះមិនព្រមយក។
កន្លងទៅក្រុមអ្នកភូមិ ធ្លាប់ត្រូវបានក្រុមហ៊ុនឯកជនមួយនេះ ប្ដឹងប៉ូលិសចាប់បញ្ជូនទៅតុលាការក្នុងបទចោទបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន។ បុគ្គលិកក្រុមហ៊ុនវាយដំ ជះទឹកលូសំអុយដាក់ផ្ទះ ជនមិនស្គាល់មុខបំពុលឆ្កែឲ្យងាប់ គេយកពូថៅកាប់ និងចុងក្រោយគឺនៅយប់ថ្ងៃទី២៩ ខែតុលា មានមនុស្សមិនស្គាល់មុខបានបោះពស់វែកចូលក្នុងផ្ទះគាត់ទៀត។
ពលរដ្ឋដែលត្រូវគេបោះពស់វែកចូលផ្ទះ លោកស្រី ម៉ក់ សៀវហួង នៅថ្ងៃទី៣០ ខែតុលា រៀបរាប់ថា កាលពីយប់ថ្ងៃទី២៨
ខែតុលា មានជនមិនស្គាល់មុខបានយកថ្នាំបំពុលឆ្កែរបស់ពួកគាត់ងាប់អស់ចំនួន ២ក្បាល ហើយមួយថ្ងៃបន្ទាប់ក៏មានជនមិនស្គាល់មុខយកថង់ពស់វែក មកបោះចូលផ្ទះគាត់ទាំងកណ្ដាលយប់តែម្ដង។
លោកស្រី ម៉ក់ សៀវហួង៖ «ឮសំឡេងឆែតៗ ខ្ញុំក៏ហៅកូនឲ្យក្រោកឡើង ខ្ញុំក៏ហៅប៉ូលិសហៅអីមកជួយចាប់ ជួយវ៉ៃជាង ១ម៉ោង ហើយចាប់និងវ៉ៃ។ ...វារុលចេញក្រៅ ហើយអាមួយរត់ទៅកៀនជញ្ជាំង ហើយអាក្នុងថង់ហ្នឹងនៅហ្នឹងស្រាប់ទេ។ ពូមួយគាត់ចងមាត់ថង់ ក៏ត្រូវពស់ព្រួសពិសដាក់ឡើងហើម។ ប៉ុនប៉ងធ្វើឃាតហើយ ពស់ហ្នឹងបើសិនជាអត់ដឹងទេ ស្លាប់ទាំងអស់ហើយ»។
លោកស្រីគិតថា ទាំងការបំពុលឆ្កែនិងពន្លែងពស់វែកចូលផ្ទះនេះ សុទ្ធជាអំពើគំរាមកំហែងដើម្បីប្លន់ដីធ្លីតែប៉ុណ្ណោះ ព្រោះថា ពួកគាត់មិនធ្លាប់មានទំនាស់ជាមួយអ្នកណាក្រៅពីក្រុមហ៊ុនទិញសាលាសង្កាត់នេះឡើយ។ លោកស្រីបញ្ជាក់ថា ពលរដ្ឋទាំង ៣គ្រួសារ កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះតែការពារផ្ទះសំបែងរបស់ខ្លួន។
ពស់វែកទាំងបីក្បាលនោះ ជាប្រភេទពស់វែកដំបូក១ក្បាល និងពស់វែកក្របីពីរក្បាល ដែលមានទំហំប៉ុនកដៃមនុស្សចាស់ និងប្រវែងជិត ១ម៉ែត្រ។ ពស់វែកដំបូកត្រូវបានពលរដ្ឋវាយងាប់ទាំងយប់ ហើយពស់វែកក្របី ត្រូវបានគេចាប់ដាក់ក្នុងថង់ទុកជាភស្តុតាង។
ក្រុមហ៊ុន ឃុន សៀ ជាអ្នកទទួលទិញដីទំនាស់នេះ យកលក់បន្តឲ្យប្រធានអង្គរក្សលោក ជា ស៊ីម គឺឧត្ដមសេនីយ៍ឯក យឹម លាង ដែលត្រូវជាកូនបង្កើតរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ហើយជាកូនប្រសារបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ជា សុផារ៉ា។ តំណាងក្រុមហ៊ុន ឃុន សៀ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមហ៊ុន ឃុន សៀ ចង់ដោះស្រាយជាមួយពលរដ្ឋដោយសន្តិវិធីតាមការសម្របសម្រួល ហើយក្រុមហ៊ុនមិនមានបំណងបង្កគ្រោះថ្នាក់ ឬគំរាមកំហែងចំពោះពលរដ្ឋឡើយ។
ទោះជាបែបណាក្ដី មន្ត្រីផ្នែកច្បាប់របស់អង្គការក្រុមការងារពិសេសការពារសិទ្ធិលំនៅឋាន លោក ណន អូនី មានប្រសាសន៍ថា ករណីនេះពិតជាប្រការគួរឲ្យព្រួយបារម្ភ។ លោកបន្តថា អាជ្ញាធរត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋ និងត្រូវស្វែងរកជនដៃដល់ និងអ្នកបញ្ជាដែលប៉ុនប៉ងសម្លាប់មនុស្សនោះយកមកផ្ដន្ទាទោសតាមច្បាប់៕
No comments:
Post a Comment
yes