ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយដល់ប្រធានក្រុមប្រឹក្សាខេត្តរាជធានី ឱ្យបញ្ឈប់ការកោះប្រជុំជាមួយសមាជិកក្រុមប្រឹក្សាខេត្តក្រុង ដែលមកពីគណបក្ស សម រង្ស៊ី។ ការបញ្ឈប់កោះប្រជុំនោះ ធ្វើឱ្យមន្ត្រីសមាជិកក្រុមប្រឹក្សាខេត្តរាជធានីទាំងអស់មកពីគណបក្ស សម រង្ស៊ី ប្រឈមមុខនឹងការបាត់បង់ប្រាក់ឧបត្ថម្ភ។
តើបញ្ហានេះ ក្រសួងមហាផ្ទៃ បានអនុវត្តត្រឹមត្រូវទៅតាមច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាខេត្តរាជធានី ក្រុង ស្រុក ខណ្ឌ ឬទេ?
សមាជិកក្រុមប្រឹក្សាខេត្តមួយចំនួនមកពីគណបក្ស សម រង្ស៊ី កំពុងព្រួយបារម្ភអំពីការខ្វះខាតជីវភាពប្រចាំថ្ងៃ ដោយសារតែគេដឹងថា ប្រាក់ឧបត្ថម្ភ២ខែចុងក្រោយ នឹងត្រូវកាត់ផ្ដាច់។ ការព្រួយបារម្ភនេះ បន្ទាប់ពីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយដល់គ្រប់ប្រធានក្រុមប្រឹក្សាខេត្តរាជធានី ឱ្យបញ្ឈប់ការកោះប្រជុំសមាជិកក្រុមប្រឹក្សាមកពីគណបក្ស សម រង្ស៊ី។
សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ១រូបមកពីគណបក្ស សម រង្ស៊ី គឺលោក សុខ គឹមសេង។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៣ ខែឧសភា ថា កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅ គឺលោកបានទទួលសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលណែនាំឱ្យប្រធានក្រុមប្រឹក្សាខេត្តរាជធានី បញ្ឈប់ការកោះប្រជុំសមាជិកក្រុមប្រឹក្សាមកពីគណបក្ស សម រង្ស៊ី។ លោក សុខ គឹមសេង បានបញ្ជាក់ថា ការបញ្ឈប់កោះហៅសមាជិកក្រុមប្រឹក្សាប្រជុំនោះ គឺប្រាក់ឧបត្ថម្ភរបស់លោកចំនួន ១លាន ៦សែនរៀល សម្រាប់ពីរខែចុងក្រោយ នឹងត្រូវកាត់ផ្ដាច់។
លោក សុខ គឹមសេង៖ «នៅខេត្តសៀមរាប គ្រប់គ្នាទាំងអស់ គឺផ្ដាច់ចាប់ពីខែមេសា រហូតដល់បោះឆ្នោតហើយ។ បើសិនជាក្រុមប្រឹក្សាខេត្តស្រុកថ្មីចូលកាន់តំណែងនៅខែមិថុនា អាហ្នឹងមានន័យថា រយៈពេល២ខែ។ មានស្រុក៤ ដែលគេបើកឱ្យ ក៏ប៉ុន្តែ៩ផ្សេងទៀត រួមទាំងខេត្ត គេអត់បានបើកប្រាក់ឱ្យទេ។ អ៊ីចឹងបានឆ្ងល់ថា វាជាការអនុវត្តច្បាប់ ឬមួយក៏យ៉ាងម៉េច? ពីព្រោះវាអត់មានអីផង គ្រាន់តែជា ស.ជ.ណ មួយ»។
បញ្ហានេះមិនមែនកើតមានតែនៅក្នុងខេត្តសៀមរាប ទេ គឺវាកើតមានទៅលើសមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី នៅតាមបណ្ដាខេត្តជាច្រើនដែលប្ដូរទៅឈរឈ្មោះជាបេក្ខជនឱ្យគណបក្សសង្គ្រោះជាតិ។
មន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា ពិតជាមានសេចក្តីណែនាំដល់ប្រធានក្រុមប្រឹក្សាខេត្តរាជធានី ឱ្យបញ្ឈប់ការកោះប្រជុំសមាជិកក្រុមប្រឹក្សាមកពីគណបក្ស សម រង្ស៊ី មែននៅពេលដែលសមាជិកខ្លះបានប្ដូរទៅឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាខេត្តរាជធានី ឱ្យគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតថ្មីដែលជិតមកដល់នេះ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន លោក សក់ សេដ្ឋា បានមានប្រសាសន៍ថាច្បាប់ស្ដីពីគណបក្សនយោបាយបានចែងថា ពលរដ្ឋម្នាក់មិនអាចជាសមាជិកគណបក្សនយោបាយ២ក្នុងពេលតែមួយបានទេ។ ដូច្នេះ បញ្ហាដែលសមាជិកក្រុមប្រឹក្សាមកពីគណបក្ស សម រង្ស៊ី ខ្លះទៅឈរឈ្មោះជាបេក្ខជនឱ្យគណបក្សផ្សេងទៀតសម្រាប់ការបោះឆ្នោតថ្មី គឺមានន័យថា បានបាត់បង់សមាជិកភាពពីគណបក្សមុនហើយ។
លោក សក់ សេដ្ឋា៖ «ឯកឧត្តមអស់លោកខ្លះគាត់ទៅឈរឈ្មោះឱ្យគណបក្សសង្គ្រោះជាតិ គឺតាមច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបាត់ពីសមាជិកក្រុមប្រឹក្សា ពីព្រោះច្បាប់គ្រប់គ្រងរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ បានចែងថា សមាជិកក្រុមប្រឹក្សាម្នាក់ត្រូវបាត់បង់ពីសមាជិកភាពគណបក្សនយោបាយសាមី។ ពេលដែលគាត់បាត់នៅពេលណា ប្រាក់ឧបត្ថម្ភហ្នឹងវាត្រូវកាត់ផ្ដាច់នៅពេលនោះហើយ ឯអ្នកដែលមកជំនួសថ្មីគេទទួលបន្ត»។
ទោះយ៉ាងណា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បានហៅការចេញសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ឱ្យបញ្ឈប់ការកោះហៅសមាជិកក្រុមប្រឹក្សាមកពីគណបក្សប្រឆាំងប្រជុំនោះ ថាជាគោលការណ៍មួយដែលមិនមានច្បាប់ចង្អុលបង្ហាញទេ។ លោក គល់ បញ្ញា បានពន្យល់ថា បញ្ហាដែលក្រសួងមហាផ្ទៃ និយាយពីសមាជិកក្រុមប្រឹក្សាបាត់បង់តួនាទីនៅពេលប្ដូរទៅឈរឈ្មោះជាបេក្ខជនឱ្យគណបក្សផ្សេងនោះ បើវាកើតមានរយៈពេលលើសពី ៦ខែ នៅមុនការបោះឆ្នោត ទើបទាមទារឱ្យមានអ្នកថ្មីមកជំនួសតួនាទីនោះវិញ ក៏ប៉ុន្តែបើក្នុងរយៈពេល ៦ខែមុនថ្ងៃបោះឆ្នោត គឺគេមិនអាចរុះរើតួនាទីទាំងនោះបានទេ។
លោក គល់ បញ្ញា បញ្ជាក់ថា តាមច្បាប់បោះឆ្នោតតំណាងរាស្ត្រចែងថា ក្នុងរយៈពេល ៦ខែមុនថ្ងៃបោះឆ្នោត បើអ្នកតំណាងរាស្ត្រណាម្នាក់ប្ដូរទៅជាបេក្ខជនឈរឈ្មោះបោះឆ្នោត គឺគេមិនអាចរុះរើ ឬក៏ផ្លាស់ប្ដូរអ្នកថ្មីមកជំនួសបានទេ។ ដូច្នេះ ចំពោះតួនាទីក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ក៏គួរតែអនុវត្តដូចគ្នានេះដែរ៕
No comments:
Post a Comment
yes