៩-កុម្ភៈ-២០១៤៖ កប៉ាល់បូមខ្សាច់នៅជិតស្ពានជ្រោយចង្វា រាជធានីភ្នំពេញ
ទឹកនៅក្នុងទន្លេបួនមុខនៅខាងមុខព្រះបរមរាជវាំង កំពុងប្រែពីថ្លាទៅជាពណ៌ខ្មៅដោយអន្លើ និងមានក្លិនស្អុយ ដោយសារប្រេងម៉ាស៊ីនហូរចេញពីកប៉ាល់បូមខ្សាច់ និងការបង្ហូរកាកសំណល់នានា។ មន្ត្រីបរិស្ថាន ឲ្យដឹងថា មន្ត្រីជំនាញបានយកទឹកនោះទៅពិសោធន៍ ដើម្បីរកមូលហេតុ និងរកវិធីទប់ស្កាត់ការបំពុលទឹកនេះ។
អង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ និងអ្នកដំណើរតាមសាឡាង បានរិះគន់ថា ទឹកទន្លេបច្ចុប្បន្នបានបំពុលដោយប្រេងម៉ាស៊ីនរបស់កប៉ាល់បូមខ្សាច់ ដែលមានរាប់សិបគ្រឿង កំពុងតែកាយដីពីទន្លេ និងការបង្ហូរសំណល់ទៅក្នុងទឹកទន្លេ ធ្វើឲ្យទឹកទន្លេកខ្វក់ និងមានក្លិនស្អុយ។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែងថា ទឹកនៅរដូវប្រាំងមិនសូវហូរទេ ទើបបង្កើតជាក្លិនស្អុយនៅត្រង់មាត់ទន្លេ។ លោកថា បញ្ហាប្រេងស្ថិតនៅលើផ្ទៃទឹកទន្លេបានកើតឡើង ក្រោយពីមានការអនុញ្ញាតឲ្យមានការបូមខ្សាច់។ កប៉ាល់ច្រើនគ្រឿង បានបើកបរបូមខ្សាច់រាល់ថ្ងៃ និងបន្តច្រើនខែឆ្នាំ ប្រេងកប៉ាល់ទាំងនោះវាហូរមកចូលក្នុងទឹកទន្លេ។ ប្រសិនបើក្រសួងពាក់ព័ន្ធ មិនបានគិតគូរទេ អ្នកទទួលទានទឹក និងប្រើប្រាស់ទឹកទន្លេ និងមានបញ្ហាសុខភាពចំពោះមនុស្ស ហើយត្រីក៏មិនអាចបង្កកំណើតបាន។
លោក តឹក វណ្ណារ៉ា៖ «ព្រោះការបំពុលទឹកវាធ្វើឲ្យមានជះឥទ្ធិពលទៅដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្ទាល់ចំពោះទឹកទន្លេហ្នឹង ហើយប៉ះពាល់ដល់សុខភាពទាំងមនុស្ស និងសត្វ។ អ៊ីចឹង ក្រសួងដែលពាក់ព័ន្ធហ្នឹង គួរចុះពិនិត្យដោយផ្ទាល់ ហើយនិងផ្តល់ដំណោះស្រាយឲ្យសមស្រប។ ចុះពិនិត្យមើល តើអាជីវកម្មបូមខ្សាច់ហ្នឹងស្របច្បាប់ ត្រូវចុះពិនិត្យបន្ទាន់ ដើម្បីធានាដោះស្រាយថា ទឹកហ្នឹងកុំឲ្យប៉ះពាល់ដល់គុណភាពទឹក»។
បញ្ហានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានថ្លែងថា ក្រសួងបរិស្ថាន បានទទួលដំណឹងអំពីការបំពុលទឹកពីប្រេងម៉ាស៊ីននោះ ហើយមានមន្ត្រីចុះទៅយកទឹកមកពិសោធន៍ ដើម្បីវាយតម្លៃចាត់វិធានការការពារ។ លោកមិនទាន់ដឹងអំពីទំហំប៉ះពាល់បរិស្ថាន និងសុខភាពនៅឡើយ ព្រោះខាងមន្ត្រីជំនាញមិនទាន់ផ្តល់ចម្លើយ។ លោកទទួលស្គាល់ថា ទឹកពុលមកពីកប៉ាល់បូមខ្សាច់ផង ភូមិរស់នៅបណ្ដែតទឹកផង ការបង្ហូរកាកសំណល់ពីទីក្រុង តាមលូទម្លាក់ចូលទឹកទន្លេផង និងការបោះចោលសំរាមទៅក្នុងទឹកផង។ សរុបទៅ គឺវាធ្វើឲ្យទឹកទន្លេខូច។
លោកបន្តថា ក្រសួងបរិស្ថាន បានសហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីបង្អង់ការបង្ហូរកាកសំណល់តាមលូពីទីក្រុង ចូលមកក្នុងទឹកទន្លេនៅរដូវប្រាំង៖ «ជិតកោះពេជ្រ នេះក៏យើងបានទទួលព័ត៌មានហ្នឹង ហើយយើងខ្ញុំក៏បានចុះពិនិត្យចុះយកសំណាក តាមដានជាបន្ទាន់ដែរហ្នឹង ហើយក៏បានស្នើសុំទៅឲ្យខាងអាជ្ញាធរដែនដី សាលារាជធានីភ្នំពេញ ឲ្យគាត់ជួយអន្តរាគមន៍ទៅលើការងារ វាពាក់ព័ន្ធទៅនឹងទឹកប្រព័ន្ធលូមួយចំណែកចេញទៅប្រភពហ្នឹង»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា មិនទាន់បានទទួលការណែនាំពីក្រសួងបរិស្ថាន នៅឡើយ។ លោកថា អាជ្ញាធររាជធានីនឹងពិនិត្យបញ្ហានេះ។
ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ទន្លេចតុមុខ ទន្លេសាប ទន្លេបាសាក់ និងអ្នកដំណើរតាមផ្លូវទឹក បានឲ្យដឹងថា មុនក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្រ មិនទាន់ចាក់ដីចូលទន្លេ គឺទឹកទន្លេ ល្បឿនហូរ គឺខ្លាំង។ ឯក្លិនស្អុយនៃទឹក ក្លិនប្រេង និងលាមក មិនជះមកប៉ះពាល់ដល់ការដកដង្ហើមទេ។ ប៉ុន្តែនៅពេលមជ្ឈមណ្ឌលកោះពេជ្រចាក់ដីពង្រីកចូលទន្លេអស់ទំហំច្រើនហិកតារ ធ្វើឲ្យផ្ទៃទឹកទន្លេរួមតូច បណ្ដាលឲ្យល្បឿនទឹកមិនអាចហូរឆ្ងាយពីច្រាំងទន្លេបានលឿន នាំឲ្យក្លិនស្អុយនៅក្នុងទឹក និងកំណកប្រេងកល់ឡើងលើផ្ទៃទឹក ទើបទឹកចាប់ផ្ដើមកខ្វក់ ហើយមានក្លិនស្អុយ៕
No comments:
Post a Comment
yes