ខ្មែរក្រោមគ្រោងតវ៉ាជាថ្មី
ខ្មែរកម្ពុជាក្រោមដែលរងគ្រោះ ដោយបាត់បង់ដីស្រែ ចម្ការ កន្លងមក កំពុងតែរៀបចំផែនការថ្មីមួយ ដើម្បីងើបតវ៉ាជាថ្មីទៀត បើទោះបីជាគេដឹងថា ការតវ៉ានោះប្រឈមមុខ នឹងគ្រោះថ្នាក់ក៏ដោយ។
ប្រភពពីគ្រួសារខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួនជាង ១០០គ្រួសារ នៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តមាត់ជ្រូក ឬខេត្តអាន យ៉ាង ទឹកដីខ្មែរកម្ពុជាក្រោម ដែលបច្ចុប្បន្នគ្រប់គ្រងដោយវៀតណាម មានគម្រោងការទៅតវ៉ា នៅក្នុង ទីក្រុងព្រៃនគរ ឬទីក្រុងហូជីមិញ នាពេលខាងមុខនេះ ដើម្បី ឲ្យដោះស្រាយប្រគល់ដីស្រែជាច្រើនរយ ហិកតារ ឲ្យពួកគាត់វិញ ក្រោយពីបានរងការរឹបយកកាលពីឆ្នាំ១៩៧៩ មក។ កាលបរិច្ឆេទសម្រាប់ការតវ៉ានេះ គ្រួសារខ្មែរកម្ពុជាក្រោមសុំមិនឲ្យដឹងជាសាធារណទេ ដោយខ្លាចក្រែងអាជ្ញាធរវៀតណាម មានវិធានការណ៍រារាំង។ សកម្មជនទាមទារដីធ្លីកំពុងតែប្រមូលកម្លាំងឲ្យបានច្រើន ដើម្បីទៅតវ៉ានៅក្នុងទីក្រុងព្រៃនគរនាពេលខាងមុខនេះ។
Texte alternatif
គ្រួសារខ្មែរកម្ពុជាក្រោមនៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក សុំមិនឲ្យប្រាប់ឈ្មោះ ក្នុងការផ្សាយ ដើម្បីហេតុផលសុវត្ថិភាព បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ការងើបតវ៉ាច្រើនលើកកន្លងមក មិនត្រូវបានអាជ្ញាធរវៀតណាមគិតគូរដោះស្រាយឲ្យទេ ៖ “២០០៩ គឺថាបងប្អូនឈឺចិត្តពេក បានចុះទៅធ្វើលើដីស្រែខ្លួនឯងហ្នឹង។ ប្រមូលផលហើយ ស្រាប់តែបងប្អូនវៀតណាមគេលើកទ័ពមកច្រូតកាត់ យកម៉ាស៊ីនគេមកច្រូតកាត់។ ជំពាក់ជីគេ ឥឡូវហ្នឹងរដ្ឋអំណាចមកឲ្យយើងសងជីគេរាល់ថ្ងៃ។ ឥឡូវនេះ បងប្អូនកំពុងតែពិបាកចិត្ត ឥឡូវគិតទៅប្ដឹងទៀត”។
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមម្នាក់ទៀត បានថ្លែងថាលោកបាត់បង់ដីស្រែចំនួន ២ហិកតារកន្លះ តាំងបីឆ្នាំ១៩៧៩ មក។ គ្រួសាររបស់លោកតែងតែស៊ីឈ្នួលភ្ជួររាស់ឲ្យគ្រួសារវៀតណាម ទទួលបានកម្រៃតិចតួច ស្មើនិង ១៥០០០រៀល គឺធ្វើការងារតាំងពីព្រឹកព្រលឹម រហូតដល់ពេលយប់។ លោកបន្តថា ៖ “ស៊ី ឈ្នួលភ្ជួរច្រូត តវ៉ាសុំដីស្រែ ដីចម្ការវិញ។ គ្មានអ្វីជាទីពឹងទេ មានតែដីស្រែ ដីចម្ការហ្នឹង។ មិនតវ៉ាអ៊ីចឹងយើងត្រូវអត់”។
គ្រួសារខែ្មរកម្ពុជាក្រោមបានអះអាងថា ពួកគាត់បានងើបតវ៉ាច្រើនលើករួចមកហើយ តាំងពីឆ្នាំ២០០៦ មក ប៉ុន្តែមិនបានទទួលលទ្ធផលអ្វីទេ។ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន ៥នាក់ ត្រូវបានចាប់ខ្លួនដាក់គុក ដោយអាជ្ញាធរវៀតណាម មានដូចជាឈ្មោះ នាង ស្រី ឈ្មោះ ចៅ សារិន ឈ្មោះ នាង ចាន់ថន ឈ្មោះ ចៅ វឿន និងឈ្មោះ ចន្ថា។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា លោក ថាច់ សាង បានមានប្រសាសន៍ថា គ្រួសារខ្មែរកម្ពុជាក្រោមតែងតែរងគ្រោះ និងរងទុក្ខលំបាក ៖ “ជាភារៈវៀតណាមខ្លួនឯង ជាអ្នកយល់ច្បាប់ ហើយជាអ្នករៀមច្បងដែរ មិនត្រូវធ្វើអ៊ីចឹងទេ គឺថាខ្ញុំអត់ទទួលយកបានទេ អត់គាំទ្រទេរឿងអស់ទាំងហ្នឹង”។
វិទ្យុអាស៊ីសេរីបានទាក់ទងទៅស្ថានទូតវៀតណាម នៅក្នុងប្រទេសកម្ពុជា ដើម្បីសុំសេចក្ដីប្រតិកម្ម ប៉ុន្តែពុំមានអ្នកឆ្លើយទូរស័ព្ទទេ នៅថ្ងៃអាទិត្យ។
គ្រួសារខ្មែរកម្ពុជាក្រោមរវាង ៣០០ទៅ៤០០គ្រួសារ បានបាត់បង់ដីស្រែចម្ការពីដូនតា តាំងពីឆ្នាំ១៩៧៩ មក ដោយសារតែបានរត់ភៀសខ្លួនពីការវាយប្រយុទ្ធគ្នា រវាងកងទ័ពវៀតណាម និងខ្មែរក្រហម នៅពេលនោះ ប៉ុន្តែដីស្រែច្រើនពាន់ហិកតារនោះ ត្រូវបានគ្រួសារវៀតណាម និងអាជ្ញាធរមូលដ្ឋានវៀតណាមបានរឹបយក ឬកាន់កាប់ជាកម្មសិទ្ធិនៅពេលពួកគាត់បានវិលត្រឡប់ទៅវិញ៕
ពីវិទ្យុសំឡេងខ្មែរកម្ពុជាក្រោម
No comments:
Post a Comment
yes