ដំណើរវិវឌ្ឍនៃចលនាប្រឆាំងនៅតាមបណ្តាប្រទេសអារ៉ាប់
ជាងមួយសប្តាហ៍កន្លងទៅហើយ ដែលចលនាប្រឆាំងរដ្ឋាភិបាលបានរាលដាលកាន់តែធំឡើងៗ នៅតាមបណ្ដាប្រទេសអារ៉ាប់។ ប្រជាជន ចាប់តាំងពីប្រទេសយេម៉ែន រហូតដល់ម៉ារ៉ុក បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យមានការផ្លាស់ប្តូររបបដឹកនាំ ពីផ្តាច់ការ ទៅប្រជាធិបតេយ្យ។ គិតមកទល់ថ្ងៃចន្ទនេះ ចលនាប្រឆាំងនៅតាមបណ្តាប្រទេសទាំងនេះ នៅតែមិនសន្ទុះខ្លាំងក្លាដដែល បើទោះជាមានការបង្រ្កាបដោយកម្លាំងពីសំណាក់រដ្ឋាភិបាលក៏ដោយ។
រវាងកំណែទម្រង់ និងសង្រ្គាមស៊ីវិល
ចលនាប្រឆាំងបានរាលដាលទៅដល់ប្រទេសម៉ារ៉ុក កាលពីថ្ងៃអាទិត្យ ដោយមនុស្សរាប់ពាន់នាក់បាននាំគ្នាចេញធ្វើបាតុកម្ម ទាមទារឲ្យមានការផ្លាស់ប្តូររបបដឹកនាំ ពីរាជានិយមផ្តាច់ការ ទៅជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញវិញ។ ការប៉ះ
ទង្គិចគ្នាបានកើតមានឡើង ក្រោយពេលដែលប៉ូលិសម៉ារ៉ុកបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកបាតុកម្ម។ ក៏ប៉ុន្តែ រហូត មក ទល់ ពេល នេះ គេនៅមិនទាន់មានរបាយការណ៍អំពីជនរងគ្រោះ នៅក្នុងការប៉ះទង្គិចគ្នានេះនៅឡើយទេ។
យេម៉ែន
ការបង្រ្កាបបាតុកម្មនៅយេម៉ែន កាលពីល្ងាចថ្ងៃអាទិត្យ បានបណ្តាលឲ្យបាតុករម្នាក់ស្លាប់។ នៅព្រឹកព្រលឹមថ្ងៃចន្ទ បាតុករម្នាក់ទៀតត្រូវបានប៉ូលិសបាញ់សម្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងរហូតដល់ ១២នាក់ ចាប់តាំងពីចលនាប្រឆាំងរដ្ឋាភិបាលយេម៉ែនបានផ្ទុះឡើង កាលពីថ្ងៃទី១៦ កុម្ភៈ។
លីប៊ី
ចលនា បាតុកម្ម ដែលទទួលរងការបង្រ្កាបខ្លាំងជាងគេ គឺនៅប្រទេសលីប៊ី។ យោងតាមរបាយការណ៍របស់អង្គការ Human Rights Watch ដែលដកស្រង់ប្រភពពីមន្ទីរពេទ្យលីប៊ី ចាប់តាំងពីចាប់មានចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលលីប៊ីមក មានមនុស្សយ៉ាងតិច ២២៣នាក់ បានបាត់បង់ជីវិត ក្នុងការបង្រ្កាបបាតុកម្ម។ គ្រាន់តែនៅក្នុងថ្ងៃអាទិត្យចំនួនអ្នកស្លាប់ មានដល់ទៅ ៦០នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់នេះ ភាគច្រើន គឺស្លាប់ដោយគ្រាប់កាំភ្លើង។ កូនប្រុសរបស់លោកកាដាហ្វ៊ី បានចេញមុខធ្វើសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ជាតិ ដោយបានព្រមានថា ប្រសិនបើចលនាប្រឆាំងរដ្ឋាភិបាល នៅតែបន្តធ្វើ លីប៊ីអាចនឹងត្រូវធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល។ នៅថ្ងៃចន្ទប្រជាជនលីប៊ីប្រមាណ ៥០០នាក់ បានវាយប្រហារទៅលើការដ្ឋានសំណង់មួយ របស់ក្រុមហ៊ុនកូរ៉េខាងត្បូង។ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា កម្មករជនជាតិកូរ៉េខាងត្បូងមួយចំនួនបានរងរបួស ក្នុងហេតុការណ៍នេះ។ នៅទីក្រុងទ្រីប៉ូលី (Tripoli) រដ្ឋធានីលីប៊ី ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុរបស់រដ្ឋមួយ ត្រូវបានបាតុករវាយកម្ទេច។ អគាររដ្ឋជាច្រើនទៀត ជាពិសេស ស្នងការដ្ឋានប៉ូលិសត្រូវបានបាតុករដុតបំផ្លាញ នៅ ថ្ងៃចន្ទ ។
បារ៉ែន
បាតុកម្មបានបន្តប្រព្រឹត្តទៅ ដោយមិនមានអំពើហិង្សា ក្រោយពីរដ្ឋាភិបាលបារ៉ែនបានសម្រេចដកកងកម្លាំងប្រដាប់អាវុធចេញ ពីកន្លែងបាតុកម្ម កាលពីថ្ងៃសៅរ៍។ នៅពេលនេះ រដ្ឋាភិបាលអំពាវនាវឲ្យបើកការចរចាជាមួយមេដឹកនាំប្រឆាំង ដើម្បីស្វែងរកដំណោះស្រាយចេញពីវិបត្តិ។ ការទាមទាររបស់បាតុករបារ៉ែន ក៏មានលក្ខណៈស្រដៀងគ្នានឹងនៅម៉ារ៉ុកដែរ គឺទាមទារឲ្យរំលាយរបប
រាជានិយមផ្តាច់ការចោល ហើយបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញវិញ ពោលគឺ ស្តេចគ្រងរាជ្យ ក៏ប៉ុន្តែ មិនត្រូវកាន់អំណាចនោះទេ។
ស៊ូដង់
ចលនាប្រឆាំងនៅមិនទាន់រាលដាលទៅដល់ស៊ូដង់នៅឡើយទេ ក៏ប៉ុន្តែ នៅព្រឹក ថ្ងៃចន្ទ មន្រ្តីគណបក្សកាន់អំណាចបានប្រកាសថា លោកប្រធានាធិបតីស៊ូដង់ អូម៉ា អេលបាស្ហៀរ (Omar el-Bachir) នឹងមិនឈរឈ្មោះជាប្រធានាធិបតីទៀតទេ នៅពេលគាត់ផុតអាណត្តិ នៅឆ្នាំ២០១៥ខាងមុខនេះ ៕
ពីវិទ្យុ បារាំង អន្តរជាតិ RFI
No comments:
Post a Comment
yes