ក្រុមហ៊ុន IIS បង្ខាំងស្ត្រីពលករម្នាក់ឲ្យស្លាប់មិនបញ្ជូន
ទៅមន្ទីរពេទ្យ
ដោយ ដែន អយុធ្យា
គ្រួសារស្ត្រីរងគ្រោះម្នាក់អំពាវនាវដល់សមត្ថកិច្ចឲ្យជួយរក យុត្តិធម៌ចំពោះក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ឈ្មោះ IIS INVESTMENT ដែលបានបង្ខាំងស្ត្រីអ្នកជំងឺម្នាក់ដោយមិនបញ្ជូនទៅមន្ទីរពេទ្យ។
បុរសឈ្មោះ ហេង សារឿន ដែលអះអាងថា ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះឈ្មោះ ជឹម សុភាព នៅថ្ងៃទី២៧ ខែកុម្ភៈ បានចោទក្រុមហ៊ុនឈ្មោះអាយអាយអែសអ៊ិនវិសម៉ិន (IIS INVESTMENT) ដែលជាក្រុមហ៊ុននាំពលករខ្មែរចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថាបានបង្ខំប្រពន្ធរបស់ខ្លួនដែលមានជំងឺទុកក្នុងអាគារក្រុមហ៊ុន មិនឲ្យចេញទៅព្យាបាលជំងឺ រហូតដល់ស្លាប់។
ប្រភពបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ជឹម សុភាព រស់នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានធ្លាក់ខ្លួនឈឺចាប់ពីដើមខែកុម្ភៈមកម្ល៉េះ បន្ទាប់ពីបានមកស្នាក់នៅក្នុងអាគារក្រុមហ៊ុន IIS មួយរយៈ ដើម្បីត្រៀមចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ប៉ុន្តែបែរក្រុមហ៊ុនគំរាមមិនឲ្យចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយលើកហេតុផលថា ខ្លាចជនរងគ្រោះមិនវិលមកក្រុមហ៊ុនវិញ។
បុរសជាស្វាមីស្ត្រីរងគ្រោះរៀបរាប់បន្ថែម ៖ «នៅក្រុមហ៊ុនខ្ញុំ បានព្យាយាមម្ដងហើយម្ដងទៀត ដាក់ជីវិតដាក់ប្លង់ដីអីក៏គេអត់យកដែរ។ ថ្ងៃច័ន្ទអាទិត្យមុននេះ ខ្ញុំក៏បានព្យាយាមសុំម្ដាយខ្ញុំបានសំពះ តែគេនិយាយថាគេត្រូវការលុយបង់បានឲ្យចេញ»។
គ្រួសារសពស្ត្រីឈ្មោះ ជឹម សុភាព បានឲ្យដឹងថា ស្ត្រីរងគ្រោះបន្ទាប់ពីបានដាច់ខ្យល់ស្លាប់នៅក្នុងអាគារស្នាក់ នៅរបស់ក្រុមហ៊ុន មានទីតាំងផ្ទះលេខ ២១A ក្រុមទី៦ សង្កាត់កាកាប ខណ្ឌដង្កោ។ តំណាងក្រុមហ៊ុនក៏បានបញ្ជូនសពភ្លាមៗ យកមករក្សាទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ (LICADHO) ដែលបានតាមដានករណីស្លាប់ស្ត្រីរងគ្រោះ បានចាត់ទុកទង្វើរបស់ក្រុមហ៊ុនអាយអាយអែស ថាបានរំលោភទៅលើសិទ្ធិមនុស្សធ្ងន់ធ្ងរ និងទាមទារឲ្យសមត្ថកិច្ចជំនាញបើកការស៊ើបអង្កេតបន្ទាន់មួយ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ ៖ «កាលណាបើទុកមិនបានបញ្ជូនមកព្យាបាល គឺជាករណីរំលោភសិទ្ធិមនុស្សមួយដ៏ធ្ងន់ធ្ងរ»។
លោក អំ សំអាត បន្តថា បច្ចុប្បន្នសពស្ត្រីរងគ្រោះឈ្មោះ ជឹម សុភាព ត្រូវបានក្រុមគ្រួសារនាំយកទៅតម្កល់ទុកនៅក្នុងវត្តទឹកថ្លា ដើម្បីធ្វើបុណ្យតាមប្រពៃណី។
លោក មាស លីអេង ប្រធានរដ្ឋបាលក្រុមហ៊ុនអាយអាយអែស បានបដិសេធន៍មិនផ្ដល់ព័ត៌មានលំអិតជុំវិញការស្លាប់ស្ត្រីរងគ្រោះ ឈ្មោះ ជឹម សុភាព នោះទេ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ។ លោក មាស លីអេង ឲ្យដឹងដូច្នេះ ៖ «បាទខ្ញុំអត់ដឹងទេ ព្រោះអីថ្ងៃនេះថ្ងៃអាទិត្យ ខ្ញុំអត់បានមកក្រុមហ៊ុនទេ សូមអធ្យាស្រ័យ»។
ទោះយ៉ាងនេះក្តី លោក ទូច ណារ៉ុថ ស្នងការនគរបាលក្រុងភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ បានថ្លែងថា សមត្ថកិច្ចនឹងបើកការស៊ើបអង្កេតបន្ទាន់១ ជុំវិញការស្លាប់ស្ត្រីរងគ្រោះឈ្មោះ ជឹម សុភាព បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ៖ «ព័ត៌មានដែលយើងទទួលបានថា គាំងបេះដូង ដូច្នេះគ្រាន់តែជាពាក្យសម្ដីដែលគេនិយាយមកអ៊ីចឹង។ ប៉ុន្តែសំខាន់គឺយើងចង់បានកោសល្យវិច័យពីមន្ទីរពេទ្យថាតើអ្នក ហ្នឹងថ្វីត្បិតតែយកទៅដល់ពេទ្យស្លាប់ ក៏ប៉ុន្តែស្លាប់ដោយសារអី។ ពេទ្យប្រហែលជាដឹងជាងសមត្ថកិច្ច»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោកវេជ្ជបណ្ឌិត សាយ សេងលី ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទេ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ព្រោះលោកមិនទទួលទូរស័ព្ទ។ ប៉ុន្តែតាមលិខិតកោសល្យវិច័យរបស់មន្ត្រីបច្ចេកទេសនៃស្នងការនគរបាល ក្រុងភ្នំពេញ ចេញដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចុះថ្ងៃទី២៧ ខែកុម្ភៈ ផ្ដល់ជូនគ្រួសារសពជនរងគ្រោះដឹកសពចេញពីមន្ទីរពេទ្យនេះ បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ជឹម ភាព បានស្លាប់ដោយសារជំងឺគាំងបេះដូង។
មន្ត្រីអង្គការលីកាដូបានឲ្យដឹងថា ប្រទេសកម្ពុជាមានក្រុមហ៊ុនប្រមាណ៣០ កំពុងធ្វើសកម្មភាពនាំពលករចេញទៅធ្វើការនៅក្រៅប្រទេស ក្នុងនោះពលករខ្មែរដែលបានចេញទៅប្រទេសម៉ាឡេស៊ី គិតត្រឹមឆ្នាំ២០១០ មានជិត ២ម៉ឺននាក់។
ក្រសួងមហាផ្ទៃ និងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ បានចាត់វិធានការបង្ក្រាបក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅ ប្រទេសមួយចំនួន ពីបទបង្ខាំងមនុស្សខុសច្បាប់ ដើម្បីការពារសិទ្ធិពលករខ្មែរ ប៉ុន្តែទង្វើបង្ខាំងពលករខុសច្បាប់ គេសង្កេតឃើញនៅបន្តកើតមាន ដូចជាករណីក្រុមហ៊ុនអាយអាយអែស នេះស្រាប់៕ ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes