តំណាងកម្មករ កម្មការិនីរោងចក្រកាត់ដេរ ណាក់ហ្គេត តិចស្តាយ បានប្រកាសធ្វើកូដកម្មអហិង្សានៅថ្ងៃទី ២៤តុលា ខាងមុខនេះ នៅមុខរោងចក្រ ដើម្បីជំរុញឲ្យក្រុមហ៊ុនគោរពច្បាប់ការងារ គោរពកិច្ចព្រមព្រៀង និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញ មកលើកម្មករ ពីសំណាក់ប្រធានរដ្ឋបាលរោងចក្រ។
រោងចក្រនេះ មានទីតាំងស្ថិតនៅ ផ្លូវទ្រុងមាន់ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានកម្មករសរុបជាង ៥០០ នាក់។ ក្រុមកម្មករគ្រោងធ្វើកូដកម្ម នៅថ្ងៃទី២៤តុលា ដើម្បីទាមទារលក្ខខណ្ឌការងារ ៦ ចំណុច។
លោក សាត់ ឈាងហួ ប្រធានសហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា (CWEF) បាននិយាយកាលពីព្រឹកថ្ងៃទី ២០តុលា នេះថា លោកបានផ្ញើលិខិតមួយច្បាប់ ជូនលោកនាយកក្រុមហ៊ុន ណាក់ហ្គេត តិចស្តាយ កាលពីថ្ងៃទី ១៩ តុលា ឆ្នាំ២០១១ សុំជូនដំណឹងអំពីការងារកូដកម្ម ឬបាតុកម្មអហិង្សា របស់កម្មករនៅថ្ងៃទី២៤តុលា ខាងមុខនេះ គឺយោងតាមច្បាប់ និងបទដ្ឋាននានា ដែលបានកំណត់ ដើម្បីជំរុញឲ្យក្រុមហ៊ុនគោរពច្បាប់ គោរពកិច្ចព្រមព្រៀង ឈប់ធ្វើទុក្ខបុកម្នេញមកលើកម្មករ ពីសំណាក់ប្រធានរដ្ឋបាលរោងចក្រ។
លោក សាត់ ឈងហួ បានសំណូមពរដល់លោកនាយកក្រុមហ៊ុន ទទួលយកនូវសំណូមពរកម្មករចំនួន ៦ ចំណុច គឺ ១-ក្រុមហ៊ុនមិនត្រូវកាត់ប្រាក់បំណាច់ឆ្នាំ របស់កម្មករ ដែលចូលរួមធ្វើកូដកម្ម កាលពីថ្ងៃទី ៤ ដល់ទី ៨ សីហា ឆ្នាំ ២០១១ នោះទេ ព្រោះក្រុមហ៊ុនបានព្រមព្រៀងកាត់នៅឆ្នាំ ២០១២ (កិច្ចព្រមព្រៀងថ្ងៃទី ៨ សីហា ២០១១)។ ២-ក្រុមហ៊ុនត្រូវបើកលុយ ៥ ភាគរយ ឲ្យកម្មករ ដែលក្រុមហ៊ុនបានធ្វើកិច្ចសន្យា មានថេរវេលាកំណត់កន្លងមក មុនការព្រមព្រៀងថ្ងៃទី ៤ សីហា ២០១១។ ៣-សូមឲ្យក្រុមហ៊ុនផ្តល់លុយថ្លៃផ្លូវ (លុយធ្វើដំណើរ) ក្នុងមួយខែ ៥ដុល្លារ ដល់កម្មករឲ្យបានទាំងអស់គ្នា។ ៤-សូមឲ្យក្រុមហ៊ុនដកប្រធានរដ្ឋបាលឈ្មោះ ឌុក សុជាតា ចេញព្រោះគាត់មិនគោរពច្បាប់ ថាគាត់ជាអ្នកបង្កើតច្បាប់ដោយខ្លួនឯង គាត់មិនគោរពច្បាប់ការងារទេ។ ៥- ក្រុមហ៊ុនមិនត្រូវឲ្យកម្មករឈប់សម្រាប់បំណាច់ឆ្នាំ នៅពេលគ្មានផលិតផលឲ្យកម្មករធ្វើនោះទេ និង ៦-នៅពេលក្រុមហ៊ុនគ្មានផលិតផលឲ្យកម្មករធ្វើ ហើយក្រុមហ៊ុនឲ្យកម្មករឈប់សម្រាក ក្រុមហ៊ុនត្រូវផ្តល់ប្រាក់ឈ្នួលជូនកម្មករ ១០០ ភាគរយ ដោយមិនត្រូវឲ្យត្រឹមតែ ៥០ ភាគរយនោះទេ។
តំណាងកម្មកររូបនេះ ក៏បានស្នើសុំដ៏ទទូច ដល់លោកនាយកក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធទាំងអស់ មេត្តាជួយធ្វើអន្តរាគមន៍ រកដំណោះស្រាយសមរម្យណាមួយ នៅមុនថ្ងៃទី២៤តុលា ដើម្បីបញ្ជៀសការធ្វើកូដកម្ម។
ជុំវិញការសុំធ្វើកូដកម្មអហិង្សាខាងលើនេះ អ្នកយកព័ត៌មានយើង មិនអាចសុំការពន្យល់ណាមួយ ពីភាគីថៅកែរោងចក្របាននៅឡើយទេ៕
No comments:
Post a Comment
yes