អតីតមេដឹកនាំផ្ដាច់ការ និងជាបុរសខ្លាំង លោក មួម៉ា កាដាហ្វី បានស្លាប់បាត់បង់ជីវិតហើយ ក្រោយពីរងរបួសនៅក្នុងពេលចាប់ខ្លួននៅជិតទីក្រុងស៊ឺត។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
មន្ត្រីជាន់ខ្ពស់យោធានៃក្រុមប្រឹក្សាបណ្ដោះអាសន្នលីប៊ី បាននិយាយថា លោក កាដាហ្វី បានរងរបួសចំក្បាល និងជើង ខណៈពេលលោកព្យាយាមរត់គេចខ្លួនតាមក្បួនរថយន្តមួយ ដែលស្ថិតក្រោមការវាយប្រហារពីយន្តហោះរបស់កងទ័ពសម្ព័ន្ធមិត្តណាតូ។
ការស្លាប់របស់លោក កាដាហ្វី ដែលបានកើតឡើងយ៉ាងលឿនក្រោយពីការចាប់ខ្លួនលោកនៅជិតទីក្រុងស៊ឺតនោះ គឺជាដំណើរវិវត្តន៍ដ៏សំខាន់បំផុតតែមួយគត់ នៅក្នុងបដិវត្តន៍អារ៉ាប់ ដែលបានទម្លាក់មេដឹកនាំអេហ្ស៊ីប និងទុយនីស៊ី ពីអំណាច និងគំរាមកំហែងដល់ការក្ដោបក្ដាប់អំណាចរបស់មេដឹកនាំស៊ីរី និងយេម៉ែន។
ប៉ុន្តែ ភាគីសម្ព័ន្ធមិត្តណាតូ បាននិយាយថា ពួកគេត្រូវការពេលវេលាដើម្បីបញ្ជាក់ទៅលើសេចក្តីរាយការណ៍នេះ។
ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ និយាយថា ខ្លួនមិនអាចបញ្ជាក់បានទេថា មេដឹកនាំលីប៊ីត្រូវបានគេទម្លាក់ពីអំណាចនេះ ត្រូវបានគេចាប់ខ្លួន ឬយ៉ាងណានោះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក បេត ហ្កូសសេលីន បានថ្លែងប្រាប់រ៉យទ័រថា៖ «យើងបានឃើញសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា ប៉ុន្តែ មិនអាចបញ្ជាក់ពួកគេបានទេ»។មន្ត្រីសេតវិមាន ភ្លាមៗនេះ មិនអាចធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះបានឡើយ។ ចំណែកឯមន្ទីរសន្តិសុខជាតិអាមេរិកប៉ង់តាហ្កោន ក៏បាននិយាយផងដែរថា ខ្លួនមិនអាចបញ្ជាក់លើសេចក្តីរាយការណ៍នេះបានឡើយ។
មន្ត្រីក្រុមប្រឹក្សាបណ្ដោះអាសន្នលីប៊ី (NTC) លោក អាប់ដេល ម៉ាជីដ ម្ល៉េកតា បាននិយាយថា៖ «គាត់(កាដាហ្វី) បានត្រូវគ្រាប់ចំក្បាល។ មានការបាញ់គ្នាយ៉ាងចាស់ដៃប្រឆាំងនឹងក្រុមរបស់គាត់ ហើយគាត់បានស្លាប់»។
ប្រមុខ NTC លោក មូស្តាហ្វា អាប់ដេល ចាលីល៍ នឹងថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជាតិលីប៊ីនៅថ្ងៃនេះ តាមរយៈទូរទស្សន៍លីប៊ីសេរី បន្ទាប់ពីមន្ត្រីយោធាជាន់ខ្ពស់របស់ NTC ប្រកាសជាផ្លូវការអំពីការចាប់ខ្លួន និងការស្លាប់របស់មេដឹកនាំធ្លាក់ពីអំណាច កាដាហ្វី។
ក្រុមមន្ត្រីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍នេះ កំពុងតែញាប់ដៃញាប់ជើង ធ្វើការងារជាមួយក្រុមមន្ត្រីលីប៊ី ដើម្បីបញ្ជាក់អំពីការស្លាប់របស់បុរសខ្លាំងម្នាក់នេះ៕
No comments:
Post a Comment
yes