សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 12, 2011

អ្នកស្រី មូរ សុខហួរ នឹង​ប្ដឹង​ក្រុមហ៊ុន​រឿង​ពលករ​ស្លាប់​នៅ​ប្រទេស​ម៉ាឡេស៊ី

 តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ គ្រោង​ប្ដឹង​ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​សភាជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក្នុង​​ខែ​វិច្ឆិកា​នេះ ដើម្បី​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​មួយ ជុំវិញ​ការ​ស្លាប់​របស់​ពល​ការិនី​ខ្មែរ​ចំនួន ៩ នាក់ យ៉ាង​អាថ៌កំបាំង នៅ​​ប្រទេស​ម៉ាឡេស៊ី នៅ​ឆ្នាំ ២០១១ នេះ ដោយសារ​គ្មាន​ការ​បញ្ជាក់​អំពី​មូលហេតុ​ជាក់លាក់។


 អ្នកស្រី មូរ សូខហួរ មាន​ប្រសាសន៍ ប្រាប់​អ្នក​កាសែត នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា នៅ​ពេល​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ​ថា ករណី​ស្លាប់​នេះ គឺ​ជា​រឿង​ធ្ងន់ធ្ងរ មិន​អាច​ទទួល​យក​បាន​ទេ។
អ្នកស្រី មូរ សូខហួរ បញ្ជាក់៖ «ចំណុច​ទី​១ គឺ​នៅ​ក្នុង​ការ​ដក​ហូត​នៃ​ឯកសារ ដែល​ធ្វើ​ឲ្យ​គ្នា​ទៅ​ជា​អ្នក​ជាប់​គុក នៅ​ប្រទេស​ម៉ាឡេស៊ី​ទៅ​វិញ។ ចំណុច​ទី​២ គឺ​នៅ​ក្នុង​ការ​ដក​ហូត​ប្រាក់ខែ។ អ្នក​ខ្លះ​ធ្វើ​ការងារ ១១ ខែ ឬ​២៤ ខែ គឺ​គេ (ក្រុមហ៊ុន) យក (ប្រាក់) រហូត​ដល់ ៩ ខែ ប្រាក់ខែ​ស្ទើរ​តែ​អស់ រួម​ទាំង​រឿង​ប្រាក់ខែ​ហ្នឹង ថៅកែ​មួយ​ចំនួន អត់​ឲ្យ​ប្រាក់ខែ​កាន់​ទេ។ អ្នក​ខ្លះ ជិត​ដល់​ខែ​ឆ្នាំ​ត្រូវ​មក​ផ្ទះ​ហើយ បង្ក​លក្ខណៈ​ដើម្បី​បង្កើត​ឲ្យ​មាន​រឿង​ទៅ មិន​បង់​ប្រាក់​ឲ្យ​គ្នា​វិញ ហើយ​រឿង​ធំ គឺ​រឿង​ការ​រំលោភ​តាម​ផ្លូវកាយ និង​ផ្លូវ​ភេទ»។
អង្គការ​ការពារ​សិទ្ធិមនុស្ស នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី កំពុង​តែ​ត្រៀម​សហការ​ផ្ដល់​មេធាវី​ប្ដឹង​រឿង​នេះ នៅ​ពេល​សំណុំ​រឿង​ត្រូវ​បាន​ចង​ក្រង​រួច​ហើយ។
លោក​ឧត្ដមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​រឿង​ការ​ស្លាប់​នោះ​ដែរ។ កន្លង​មក អាជ្ញាធរ​បាន​នាំ​ឪពុក​ម្ដាយ​ពល​ការិនី​មួយ​ចំនួន ទៅ​ពិនិត្យ​សាកសព​នៅ​ប្រទេស​ម៉ាឡេស៊ី៖ «ការ​រក​យុត្តិធម៌​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​សមត្ថកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី ពីព្រោះ​វា​ជា​សមត្ថកិច្ច​របស់​គាត់ ដោយសារ​ថា ការ​ស្លាប់​នោះ គឺ​ស្លាប់​លើ​ទឹក​ដី​នៃ​ប្រទេស​ម៉ាឡេស៊ី។ គ្រាន់​យើង​មាន​ការ​ជំរុញ​ឲ្យ​ខាង​ភាគី​ម៉ាឡេស៊ី​នោះ គាត់​រក​ការ​ពិត និង​បើក​ការ​ស៊ើប​អង្កេត​ជា​ដើម»។
វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា លោក អ៊ន ប៊ុនហាក់ បាន​ទេ នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​ជុំវិញ​ការ​ប្ដឹង​នេះ។
កាល​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ឈ្មោះ យូមែន​រ៉ាយ វ៉ច (Human Rights Watch) បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែ​សម្រួល​បទ​បញ្ញត្តិ​មួយ​ចំនួន ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​នាំ​ចេញ​ពលករ ទៅ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពី​បាន​រក​ឃើញ​ថា មាន​ស្ត្រី​កុមារ​ជា​ច្រើន​ពាន់​នាក់ នៅ​ប្រទេស​ម៉ាឡេស៊ី និង​នៅ​មណ្ឌល​ហ្វឹកហ្វឺន​នៅ​កម្ពុជា ទទួល​បាន​នូវ​ការ​ការពារ​តិច​តួច​ណាស់​ពី​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់។ ពលករ​ទាំង​នោះ រង​ការ​គេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម និង​បោកប្រាស់​គ្រប់​ជំហាន។
សិទ្ធិ​សេរីភាព​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ​ត្រូវ​បាន​បិទ និង​គ្មាន​ថ្នាំ​ព្យាបាល នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ។
រហូត​មក​ដល់​ពេល​នេះ មាន​ពលករ​កម្ពុជា​ចំនួន​ប្រមាណ ៥ ម៉ឺន​នាក់ ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នោះ មាន​ពលករ​ចំនួន ៣ ម៉ឺន​នាក់​ធ្វើ​ការងារ​នៅ​តាម​ផ្ទះ។ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​នាំ​ចេញ​ពលករ​សរុប​ចំនួន ៣៤ ក្រុមហ៊ុន នៅ​កម្ពុជា។
ដោយ​ឡែក​ក្រុមហ៊ុន​ឈ្មោះ ធី.អែន.ភី (T&P) បាន​ផ្អាក​សកម្មភាព​ទាំង​ស្រុង​ហើយ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សារាចរ​ចុះ​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ ក្រោយ​ពី​ផ្ទុះ​រឿង​អាស្រូវ​ជួញ​ដូរ​មនុស្ស និង​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់។ ប៉ុន្តែ ក្រុមហ៊ុន​ដ៏​ទៃ​ទៀត កំពុង​តែ​ដំណើរ​ការ​ជា​ធម្មតា៕



ពីវិទ្យុ  អាស៊ីសេរី

No comments:

Post a Comment

yes