សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 12, 2011

អាជ្ញាធរ​ស្រុក​សណ្ដាន់​រារាំង​អ្នក​កាសែត​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​ព្រៃឡង់

​​កម្លាំង​អាជ្ញាធរ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​១0 ខែ​វិច្ឆិកា បាន​រារាំង​អ្នក​យក​ព័ត៌មាន​មួយ​ក្រុម មិន​ឲ្យ​ចូល​ទៅ​យក​ព័ត៌មាន​អំពី​យុទ្ធនាការ​របស់​ប្រជា​សហគមន៍​ការពារ​ព្រៃឡង់។


​​​អ្នក​យក​ព័ត៌មាន ៥​នាក់​មក​ពី​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​ចំនួន​បួន​អង្គភាព ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ រារាំង​មិន​ឲ្យ​ចូល​ទៅ​យក​ព័ត៌មាន​អំពី​ប្រជា​សហគមន៍​ព្រៃ​ឡង់​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ក្បែរ​ក្រុមហ៊ុន​វៀតណាម​អភិវឌ្ឍន៍​ចម្ការ​កៅស៊ូ ឈ្មោះ ស៊ី.អា.ស៊ី.ខេ (C.R.C.K)។
អ្នក​យក​ព័ត៌មាន​នៃ​អង្គភាព​ទាំង​នោះ​មាន លោក ម៉ៃ ទិត្យថារ៉ា មក​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក អ៊ឹម ណាវិន មក​ពី​វិទ្យុ​បារាំង​អន្តរជាតិ លោក ឃួន ណារីម និង លោក ផល វរីហ្ស័រ មក​ពី​ព្រឹត្តិបត្រ​ព័ត៌មាន ឌឹ ឃេមបូឌា ដេលី (The Cambodia Daily) ព្រម​ទាំង​លោក អ៊ួន ឈិន មក​ពី​វិទ្យុ​អាស៊ីសេរី។ 
អ្នក​យក​ព័ត៌មាន​ទាំង ៥​រូប ត្រូវ​បាន​កង​កម្លាំង​នគរបាល​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ២០​នាក់​រារាំង​រយៈ​ពេល​ប្រហែល ១០​នាទី នៅ​ចំណុច​ភូមិ​ជាំ​ប្រអប់​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ ពី​ទី​រួម​ស្រុក​សណ្ដាន់ និង ២០​គីឡូម៉ែត្រ ទៅ​ក្រុមហ៊ុន ស៊ី.អា.ស៊ី.ខេ។
ជា​ដំបូង ក្រុម​ប៉ូលិស​បាន​សួរ​រក​លិខិត​បញ្ជា​បេសកកម្ម បន្ទាប់​មក​សួរ​រក​ប័ណ្ណសំគាល់ខ្លួន​របស់​ក្រុម​អ្នក​យក​ព័ត៌មាន។ បន្ទាប់​មក​ប៉ូលិស​ម្នាក់​នោះ​សន្ទនា​ជាមួយ​ថ្នាក់​លើ​របស់​គាត់​តាម​ទូរស័ព្ទ ក្រោយ​មក​គាត់​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ឲ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ជា​មុន​សិន។
ក្រុម​អ្នក​យកព័ត៌មាន​បាន​សួរ​ក្រុម​មន្ត្រី​នគរបាល​ពី​មូលហេតុ​នៃ​ការ​រារាំង ប៉ុន្តែ​គ្មាន​មន្ត្រី​ណា​ម្នាក់​បញ្ជាក់​ពី​មូលហេតុ​ឡើយ។
អ្នក​យក​ព័ត៌មាន​មក​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក ម៉ៃ ទិត្យថារ៉ា ថ្លែង​ថា ទង្វើ​របស់​មន្ត្រី​អាជ្ញាធរ​គឺ​ផ្ទុយ​នឹង​ច្បាប់​សារព័ត៌មាន៖ មាន​ន័យ​ថា គាត់​ចង់​បំបិទ​សិទ្ធិ​អ្នកសារព័ត៌មាន​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា។ អ៊ីចឹង​មាន​ន័យ​ថា គាត់​កាន់​ជើង​ក្រុមហ៊ុន ដោយ​មិន​បាន​គិត​ពី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​បាន​តវ៉ា ការពារ​ព្រៃឈើ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​របស់​ពួក​គាត់។
អ្នកយកព័ត៌មាន​នៃ​វិទ្យុ​បារាំង​អន្តរជាតិ (RFI) លោក អ៊ឹម ណាវិន យល់​ឃើញ​ថា ការ​ដែល​កម្លាំង​អាជ្ញាធរ​រារាំង​ក្រុម​អ្នកយកព័ត៌មាន គឺ​ជា​ចេតនា​បិទបាំង​បទល្មើស​ព្រៃឈើ ដែល​កំពុង​តែ​កើត​មាន​នៅ​តំបន់​ព្រៃ​ឡង់។
ក្នុង​អំឡុង​ពេល​នៃ​ការ​រារាំង មន្ត្រី​នគរបាល​បាន​ហាម​ក្រុម​អ្នកយកព័ត៌មាន​ថតរូប​ភាព ឬ​វីដេអូ​ជាប់​កង​កម្លាំង​ប្រដាប់​អាវុធ។
ជា​ចុង​ក្រោយ មន្ត្រី​នគរបាល​មួយ​រូប​បាន​ចេញ​មក​ប្រាប់​ថា ក្រុម​អ្នក​យកព័ត៌មាន​អាច​បន្ត​ដំណើរ​ទៅ​មុខ ឆ្ពោះ​ទៅ​ក្រុមហ៊ុន ស៊ី.អា.ស៊ី.ខេ បាន ហើយ​មន្ត្រី​ដដែល​បាន​សុំទោស​ក្រុម​អ្នកយកព័ត៌មាន​ចំពោះ​ការ​ធ្វើ​ឲ្យ​ខាត​ពេល​វេលា៕



ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes