នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងចុះចេញពីមុខតំណែងជានាយករដ្ឋមន្ត្រីអ៊ីតាលីនៅពេលដែលកំណែទម្រង់សេដ្ឋកិច្ចត្រូវបានអនុម័តនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីគណបក្សចំរុះរបស់លោកបានបាត់បង់សំឡេងគាំទ្រភាគច្រើនរបស់ខ្លួននៅក្នុងសភា។
លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី បាននិយាយប្រាប់ក្រុមបណ្តាញសារព័ត៌មានCanale 5 ថា“ បន្ទាប់ពីការអនុម័តច្បាប់ស្តីពីកំណែទម្រង់សេដ្ឋកិច្ចនេះដែលនឹងដាក់បញ្ចូលរាល់សំណើរបស់បណ្តាប្រទេសចាយប្រាក់អឺរ៉ូនេះ ខ្ញុំនឹងលាលែងពីតំណែងនេះ”។
លោកបាននិយាយថា បន្ទាប់ពីការលាលែងតំណែងរបស់លោកនោះ លោកសង្ឃឹមថា ប្រធានាធិបតី(អ៊ីតាលី) លោក ហ្គីអ័រហ្គីអូ ណាប៉ូលីតាណូ នឹងរំលាយសភាចោល ហើយអំពាវនាវអោយមានការបោះឆ្នោតមុនពេលកំណត់។
នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ ទំនងជាមានការរន្ធត់ចិត្តខ្លាំងចំពោះលទ្ធផលនៃការបោះឆ្នោតសភានេះ និងការលាលែងពីតំណែងរបស់លោកដែលបណ្តាលមកពីវិបត្តិប្រាក់បំណុលដែលអ៊ីតាលីបានជំពាក់បំណុលគេដ៏ច្រើននោះ។
លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី បានច្រាលនចោលការព្រមានពីសហភាពអឺរ៉ុបនិងពួកអ្នករិះគន់នៅក្នុងប្រទេសអំពីហិរញ្ញវត្ថុដែលកំពុងមានបញ្ហានេះ ហើយ តំណែងជានាយករដ្ឋមន្ត្រីចំនួន៣អាណត្តិរបស់លោកនៅទីបំផុតត្រូវបញ្ចប់។
បន្ទាប់ពីការប្រកាសអំពីការលាលែងតំណែងរបស់លោកស៊ីលវីយ៉ូ ប៊ែរលូស្កូនី ក្រុមមេដឹកនាំគណបក្សប្រឆាំងបានអំពាវនាវអោយមានការបង្កើនល្បឿនដើម្បីអនុម័តវិធានការស្តីពីការរឹតបន្តឹងការចំណាយថវិការដ្ឋ។
វានឹងអាស្រ័យលើប្រធានាធិបតីអ៊ីតាលីដើម្បីដឹកនាំដំណើរការនៃការវិត្តន៍នយោបាយនេះ បន្ទាប់ពី លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី ចុះចេញពីតំណែង។
លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី ដែលបានឡើងកាន់អំណាចអស់រយៈពេលជិត២០ឆ្នាំមកនេះ បានប្រឈមការអំពាវនាវខ្លាំងឡើងដើម្បីអោយលោកលាលែងពីតំណែង ដោយសាតែការប្រព្រឹត្តអំពើពុករលួយនិងរឿងអាស្រូវផ្លូវភេទ និង ដោយសារសេដ្ឋកិច្ចអ៊ីតាលីបានបន្តចុះខ្សោយ៕
No comments:
Post a Comment
yes