Thursday, November 10, 2011
បងប្អូនជនជាតិដើមភាគតិចប្រារឰពិធីសែនព្រេនសុំសេចក្ដីសុខនិងសុំឲ្យទឹកបឹងយក្សឡោមថ្លាឡើងវិញ
នៅរសៀលថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១១ នៅចំណុចផែទីបីនៃរមណីយដ្ឋានប្រវត្តិសាស្ត្របឹងយក្ខឡោម បងប្អូនជនជាតិដើមភាគតិច បានប្រមូលគ្នាធ្វើពិធីសែនព្រេនអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាបឹងនេះ ដើម្បីសុំនូវសេចក្ដីសុខសប្បាយ និង សុំបួងសួងសូមឲ្យទឹកបឹងយក្ខឡោមថ្លាឡើងវិញ។
ពិធីសែនព្រេននេះ បានធ្វើឡើងក្រោយពីមានកើតព្រឹត្តិការណ៍ទឹកបឹងយក្សឡោមដែលប្រែក្លាយពីថ្លាយង់ទៅជាល្អក់ កាលពីថ្ងៃទី០៤ ខែ វិច្ឆិកា កន្លងទៅនេះ ហើយហេតុការណ៍នេះបានធ្វើឲ្យមានភាពផ្អើលយ៉ាងខ្លាំង។
គេបានសង្កេតឃើញនៅក្បែរផែទីបីមាត់បឹងយក្សឡោមនារសៀលថ្ងៃនោះ បងប្អូនជនជាតិបានធ្វើរានតូចមួយសម្រាប់ដាក់សំណែនក្នុងនោះមានក្បាលជ្រូក សាច់ភ្លៅជ្រូកមួយភ្លៅ ផ្លែឈើ ថ្នាំជក់ សាច់ពំនួតបាយស បាយក្រហម ស្រាពាងលាយឈាមជ្រូក អង្ករចានតូច និង មានធ្វើក្បូនអំពីដើមចេកចំនួនមួយព្រមទាំងដាក់សំណែននៅក្នុងក្បូននោះផង ត្រូវបានគេដង្ហែដាក់បណ្ដែតក្នុងទឹកបឹង។ ជាមួយគ្នានោះបងប្អូនជនជាតិដើមទាំងនោះ បានអុជទាន ធូប ឧទ្ទិសដល់ព្រលឹងអ្នកថែរក្សានៅទីនោះ ព្រមជាមួយនឹងការលេងភ្លេងគងចំនួន៣ បទ តាមប្រពៃណី និង ទំនៀមទម្លាប់របស់ពួកគាត់ទៀតផង។
លោក ទិន លួង ជនជាតិទំពួន និង ជាចៅសង្កាត់យក្សឡោម បានឲ្យដឹងនៅកន្លែងសែនព្រេននោះថា ពិធីសែនព្រេននេះ តម្រូវប្រគំបទភ្លេងចំនួនបីបទ ដែលបទទី១ មានន័យថា សូមអញ្ជើញទេវតាលោក ចុះមកសេពសើយ បាយនំ ចំណី ផ្លែឈើ ដែលកូនចៅបានថ្វាយ និង សូមឲ្យទេវតា ផ្ដល់មកវិញនូវសេចក្ដីសុខ។ ឯ បទទី២ មានន័យថា សូមឲ្យអារក្សអ្នកតា ឬ ដូនតា ដែលបានចែកឋានទៅហើយឲ្យមក សេពសើយ និង ជួយកូនចៅឲ្យមានសេចក្ដីសុខសប្បាយ។
សូមបញ្ជាក់ថា មកដល់ពេលនេះទឹកបឹងយក្សឡោម បានប្រែក្លាយពីល្អក់ឈានទៅថ្លាវិញបន្តិចម្ដងៗ មិនទាន់វិលទៅរកសភាពដើមនៅឡើយទេ។ ទន្ទឹមនឹងពេលបឹងយក្សឡោមកំពុងល្អក់ និងក្រោយពីពេលទឹកល្អក់ ប្រជាពលរដ្ឋមិនថាតែខ្មែរ ឬ បងប្អូនជនជាតិដើមប៉ុណ្ណោះទេ បានមានជំនឿថាមកពីអ្នកណាមួយធ្វើអ្វីខុសទៅនឹងប្រពៃណីទំនៀមទម្លាប់ នៃម្ចាស់ទឹកម្ចាស់ដី នៅទីបឹងនោះហើយអ្នកខ្លះនិយាយថា បានឃើញលេចចេញនូវសត្វផ្សេងៗមកប្រឡែងគ្នាលេងជាដើម។ល។ ក៏ប៉ុន្តែនេះគ្រាន់តែជាជំនឿរបស់ពួកគាត់ប៉ុណ្ណោះ៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes