សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 12, 2011

គណបក្ស​សមរង្ស៊ី​ប្តូរ​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ

 ដើម្បី​ដោះស្រាយ​បញ្ហា​គោលការណ៍​ធ្វើ​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ គណបក្ស​សមរង្ស៊ី បាន​សម្រេច​ឲ្យ​អ្នកតំណាងរាស្ត្រ ដែល​ជា​សមាជិក​រដ្ឋសភា​មួយចំនួន​ចាកចេញ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ព្រឹទ្ធសភា អាណត្តិ​ទី​៣ ដែល​នឹង​ត្រូវ​បោះឆ្នោត​ នា​ថ្ងៃទី​២៩​មករា ឆ្នាំ​២០១២។ ចំណែក​តំណែង​តំណាងរាស្ត្រ​ត្រូវ​ទុក​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​បន្ទាប់​។ ការសម្រេច​នេះ បាន​ធ្វើឡើង ខណៈ​ដែល​ការចុះឈ្មោះ​បញ្ជី​ឈ្មោះ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​ឆ្នោត​ព្រឹទ្ធសភា​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩​វិច្ឆិកា​ខាង​មុខ​។


 យ៉ាងហោចណាស់​មាន​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ៧រូប ត្រូវ​លាលែង​ពី​តំណែង ដើម្បី​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៣ ដែល​នឹង​ត្រូវ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១២​។ ចំណែក​តំណែង​តំណាងរាស្ត្រ​នៅ​រដ្ឋសភា ត្រូវ​ទុកឲ្យ​អ្នក​ឈរ​ឈ្មោះ​បន្ទាប់ តាម​គោលការណ៍​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​របស់​គណបក្ស​សមរង្ស៊ី​។
 
​ប្រធាន​គណបក្ស​សម​រង្ស៊ី ប្រចាំ​ក្រុង​ភ្នំពេញ លោក ហូរ វ៉ាន់ បានឲ្យដឹងថា ការសម្រេច​នេះ ជាគោលការណ៍​រួម ដែល​គណបក្ស​សមរង្ស៊ី​បាន​គោរព​កិច្ចសន្យា​កន្លះ​អាណត្តិ​។
 
​លោក ហូរ វ៉ាន់ ដែល​ត្រូវ​ចាក​ចេញពី​តំណែង​តំណាងរាស្ត្រ ក៏​បាន​បន្ថែមថា លោក​ត្រូវ​ទៅ​ឈរឈ្មោះ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា ដោយ​ទុក​តំណែង​តំណាងរាស្ត្រ ១​ឆ្នាំ​កន្លះ សម្រាប់​អ្នក​ដែល​ឈរ​នៅ​លេខ​រៀង​បន្ទាប់ គិត​ពី​ពេល​បោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២៩​មករា ឆ្នាំ​២០១២​។​
 
​លោក ហូរ វ៉ាន់ បាន​បន្ថែមថា គោលការណ៍​នេះ​ត្រូវបាន​គណបក្ស​សម​រង្ស៊ី​ធ្វើ​រួម​នៅ​គ្រប់​ភូមិភាគ​ទាំង​៨ សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខ​។
 
​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក ហូរ វ៉ាន់ ក៏​បាន​បន្ថែមថា ការសម្រេច​របស់​គណ​បក្ស​សម​រង្ស៊ី​នេះ គឺ​មិន​ចាំបាច់​មាន​ការលាលែង​ពី​តំណែង​អ្នកតំណាងរាស្ត្រ​ទេ ដោយ​គ្រាន់តែ​ព្យួរ​ការងារ​នៅ​រដ្ឋសភា​។ ប៉ុន្តែ​នៅពេល​មិន​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា គឺ​នៅតែ​ធ្វើ​ជា​តំណាងរាស្ត្រ ជាធម្មតា​។​
 
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សមរង្ស៊ី​បាន​លើកឡើង​ថា អ្នកតំណាងរាស្ត្រ ដែល​ត្រូវ​លាលែង​ពី​តំណែង​តំណាងរាស្ត្រ និង​អ្នក​ជំនួស​ថ្មី មាន​ចំនួន ៧​រូប រួមមាន លោក​ហូរ វ៉ាន់ លោក​គួ​យ ប៊ុនរឿន និង​លោកស្រី​កែ សុវណ្ណ​រតន៍ ជាដើម​។ ចំណែក​អ្នក​ត្រូវ​ចូល​ជំនួស​ជា​តំណាងរាស្ត្រ មាន​ជាអាទិ៍ លោក​ដាំ​សិទ្ធិ ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ និង​លោក​កែ​ត ឃី​។​
 
​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ម​រង្ស៊ី នៅ​ទាំង ៨ភូមិភាគ ជា​តំណាងរាស្ត្រ​ដ៏​មាន​ប្រជាប្រិយភាព ដូចជា លោកស្រី មូរ សុខ​ហួរ និង​លោក​យឹម​ សុវណ្ណ រួមទាំង​លោក គង់ គាំ​។​
 
​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា ដែល​ធ្វើ​ជា​អសកល ពោល​គឺ ​មាន​តែ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជា​អ្នកបោះឆ្នោត នៅ​ថ្ងៃ​ទី​២៩​មករា ឆ្នាំ​២០១២ គណបក្ស​សមរង្ស៊ី រំពឹងថា នឹង​ទទួលបាន ១១​អាសនៈ​៕




BY:RFI

No comments:

Post a Comment

yes