ស្រ្តីដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញលើឆាកអន្តរជាតិទាំងពីររូបបានជួបគ្នា នៅក្នុងផ្ទះរបស់លោក ស្រីអ៊ុង សានស៊ូជី ទីដែលលោកស្រីធ្លាប់រស់នៅជាអ្នកទោសក្នុងរយៈពេលប្រមាណ ១៥ឆ្នាំ។ លោក ស្រីគ្លីនតុន និងលោកស្រីអ៊ុង សានស៊ូជី បានជួបគ្នាចំនួនពីរលើក គឺការទទួលទានអាហារពេលល្ងាច ជាលក្ខណៈឯកជន នៅយប់ថ្ងៃព្រហស្បតិ៍ និងជំនួបជាផ្លូវការ នៅថ្ងៃសុក្រ។
នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបជាមួយលោកស្រីគ្លីនតុន មេដឹកនាំប្រឆាំងភូមាបានបង្ហាញ នូវសុទិដ្ឋិនិយមចំពោះដំណើរវិវឌ្ឍន៍នៃនយោបាយរបស់ភូមា។ លោកស្រីអ៊ុង សានស៊ូជី បានមានប្រសាសន៍ថា “ប្រសិនបើយើងធ្វើការនេះជាមួយគ្នា ខ្ញុំជឿជាក់ថា ភូមានឹងធ្វើដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ យើងនៅមិនទាន់ស្ថិតនៅលើផ្លូវប្រជាធិបតេយ្យនៅឡើយទេ ពេល នេះ។ ក៏ប៉ុន្តែ ដោយមានការជួយជ្រោមជ្រែងពីប្រទេសជាមិត្ត យើងសង្ឃឹមថានឹងអាចធ្វើដំណើរទៅដល់គោលដៅរបស់យើងក្នុងពេលឆាប់ៗ”។
គួរបញ្ជាក់ថា ការគាំទ្ររបស់លោកស្រីអ៊ុង សានស៊ូជី គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់អាមេរិក ក្នុង ការចាប់ផ្តើមទំនាក់ទំនងជាមួយរដ្ឋាភិបាលភូមា។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅភូមា នៅពេលនេះ ប្រាកដជាមិនអាចកើតមានបានទេ ប្រសិនបើគ្មានភ្លើងខៀវរបស់លោកស្រីអ៊ុង សានស៊ូជី។
កាលពីខែសីហា លោកស្រីអ៊ុង សានស៊ូជី បានធ្វើដំណើរពីទីក្រុងរ៉ង់ហ្គូន ទៅរដ្ឋធានីណៃពិដោរ ដើម្បីជួបជាមួយលោកប្រធានាធិបតី ថេន សេន ជាលើកទីមួយ។ ចាប់ពីពេលនោះមក ដំណើរ វិវឌ្ឍន៍នៃនយោបាយភូមាហាក់ដូចជាមានល្បឿនលឿនទៅមុខគួរឲ្យកត់សម្គាល់។ មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកបានទៅបំពេញទស្សនកិច្ចព្រមៗគ្នា នៅភូមា។ បន្ទាប់មកទៀត ក្រោយពីបានជជែកតាមទូរស័ព្ទជាមួយលោកស្រីអ៊ុង សានស៊ូជី លោកអូបាម៉ា ក៏បានប្រកាសថា លោកនឹងឲ្យលោកស្រីគ្លីនតុន ទៅបំពេញទស្សនកិច្ចនៅភូមា។
កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានជួបជាមួយលោកប្រធានាធិបតី ថេន សេន លោកស្រីគ្លីនតុនបានប្រកាសថា អាមេរិកនឹងពិចារណា ក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើភូមា ដើម្បីបើកផ្លូវឲ្យភូមាទទួលជំនួយហិរញ្ញវត្ថុពីធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ លោកស្រីក៏បានឲ្យដឹងផងដែរថា អាមេរិក និងភូមា នឹងជជែកគ្នាជាបន្តទៀត អំពីលទ្ធភាពក្នុងភ្ជាប់ទំនាក់ទំនងថ្នាក់ឯក អគ្គរដ្ឋទូតជាមួយគ្នាឡើងវិញ បន្ទាប់ពីបានកាត់ផ្តាច់ តាំងពីក្រោយការបោះឆ្នោត ឆ្នាំ១៩៩០។
នៅថ្ងៃសុក្រនេះ លោកស្រីគ្លីនតុនបានប្រកាសថា គោលដៅនៃការផ្លាសប្តូរនយោបាយរបស់អាមេរិកចំពោះភូមា គឺដើម្បីជំរុញកំណែទម្រង់ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ គេនៅតែមានមន្ទិលសង្ស័យថា តើគោលដៅពិតប្រាកដរបស់អាមេរិកនៅភូមា គឺពិតជាលទ្ធិ ប្រជា ធិបតេយ្យមែន ឬមួយក៏ដើម្បីប្រជែងជាមួយចិន?
RFI
No comments:
Post a Comment
yes