សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 9, 2013

ប្រជា​សហគមន៍​ស្នួល​២នាក់​រត់​គេច​ពី​ការ​គំរាម​សម្លាប់

130109_06
ប្រជាសហ​គមន៍​​​ដែល​ចុះ​ល្បាត​ប្រ​ឆាំង​បទ​ល្មើស​ព្រៃឈើ​ ដុត​ឈើ​ដែល​គេ​លួច​កាប់​បំផ្លាញ​

ប្រជា​ពលរដ្ឋ​២នាក់ ក្នុង​ចំណោម​ប្រជា​សហគមន៍​១០០នាក់ ដែល​បាន​ដើរ​ល្បាត​ព្រៃ​មើល​បទល្មើស​ព្រៃ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​រត់​គេច​ខ្លួន​ទៅ​ទីសុវត្ថិភាព ព្រោះ​តែ​រង​ការ​គំរាម​សម្លាប់​ពី​សមត្ថកិច្ច​ ក្រោយ​ពី​បាន​ដុត​ឈើ​៧​ម៉ែត្រ​គុប ដែល​ប្រទះ​ឃើញ​ជិត​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រង​ការ​កាប់​បំផ្លាញ​ព្រៃ​អនាធិបតេយ្យ។
លោក សន យ៉ាន តំណាង​ប្រជា​សហគមន៍​ព្រៃ​ឈើ​ស្រុក​ស្នួល​ ដែល​កំពុង​គេច​ខ្លួន បាន​ទូរស័ព្ទ​មក​ប្រាប់​ថា គាត់​និង​តំណាង​ម្នាក់​ទៀត​គឺ​អ្នក​ស្រី មុំ សាគីម ត្រូវ​អធិការ​នគរបាល​ស្រុក​ចិត្របុរី គំរាម​សម្លាប់​ក្រោយ​ពី​ពួក​គាត់​បាន​ដុត​ឈើ​ប្រមាណ​៧ម៉ែត្រ​គុប​ចោល ក្នុង​ការ​ចុះ​ដើរ​ល្បាត​ប្រឆាំង​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ចំនួន​៥ថ្ងៃ​។
គាត់​អះអាង​ថា៖​«លោក យ៉ាន ហៀង អធិការ​នគរបាល​ស្រុក​ចិត្របុរី បាន​ទូរស័ព្ទ​មក​គំរាម​ខ្ញុំ​ថា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ក្រ​មួយ​ពូជ ហើយ​ថា របស់​គេ​អាច​រក​បាន តែ​ប្រយ័ត្ន​ជីវិត​រក​មិន​បាន​ទេ​វ៉ើយ»។
លោក យ៉ាន ឲ្យ​ដឹង​ទៀត​ថា​ ឈើ​៧ម៉ែត្រ​គុប​ដែល​ដុត​ចោល​ជា​ឈើ​អធិការ​ស្រុក​រូប​នេះ ទើប​បាន​ជា​លោក​ខឹង​ខ្លាំង ដល់​ថ្នាក់​គំរាម​សម្លាប់​លោក។
លោក​ថា៖« គំរាម​ប៉ុណ្ណឹង​ខ្ញុំ​មិន​ខ្លាច​ទេ​ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ឲ្យ​តែ​ការពារ​ ព្រៃ​បាន​ ប្រហែល​៣ថ្ងៃ​ទៀត​ ខ្ញុំ​នឹង​ទៅ​ជាមួយ​ប្រជា​សហគមន៍​ដើរ​ល្បាត​ព្រៃ​ទៀត​។ ខ្ញុំ​ឆ្ងល់​ណាស់​ខ្លួន​ជា​អ្នក​អនុវត្ត​ច្បាប់​តែ​មិន​គោរព​ច្បាប់ បែរ​ជា​ដាក់​កម្លាំង​ការពារ​មនុស្ស​ខូច ​គ្រប់​ច្រក​ល្ហក​នៅ​កន្លែង​ដែល​នាំ​ឈើ​ចេញ ដោយ​គ្រាន់​តែ​ចាំ​យក​លុយ​ប៉ុណ្ណោះ​។ ខ្ញុំ​ថា ​បើ​មិន​ដាក់​មន្ត្រី​ទាំងនេះ​នៅ​ទី​នោះ​ ប្រហែល​ជា​ឈើ​នៅ​ច្រើន​ជាង»។
អ្នក​ស្រី មុំ សាគីម តំណាង​ប្រជាសហគមន៍​ព្រៃ​ឈើ​ស្រុក​ស្នួល​ដែល​កំពុង​គេច​ខ្លួន បាន​ប្រាប់​តាម​ទូរស័ព្ទ​មក​ដែរ​ថា មុន​នឹង​ប្រជា​សហគមន៍​សម្រេច​ដុត​ឈើ​ទាំង​នោះ​ គឺ​បាន​ប្រាប់​អាជ្ញាធរ​និង​រដ្ឋបាល​ព្រៃឈើ​អស់​ហើយ​ តែ​នៅ​ពេល​ដុត​បែរ​ជា​ចោទ​ពលរដ្ឋ​ថា ​ធ្វើ​ខុស​ច្បាប់​ហើយ​គំរាម​ប្តឹង​និង​សម្លាប់​អ្នក​ណា​ជា​មេ​ខ្លោង​ទៅ​វិញ ។
អ្នក​ស្រី​បញ្ជាក់​​ថា​ ៖ ​«ខ្ញុំ​បាន​​រាយការណ៍​ទៅ​រដ្ឋបាល​ព្រៃ​ឈើ​អំពី​បទ​ល្មើស​ព្រៃ​ឈើ​ដែល​យើង​ រឹប​អូស​បាន​ តែ​គេ​ថា ​គ្មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​ទៅ​យក​ឈើ​នោះ​ទេ​ ឲ្យ​ពួក​យើង​ដឹក​ឲ្យ​គេ​ដល់​កន្លែង​ ហើយ​ដោយ​សារ​តែ​ពួក​យើង​គ្មាន​មធ្យោបាយ​ទើប​សម្រេច​ចិត្ត​ទាំង​អស់​គ្នា​ថា ​ត្រូវ​តែ​ដុត​ចោល​តែ​ម្តង​។ ខ្ញុំ​មាន​ការ​បារម្ភ​ អំពី​សុវត្ថិភាព​របស់​ខ្ញុំ ពីព្រោះ​ទាំង​អាជ្ញាធរ​ក៏​ដូច​ជា​ឈ្មួញ​គំរាម​ខ្ញុំ​គ្រប់​ច្រក​»។​
អ្នក​ស្រី បន្ត​ទៀត​ថា​ ប្រជា​សហគមន៍​បាក់​ទឹក​ចិត្ត​ បន្ទាប់​ពី​បាន​ចុះ​ធ្វើ​ការ​ប្រឆាំង​នឹង​បទ​ល្មើស​ព្រៃឈើ ប៉ុន្តែ​អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​ ចំពោះ​ទង្វើ​និង​តួនាទី​របស់​ពួក​គាត់​។ អ្នក​ស្រី​បន្ត​ថា​ ៖​«​ខ្ញុំ​ឆ្ងល់​ណាស់ ហេតុ​អ្វី​អាជ្ញាធរ​មិន​គាំ​ទ្រ​ពួក​យើង​ជា​អ្នក​ការពារ​ព្រៃ​ បែរ​ជា​ទៅ​កាន់​ជើង​អ្នក​ដែល​បំផ្លាញ​ព្រៃ​វិញ ដោយ​បណ្តោយ​ឲ្យ​ឈ្មួញ​ដើរ​គំរាម​ពួក​យើង​ដោយ​សេរី​ថា​ នៅ​ថ្ងៃ​ណា​មួយ​ពួក​អា​ការពារ​ព្រៃ​នឹង​ឲ្យ​ឯង​ងាប់​ក្នុង​ព្រៃ​ទាំង​អស់ គ្នា​ព្រោះ​រំខាន​អញ​រក​ស៊ី​»​។
កាល​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី​៥ ខែ​ មេសា​ពលរដ្ឋ​ជាង​១០០​នាក់​ មក​ពី​​៥​ឃុំ​ ក្នុង​ស្រុក​ស្នួល​ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​៨០​គ្រឿង ដើម្បី​ល្បាត​ប្រឆាំង​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ រួច​រឹប​អូស​បាន​ម៉ាស៊ីន​អារ​ឈើ​ចំនួន​៧ ដុត​បំផ្លាញ​ឈើ​៧ម៉ែត្រ​គុប​ និង​អាប៊ុល​ឈូស​ដី ១ គ្រឿង។
ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ខាង​លើ នេះ​លោក យ៉ាន ហៀង​ អធិការ​នគរបាល​ស្រុក​ចិត្របុរី​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ លោក​ពុំ​បាន​គំរាម​កំហែង​ប្រជា​សហគមន៍​ណា​ម្នាក់​ទេ ហើយ​លោក​ក៏​ពុំ​មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​នឹង​ឈើ​ដែល​ប្រជាសហគមន៍​បាន ដុត​បំផ្លាញ​នោះ​ដែរ​។ លោក​ប្រាប់​ទៀត​ថា​៖​«​ខ្ញុំ​គ្មាន​បាន​ទៅ​គំរាម​អ្នក​ណា​នោះ​ទេ​ ខ្ញុំ​គ្រាន់​តែ​ថា ហេតុ​អ្វី​បាន​ជា​ទៅ​ដុត​ឈើ​ចោល នោះ​គឺ​ជា​ទង្វើ​ខុស​ច្បាប់ ហេតុ​អី​ក៏​មិន​ទាក់ទង​ទៅ​រដ្ឋ​បាល​ព្រៃ​ឈើ ដុត​វា​ធ្វើ​អី ក្រៅ​ពី​នេះ​ ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​អ្វី​ទាំង​អស់»។
លោក ឈឹម​ សាវុទ្ធ ជា​មន្ត្រី​សម្រប​សម្រួល​គម្រោង​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក ឡើង​ថា មូលហេតុ​ដែល​អាជ្ញាធរ​គំរាម​ប្រជាសហគមន៍​ប្រឆាំង​ទៅ​នឹង​បទល្មើស ព្រៃ​ឈើ​នោះ ប្រហែល​ជា​អាជ្ញាធរ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​របស់​ពួក​គេ​។ លោក​កត់់​សម្គាល់​ថា​៖​«​ប្រសិន​អាជ្ញាធរ​មាន​ឆន្ទៈ​ទប់ស្កាត់​បទ​ល្មើស ​ព្រៃ​ឈើ​នោះ គួរ​តែ​គាំទ្រ​សកម្មភាព​របស់​ប្រជាសហគមន៍​ដែល​ពួក​គាត់​បាន​ធ្វើ មិន​​មែន​ប្រឆាំង​នឹង​ពួក​គាត់​ទេ។ នេះ​ គឺជា​សកម្មភាព​មួយ​ដែល​បញ្ជាក់​ច្បាស់​ថា អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន​នោះ​ គឺជា​អ្នក​បំផ្លាញ​ព្រៃឈើ»៕

No comments:

Post a Comment

yes