សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 5, 2012

ស្ថានភាព​នៃ​ការ​ស្នាក់​នៅ​របស់​កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ


 ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​ដែល​ពុំ​មាន​មុខ​របរ បាន​ជ្រើស​យក​ការងារ​ជា​កម្មករ​រោងចក្រ នៅ​តាម​តំបន់​ទី​ប្រជុំ​ជន ឬ​នៅ​រាជធានី​ភ្នំពេញ។ ដោយសារ​ប្រាក់​ខែ​គោល​មាន​កម្រិត​ទាប ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ទីកន្លែង​ជួល​ស្នាក់​នៅ​របស់​ពួក​គេ​មាន​លក្ខណៈ​មិន​សមរម្យ​ឲ្យ​ផាសុខភាព​ល្អ​ឡើយ។



តើ​ក្រុមហ៊ុន​ដេរ​សំលៀកបំពាក់​មាន​ការ​ទទួល​ខុស​ត្រូវ និង​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ចំពោះ​កន្លែង​ស្នាក់នៅ​ដេក​ពួន​របស់​កម្មករ​ដែរ ឬ​ទេ? 
ថ្មីៗ​នេះ​ក្រុម​ការងារ​នៃ​វិទ្យុ​អាស៊ី​សេរី បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​កន្លែង​ស្នាក់នៅ​ដេក​ពួន​របស់​កម្មករ​កម្មការិនី​មួយ​កន្លែង នៅ​ក្បែរ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ស្ថិត​នៅភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ 
ច្រក​ចូល​ទៅ​កាន់​បន្ទប់​ជួល​ដែល​មាន​ភាព​តូច​ចង្អៀត ដែល​មិន​សូវ​មាន​ពន្លឺ គេ​ឃើញ​មាន​សំរាម និង​សំលៀកបំពាក់​ចាស់ៗ​ពាសពេញ​នៅ​អម​សង​ខាង​ផ្លូវ​ឡើង​ទៅ​កាន់​ជណ្ដើរ​ដ៏​តូច​ចង្អៀត ឆ្ពោះ​ទៅ​កាន់​បន្ទប់​ជួល​របស់​កម្មករ​កម្មការិនី។
ក្នុង​បន្ទប់​ជួល​មួយ​នៅ​ជាន់​ទី​១ ដែល​មាន​ទំហំ​ប្រហែល ៣​ម៉ែត្រ ៤​ជ្រុង និង​​កម្ពស់​ជិត ២​ម៉ែត្រ យើង​សង្កេត​ឃើញ​ថា ពុំ​មាន​ពន្លឺ​ថ្ងៃ​ចូល​ទៅ​ដល់​គ្រប់គ្រាន់​ទេ។ ក្នុង​នោះ​មាន​បន្ទប់​ទឹក និង​បង្គន់​តូច​មួយ ប៉ុន្តែ​ទ្វារ​បន្ទប់​ទឹក​បាក់​ធ្លាក់​ចុះ​ពុំ​អាច​បិទ​បាន​ឡើយ។ 
នៅ​ពី​មុខ​បន្ទប់​ទឹក យើង​ឃើញ​មាន​ចាន​ឆ្នាំង និង​ចង្ក្រាន​ហ្គាស​ដាក់​រៀប​នៅ​លើ​កម្រាល​ឥដ្ឋ។ នៅ​ម្ខាង​ទៀត​នៃ​បន្ទប់ មាន​សំលៀកបំពាក់ និង​មុង​កន្ទេល។ បន្ទប់​ដ៏​តូច​ចង្អៀត​នេះ​មាន​កម្មករ​ជា​យុវជន​យុវតី​ជិត ១០​នាក់ ដែល​មាន​អាយុ​ចាប់​ពី ១៥​ឆ្នាំ ទៅ​ដល់ ២២​ឆ្នាំ ជា​បងប្អូន​សាច់ញាតិ និង​មិត្តភ័ក្ដិ​ជិតស្និត​នឹង​គ្នា។
យុវតី​ឈ្មោះ ឃី សុខរ៉េត អាយុ ១៨​ឆ្នាំ ជា​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ អេ​ខន​តិច​២ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ឲ្យ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​ការចំណាយ​លើ​ការ​ជួល​បន្ទប់​នេះ ពួកគេ​ស្នាក់​នៅ​រួម​គ្នា​ចំនួន ៩​នាក់ ដែល​មាន​បង​ប្អូន និង​អ្នក​ភូមិ​មក​ពី​ស្រុក​ជាមួយ​គ្នា។ 
នាង​បញ្ជាក់​ថា នាង​បាន​ប្រាក់​ខែ​គោល​ចំនួន ៦១​ដុល្លារ ប៉ុន្តែ​ប្រសិន​ជា​ពួកគេ​ធ្វើ​ការ​ថែម​ម៉ោង​បាន​ច្រើន ​គេ​អាច​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ពី ៨០ ទៅ ១០០​ដុល្លារ ក្នុង​១​ខែ។ ប្រាក់​ឈ្នួល​នេះ​ពួកគេ​បាន​ចំណាយ​ទៅ​លើ​ការ​ហូប​ចុក ថ្លៃ​បន្ទប់​ស្នាក់​នៅ និង​រំលែក​ប្រាក់​ខ្លះ​សម្រាប់​ផ្ញើ​ទៅ​ឪពុក​ម្ដាយ​នៅ​ឯ​ស្រុក​កំណើត។ ទាំង​នេះ​គឺ​ជាការ​ចំណាយ​ចម្បង​ជា​រៀង​រាល់​ខែ ដែល​ខាន​មិន​បាន ៖ «យើង​អត់​សូវ​មាន​លុយ​បំបែក​បន្ទប់ យើង​នៅ​ជុំ​គ្នា​អស់​លុយ​តិច»
ខែ សុណង៖ មួយ​ខែ​ប្អូន​ចំណាយ​ប៉ុន្មាន? ឃី សុខរ៉េត៖ជួនកាល ៦​ដុល្លារ ជួន​កាល ៧​ដុល្លារ ទាំង​ទឹក​ទាំង​ភ្លើង​ទាំង​ផ្ទះ។ ប្រាក់​ខែ​សំខាន់​ជាង​គេ​បន្ទប់ និង​ថ្លៃ​ស្ករ ប៊ីចេង ទិញ​ទុក​ហូប​ដល់​ខែ។ ខែ សុណង៖ គេ​នៅ​គ្នា​ច្រើន​អ៊ីចឹង​ពិបាក​អ្វី​ខ្លះ​ប្អូន? ឃី សុខរ៉េត៖ ពិបាក​ដែរ​ពេល​ខ្លះ​អ្នក​ណា​ដើរ​ឡើង​បត់​ជើង​អ៊ីចឹង ដើរ​ទើស​គ្នា អង្កុញ​ជើង​ដេក​អី​ខ្លះ​ទៅ។ ចុះ​យើង​ដេក​ទល់​ក្បាល​គ្នា បន្ទប់​នេះ​ដូច​ថា វា​ពិបាក​ត្រង់ ដូច​ថា កណ្ដុរ កន្លាត ស្រមោច សាច់​ល្អិត​ច្រើន​ហើយ កាត់​អាវ​កាត់​ខោ។ បើ​ខែ​ក្ដៅ​នៅ​មិន​បាន​ទេ​បន្ទប់​នេះ។
យុវជន​ឈ្មោះ គួន រ៉ាម៉ន អាយុ ២២​ឆ្នាំ ជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្នាក់​បន្ទប់​ជួល​ទាំង ៩​នាក់​នេះ បាន​រអ៊ូរទាំ​ថា ពួកគេ​មាន​ការ​លំបាក​ដោយ​សារ​បន្ទប់​ស្នាក់​នៅ​មាន​ភាព​តូច​ចង្អៀត និង​ពុំ​មាន​ខ្យល់​អាកាស​គ្រប់គ្រាន់។ ជា​រៀងរាល់​យប់ ពួក​គេ​ពុំ​សូវ​ទទួល​ទាន​ដំណេក​ស្កប់​ស្កល់​ឡើយ។
នៅ​ខណៈ​ថ្លែង​​ពី​ការ​លំបាក​របស់​ខ្លួន​នេះ យុវជន រ៉ាម៉ន និង​បងប្អូន​របស់​គាត់ បាន​ផ្ទុះ​សំណើច​មួយ​ប្រាវ​បែប​កំប្លែង​ទៅ​វិញ ហាក់​ដូច​ជា​ភ្លេច​ការ​លំបាក​នេះបាន​មួយ​ភ្លេត៖ «គេង​ហ្នឹង​ក្បាល​ទល់​គ្នា ហើយ​ជើង​ខ្ញុំ​ដាក់​ទៅ​ប៉ះ​ជញ្ជាំង ដេក​បញ្ឆិតបញ្ឆៀង​គ្នា​ពេញ​ហ្នឹង អ្នក​ខ្លះ​ដេក​លើក​ដៃ​មក​ប៉ះ ប៉ះ​មុខ​ប៉ះ​មាត់ សក់​មីង​ខ្ញុំ​វែងៗ ចូល​ពិបាក​ដេក​ចង់​ងាប់ គេង​មិន​សូវ​លក់»
នៅ​ឯ​បន្ទប់​ជួល​របស់​កម្មករ​មួយ​ទៀត កម្មការិនី​រោងចក្រ សាន់តិច អាយុ ២៤​ឆ្នាំ​ម្នាក់ ដែល​ភ្ញាក់​ពី​ដំណេក​ទាំង​មមីងមមាំង ទំនង​ដូច​មិន​ទាន់​បាន​ទទួល​ទាន​ដំណេក​ស្កប់​ស្កល់​នៅ​ឡើយ​នោះ បាន​ឲ្យ​ដឹង​ថា នាង​ធ្វើ​ការ​វេន​យប់ ដែល​នាង​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​អ្នក​ធ្វើការ​វេន​ថ្ងៃ​បន្តិច ដោយ​សារ​ដេរ​រាប់​ចំនួន ឬ​ហៅ​ថា​ដេរ​ស៊ី​បុង។ ប៉ុន្តែ​នាង​នៅ​ជួប​ការ​លំបាក​ខាង​ជីវភាព​ដដែល ដោយសារ​ប្រាក់​ឈ្នួល​នៅ​មាន​កម្រិត​ទាប ហើយ​អ្វីៗ​គ្រប់​យ៉ាង​នាង​ត្រូវ​ចំណាយ​លុយ​ទិញ​ទាំង​អស់។ ថ្វី​ត្បិត​តែ​ការ​ស្នាក់​នៅ​មាន​ការ​លំបាក​បន្តិច​មែន ប៉ុន្តែ​នាង​ត្រូវ​តែ​បង្ខំ​ចិត្ត​ទ្រាំ​និង​តស៊ូ៖ «សុទ្ធ​តែ​បង​ប្អូន​ទាំង​អស់ បង​ប្អូន​ជី​ដូន​មួយ​អ៊ីចឹង​នៅ​ជាមួយ​គ្នា»
ខែ សុណង៖ បន្ទប់​ស្នាក់នៅ​ហ្នឹង​នៅ​ដល់​ទៅ ៧​នាក់ យល់​ថា​ពិបាក​ទេ ចង្អៀត​ទេ? កម្មការិនី៖ អត់​អី​ផង ព្រោះ​អី​យើង​មាន​វេន​យប់​វេន​ថ្ងៃ ខ្លះ​អ៊ីចឹង​វា​ដូរ​គ្នា អត់​សូវ​ចង្អៀត​ទេ។ ធម្មតា​ម្នាក់ ១០​ដុល្លារ ចេញ​ថ្លៃ​បន្ទប់​ទៅ សល់​ប៉ុន្មាន​យើង​ទិញ​ប្រដាប់ប្រដា​ប្រើ​ទាំង​អស់​គ្នា ទិញ​អីវ៉ាន់​ប្រើប្រាស់ ខោ​អាវ​ស្លៀក​ពាក់​អ៊ីចឹង​ទៅ ទិញ​គ្រប់​សព្វ និយាយ​ទៅ ១​ខែៗ។
បន្ទាប់​ពី​ផ្ដល់​សម្ភាសន៍​រួច​ហើយ នាង​បាន​ប្រាស​ខ្លួន ហើយ​ទាញ​ភួយ​មក​ទទូរ​បន្ត​ដំណេក​របស់​នាង​ត​ទៅ​ទៀត ដោយ​មិន​គិត​ខ្វល់ខ្វាយ ឬ​អៀនខ្មាស​ចំពោះ​អ្នក​នៅ​ជុំវិញ​ខ្លួន​នោះ​ឡើយ។
បើ​តាម​សហជីព​សេរី​កម្មករ កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​ប្រមាណ ៤០​ម៉ឺន​នាក់។ សមាគម​រោងចក្រ​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ កម្ពុជា​មាន​រោងចក្រ​នៅ​ក្នុង​បញ្ជី​សមាគម​ចំនួន​ជាង ៣០០​រោងចក្រ។
នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ដឹង​ថា វិស័យ​វាយនភណ្ឌ​សំលៀកបំពាក់ ដែល​បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​គិត​ជា​ទឹក​ប្រាក់​ក្នុង​រយៈពេល ៩​ខែ ដើម​ឆ្នាំ​២០១១ មាន​ចំនួន​ជាង ៣.៦០០​លាន​ដុល្លារ។ រី​ឯ​ការ​នាំ​ចេញ​នៅ​ឆ្នាំ​២០១០ មាន​ចំនួន​ជាង ២.៧០០​លាន​ដុល្លារ គឺ​បាន​កើន​ឡើង​ជិត ៣៧​ភាគរយ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១០។
ដោយសារ​តែ​វិស័យ​នាំ​សំលៀកបំពាក់​ចេញ​មាន​ភាព​រីកចម្រើន​ និង​ជា​ប្រភព​ចំណូល​ដ៏​ចម្បង​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​នោះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​មតិ​ថា រដ្ឋាភិបាល ​និង​ក្រុមហ៊ុន​ដាច់​ខាត​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​របស់​កម្មករ។
លោក អាត់ ធន់៖ «ទាំង​ក្រុមហ៊ុន​អ្នក​ផលិត​ និង​ទាំង​ទី​ផ្សារ​អ្នក​បញ្ជា​ទិញ​បន្ត គឺ​សមរម្យ លើស​ពី​ការ​សមរម្យ​ហើយ នេះ​គឺ​ជា​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​ដែល​យើង​បាន​ជួប​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក ។ តាម​ការ​វិភាគ ទាំង​ក្រុមហ៊ុន និង​យើង ប្រហែល​ជា ២៥​ភាគរយ​ទេ នៃ​លុយ​ចំណូល ប៉ុន្តែ ៧៥​ភាគរយ​គឺ​លុយ​នៅ​អន្តរជាតិ។ អ៊ីចឹង​គ្រាន់​តែ​បន្ថែម និង​បង្កើន​ការ​ទទួល​ខុស​ត្រូវ​ផ្ដល់​ឲ្យ​កម្មករ​ ខ្ញុំ​គិត​ថា ត្រូវ​តែ​ចំណេញ។ សព្វ​ថ្ងៃ​ពាក្យ​ថា ខាត​គ្មាន​ទេ ពី​ព្រោះ​យើង​ទិញ​ទាំង​វត្ថុ​ធាតុ​ដើម ទាំង​ពី​កម្លាំង​ផលិត ទាំង​ពី​ការ​នាំ​ចេញ រហូត​ដល់​ការ​ផ្ដល់​ពី​អ្នក​បញ្ជា​ទិញ​មក គឺ​យើង​វិភាគ​ទៅ​ដល់​អ្នក​ទិញ​ខោអាវ​មួយៗ​នេះ​ទៀត»
យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ជាតិ ខេមរា ធ្លាប់​បាន​ថ្លែង​ការពារ​ថា ភាគី​រោងចក្រ គឺ​មាន​ការ​ទទួល​ខុស​ត្រូវ​កម្មករ​ក្នុង​រោងចក្រ និង​បាន​គោរព​ច្បាប់​ការងារ។ រី​ឯ​ជីវិត​រស់នៅ​របស់​កម្មករ​នៅ​ក្រៅ​រោងចក្រ​គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​កម្មករ​ម្នាក់ៗ។ លោក​បន្ត​ថា អ្នក​បញ្ជា​ទំនិញ​គេ​ដឹង​តែ​ធ្វើ​ម៉េច​ឲ្យ​ទំនិញ​គ្រប់​ចំនួន និង​ទាន់​ពេល​ប៉ុណ្ណោះ ពុំ​នោះ​ទេ​ថៅកែ​រោងចក្រ​ និង​រង​ការ​ការ​ផាក​ពិន័យ ឬ​ត្រូវ​ចុះ​ថ្លៃ​ទំនិញ នោះ​ជា​លក្ខខណ្ឌ​ចាំបាច់​ដែរ​ភាគី​រោងចក្រ​ត្រូវ​តែ​គិត​ជា​កត្តា​ចម្បង។ 
បើ​ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ហៅ​កាត់​ថា CLEC មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា និយោជក​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ ដែល​មាន​កត្តា ២​សំខាន់ គឺ​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវ​តែ​ធ្វើការ​កែ​ទម្រង់​ជា​រៀង​រាល់​ពេល ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​លក្ខខណ្ឌ​នៃ​កំណើន​សេដ្ឋកិច្ច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​ត្រូវ​ឆ្លើយ​តប​ពី​តម្រូវ​ការ​ចាំបាច់​របស់​កម្មករ និង​អ្នក​នៅ​ក្នុង​បន្ទុក។ លោក​បាន​វាយ​តម្លៃ​ថា ដោយ​សារ​ការ​មិន​គិត​គូរ​ដល់​កម្មករ​នេះ​ហើយ ជា​លទ្ធផល​ដូច​ដែល​បាន​ឃើញ​នៅ​ចុង​ឆ្នាំ​២០១១​នេះ គឺ​កម្មករ​បាន​ដួល​សន្លប់​ជា​ក្រុមៗ។
លោក មឿន តុលា បញ្ជាក់​ថា អ្នក​ធ្វើ​អាជីវកម្ម​ក៏​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ ​និង​គោរព​សិទ្ធិ​មនុស្ស​ជា​ចម្បង​ដែរ៖ «ពាក់ព័ន្ធ​នឹង​អាជីវកម្ម​វិញ ​គឺ​មិន​មែន​មាន​ន័យ​ថា គាត់​ចំណាយ​ឲ្យ​គេ​ចំនួន​ប៉ុណ្ណេះ​ទៅ ហើយ​គេ​ទៅ​រស់នៅ​ម៉េច​រស់នៅ​ទេ អា​នេះ​គឺ​ជា​រឿង​របស់​កម្មករ មិន​មែន​មាន​ន័យ​អ៊ីចឹង​ទេ បើសិន​ជា​អ្នក​ធ្វើ​អាជីវកម្ម​គាត់​និយាយ​បែប​ហ្នឹង ហើយ​អ្នក​ប្រើប្រាស់ គេ​បាន​ឃើញ​គេ​បាន លឺ​នូវ​អ្វី​ដែល​គាត់​បាន​អះអាង ប្រហែល​ជា​អ្នក​ទិញ​នោះ គេ​ប្រាកដ​ជា​មិន​ទិញ​សំលៀកបំពាក់ ឬ​ក៏​ទិញ​ទំនិញ​របស់​គាត់​ទេ ព្រោះ​ថា អ្នក​ប្រើប្រាស់​នោះ ក្រៅ​អំពី​គុណភាព និង​តម្លៃ​នៃ​ផលិតផល​នោះ ក៏​គេ​គិត​មួយ​ទៀត​ដែរ ថា​តើ​អាវ​មួយ​ដែល​គេ​ទិញ​ពី​ស្រុក​ខ្មែរ​នៅ​តំបន់​អាស៊ី​នោះ តម្លៃ​ហ្នឹង​មាន​បាន​គោរព លើក​ស្ទួយ​សិទ្ធិ​កម្មករ​អត់?»
ក្នុង​មាត្រា​១០៧ នៃ​ច្បាប់​ស្ដី​ពី​ការងារ​បាន​ចែង​ថា ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​ធានា ត្រូវ​រៀបចំ​ឡើង​ដោយ​មិន​គិត​ថា ​វិជ្ជាជីវៈ​ណា ឬ​មុខ​របរ​ណា​ឡើយ។ ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ត្រូវ​ធានា​នោះ​អាច​ប្រែប្រួល​ទៅ​តាម​ភូមិភាគ តាម​លក្ខណៈ​សេដ្ឋកិច្ច​ដែល​សម្រាប់​កំណត់​លក្ខខណ្ឌ​ជីវភាព។ ប្រាក់​ឈ្នួល​អប្បបរមា​នេះ ត្រូវ​កែ​សម្រួល​ទៅ​តាម​ដំណាក់កាល​នៃ​ការវិវត្តន៍​ស្ថានភាព​សេដ្ឋកិច្ច និង​តម្លៃ​ជីវភាព​រស់នៅ។
ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​កម្មករ ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១ ក៏​បាន​ចេញ​នូវ​គោលការណ៍​ណែនាំ​មួយ​តាម​រយៈ​សៀវភៅ​គោលការណ៍​ណែនាំ​ស្ដី​ពី ធុរកិច្ច និង​សិទ្ធិ​មនុស្ស​ ដែលក្នុង​នោះ​មានចែង​អំពី​ទំនួល​ខុស​ត្រូវ​របស់​សាជីវកម្ម​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស ដោយ​បាន​កំណត់​ថា សហគ្រាស​ពាណិជ្ជកម្ម គួរ​តែ​គោរព​សិទ្ធិ​មនុស្ស។
អ្នក​សង្កេត​ស្ថានភាព​រស់នៅ​របស់​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​មួយ​រូប បាន​ថ្លែង​ថា ក្រុមហ៊ុន​ធំៗ​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​អឺរ៉ុប ដែល​បញ្ជា​ទិញ​សំលៀកបំពាក់​ពី​កម្ពុជា ​អាច​នឹង​ពិចារណា​ឡើង​វិញ​លើ​ការ​បញ្ជា​ទិញ​សំលៀកបំពាក់​ពី​កម្ពុជា ប្រសិន​បើ​ពួកគេ​បាន​ឃើញ​ស្ថានភាព​ស្នាក់នៅ​របស់​កម្មករ​មិន​មាន​ផា​សុខភាព​បែប​នេះ។
សម្រាប់​កម្មករ​កម្មការិនី​ដែល​វិទ្យុ​អាស៊ី​សេរី បាន​ជួប​សម្ភាស​ទាំង​នោះ​ថ្លែង​ថា ជីវិត​ការងារ​ជា​កម្មករ​រោងចក្រ​គ្រាន់​តែ​ជា​កិច្ចការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ទប់ទល់​ជីវភាព​រស់​នៅ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ មិន​អាច​ឲ្យ​ពួកគេ​មាន​លំនឹង​ក្នុង​ជីវិត​បាន​ឡើយ។ បញ្ហា​ប្រាក់​ខែ​នៅ​មាន​កម្រិត​ទាប គួបផ្សំ​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទី​ផ្សារ​ស្ទើរ​គ្រប់​ប្រភេទ​មាន​តម្លៃ​ថ្លៃ​ទៅៗ ធ្វើ​អោយ​ពួកគេ​មិន​មាន​លទ្ធភាព​ជួល​បន្ទប់​ស្នាក់​នៅ​ល្អ​ប្រសើរ​ជាង​នេះ​ឡើយ៕


RFA

No comments:

Post a Comment

yes