សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 5, 2012

សៀវភៅថ្មីជាកាដូសម្រាប់ ហ៊ុន សែន និងភិរិយាក្នុងខួបមង្គលការលើកទី ៣៦ ឆ្នាំ


 ភ្នំពេញ៖ អ្នក​កាសែត​កម្ពុជា​មួយរូប​នៅ​ថ្ងៃទី ៥ មករា ឆ្នាំ ២០១២ នេះ បាន​ចេញ​ផ្សាយ​សៀវ​ភៅ​ថ្មី​មួយ​ដែលជាស្នាដៃនិពន្ធ​របស់​ខ្លួន​​មាន​ចំណង​ជើងថា «ហ៊ុន សែន – នយោ​បាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​ ៤០ ឆ្នាំ»។
សៀវ​ភៅ​ដែល​មាន​ចំនួន​ជាង ៣៥០ ទំព័រ​ជា​ភាសារខ្មែរ​នេះបាន​ចេញផ្សាយ​នៅ​ថ្ងៃទី ៥ មករា វេលាម៉ោង ១៣:០០ ដែលត្រូវ​ជា​ថ្ងៃរំលឹកខួប​មង្គល​ការ​​របស់​​លោក ហ៊ុន សែន និង ភរិយា (៥ មករា ឆ្នាំ ១៩៧៦ ជា​គូទី ១៣)។
​​សៀវ​ភៅរៀប​រាប់​ពី​ព្រឹត្តិ​ការណ៍​​ដោយ​សង្ខេប​​ស្ដី​ពី​​​នយោបាយ និង​​​អំណាច ព្រម​ទាំង​​​បញ្ហា​សង្គម​​មួយ​ចំនួន​ទៀត​​​​​​ដែលបាន​​កើត​មាន​​នៅ​ក្នុង​​ប្រវត្តិសាស្ត្រ​កម្ពុជា​​នា​អំឡុង​​ពេល​បួន​ជំនាន់​ក្នុង​ចន្លោះ​ឆ្នាំ ១៩៧០ និង​​​​​​ចុង​ឆ្នាំ ២០១១។
លោក ឆាយ សុផល ជា​អ្នក​សារព័ត៌មាន​​ដែល​មាន​បទ​ពិសោធន៍​ជិត ២០ ឆ្នាំ​ និង​​​​​ជា​អ្នក​និពន្ធ​សៀវ​ភៅ​នេះ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សាព័ត៌មាន​ថា  សៀវភៅ​ដែល​​​​មាន​លក្ខណៈ​ជា​​​ប្រវត្តិសាស្រ្តនេះបាន​​​បង្ហាញ​​ពី​​ព្រឹត្តិការណ៍​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​​ការ​​គ្រប់គ្រង​​នយោបាយ និង​​អំណាច​​​ ពី​​ដំណើរ​​ជីវិត​​​ស្នេហា និង​​​គ្រួសារ​​របស់​លោក ហ៊ុន សែន និង ភរិយា។
លោក សុផល បាន​បន្តថា សៀវភៅ​នេះ​​ក៏​បាន​ផ្ដោត​លើ​ឥស្សរជន​នយោ​បាយ​​សំខាន់ៗ​ជាច្រើន​ទៀត​នៅ​ក្នុង​សង្គម​កម្ពុជា​ ដូចជា​ព្រះមហា​វីរក្សត្រ នរោត្តម សីហនុ ​និង​​​សមាជិក​រាជវង្សានុវង្ស​​មួយ​​ចំនួន សម្តេច សឺន សាន លោកសេនា​ប្រមុខ លន់ នល់ មេដឹក​នាំ​កំពូលៗ​​របស់​​​ខ្មែរ​ក្រហម​ ព្រម​ទាំង​ឯកឧត្ដម សម រង្ស៊ី និងឯកឧត្ដម ​កឹម សុខា ជាដើម ។
នៅ​ក្នុង​សេចក្តី​ផ្តើម​នៃ​សៀវភៅ​នេះ​​បានបង្ហាញដែរ​​​ពី​បណ្តា​​​ប្រទេស​​ដែលបាន​ប្រទាក់​​​ក្រឡា​គ្នា​​​ក្នុង​​ជម្លោះ​នៅ​​កម្ពុជា​កន្លងមក ដូចជា អាមេរិក អង់គ្លេស ចិន រុស្សី និង​ពួក​​​​​សម្ព័ន្ធមិត្ត ព្រម​ទាំង​​​បណ្ដា​ប្រទេសជា​សមាជិក​​​អាស៊ាន។
លោក ឆាយ សុផល បាន​​បញ្ជាក់​ថា ការ​​សរសរ​​សៀវ​ភៅនេះ​គឺ​លោក​បាន​​ធ្វើ​ឡើង​​​ទាំង​​​នៅ​ក្នុង​​​ប្រទេស​និង​ក្រៅ​ប្រទេស ដោយ​​​ពេល​ខ្លះ​បាន​សរសេរ​នៅ​ពេល​​​ជិះ​រថយន្ត​​ក្រុង ​រថភ្លើង និង​យន្ត​ហោះ​កំពុង​ធ្វើ​ដំណើរ។
លោក​បាន​បន្ថែម​ថា «ខ្លឹមសារ​នៅ​ក្នុង​​សៀវភៅ​នេះ​​គឺខ្ញុំ​បាន​យោង​លើឯកសារ​ចំនួន ៨៣ ដែល​មាន​ទាំង​ក្រដាស ទាំង​សំឡេង រូប​ភាព ​វីដេអូ ​និង​គេហទំព័រ។ ខ្ញុំបាន​បញ្ចូល​​ពី​អ្វី​ដែល​ជា​ការ​​ចង​ចាំ ជា​​​កំណត់ត្រា​ និងជា​បទ​ពិសោធន៍​ផ្ទាល់​របស់​ខ្ញុំ​ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​បម្រើ​ការ​​ងារ​ពី​ឆ្នាំ ១៩៩០ មក»។
លោក ឆាយ សុផល ​បាន​អះអាង​ថា ​លោក​ក៏​​បាន​​បញ្ចូល​​កំណត់ត្រា និង​កិច្ច​សម្ភាសន៍​​ដោយ​ផ្ទាល់​​រវាង​រូបលោក​ជាមួយ​លោក​ ហ៊ុន សែន តាម​ទូរស័ព្ទ​កន្លង​មក​ផង​​ និង​​កិច្ច​សម្ភាសន៍នានាជាមួយ​លោក ហ៊ុន សែន ​ក្នុង​ចំណោម​ក្រុម​អ្នក​​សារព័ត៌មាន​​​​ផ្សេងៗ​ទៀត​​ផង។
លោក​​បាន​បញ្ជាក់ថា «ខ្ញុំបានចំណាយ​ពេល​ជិត​២​ឆ្នាំក្នុងការសរសេរ​សៀវភៅ​នេះ បន្ទាប់​​ពីប្រមូល​ឯកសារទុក​អស់រយៈពេល​ជាង​១០ឆ្នាំ​មក។ ខ្ញុំ​សរសេរ​ដើម្បីឲ្យ​​អ្នក​អាន​​ដឹង​ពី​អ្វីដែល​បាន​កើតមាន​ឡើង​នៅ​ក្នុងប្រទេស​កម្ពុជា​កាល​ពីអតីតកាល»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ដែល​បាន​អានសៀវភៅនេះ​​ទាំង​ស្រុងនោះ​បាន​មាន​ប្រសាសន៍ថា​ សៀវភៅ​នេះ​គឺ​ជា​ស្នាដៃនិពន្ធមួយ​គួរ​ឲ្យ​​សរសើរ ព្រោះ​សៀវ​ភៅ​នេះអ្នកនិពន្ធ​បាន​ឆ្លុះបញ្ជាំងគ្រប់​ទិដ្ឋភាព​ទាំង​អស់ និង​មាន​លក្ខណៈ​វីជ្ជា​ជីវៈ។
លោកបន្តថា មានព្រឹត្តិការណ៍​ខ្លះដែលរៀបរាប់​​នៅក្នុង​សៀវ​ភៅ​នេះ​ក៏​លោក​​​មិន​​បាន​ដឹង​ពីមុនមក​ដែរ ដូច្នេះសៀវភៅនេះបាន​រំលឹកលោកឲ្យ​នឹក​ឃើញ​ឡើង​វិញ​ពី​ព្រឹត្តិការណ៍​​​កាល​ពីអតីតកាល។
បើតាម​ការ​ឲ្យ​ដឹង​ពីលោក ខៀវ កាញារីទ្ធ គឺថា កន្លងមក​មាន​តែ​បរទេស​​ទេ​ដែល​សរសេរ​សៀវភៅ​ប្រវត្តិសាស្រ្ត​បែប​នេះ ហើយ​ឥឡូវគឺ​​មាន​អ្នកសារព័ត៌មាន​ខ្មែរ​ដែល​​ចេះចងក្រង​ឯកសារ​ដ៏មាន​សារ​សំខាន់នេះ។
លោក ឆាយ សុផល ជា​​និពន្ធ​​នាយក​​​សារព័ត៌មាន​ Cambodia News ដែលមាន​ពីរ​​​​​ភាសា​គឺ​ភាសា​​អង់គ្លេស និង​ភាសាខ្មែរផ្សាយនៅ​​​គេហទំព័រ www.thisiscn.com និង​​​ជា​​មន្ត្រី​​អប់រំ​​ក្លឹប​អ្នក​កាសែត​កម្ពុជា៕

No comments:

Post a Comment

yes