ភ្នំពេញ: ម្ចាស់សណ្ឋាគារ និងអាជ្ញាធរ បានរារាំង មិនឲ្យក្រុមអង្គការសង្គមស៊ីវិល និងប្រជាជន មកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ ប្រទេស បានជួបប្រជុំគ្នា នៅក្នុងវេទិកាថ្ងៃទី២ ត្រូវនឹងថ្ងៃទី៣០មីនា ឆ្នាំ២០១២ ឡើយ។ វេទិកានោះ បានបើកធ្វើ កាលពីថ្ងៃទី២៩មីនា និងត្រូវបញ្ចប់នៅថ្ងៃទី៣១មីនា ឆ្នាំ២០១២ នៅសណ្ឋាគារ ឡាក់គី ស្តារ ជិតផ្សារដើមគរ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ធន សារាយ ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក ដែលបានចូលរួមក្នុងវេទិកាអង្គការសង្គមស៊ីវិល និងប្រជាជនអាស៊ាន បានឲ្យដឹងថា អាជ្ញាធរ និងម្ចាស់សណ្ឋាគារ មិនឲ្យក្រុមអង្គការសង្គមស៊ីវិលអាស៊ាន លើកឡើងពីបញ្ហាដីធ្លី បញ្ហាប្រទេសភូមា ជនជាតិដើមភាគតិច និងបញ្ហាសាងសង់ទំនប់វារីអគ្គិសនី នៅក្នុងវេទិកាជួបជុំ នាព្រឹកថ្ងៃទី២៩មីនា ឆ្នាំ២០១២ទេ។ អាជ្ញាធរ និងម្ចាស់សណ្ឋាគារ ក៏បានរារាំង មិនឲ្យសង្គមស៊ីវិលអាស៊ាន លើស្លាក បដា ក្នុងវេទិកាជួបជុំនោះឡើយ។
លោក ធនសារាយ បានលើកឡើងថា "រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន មិនគួរព្រួយបារម្ភពីការជួបប្រជុំរបស់អង្គការសង្គមស៊ីវិល និងប្រជាជនអាស៊ាន នាពេលនេះពេកទេ ព្រោះយើងធ្វើនៅតាមអូតែល ដែលជារឿង យើងធ្លាប់ធ្វើកន្លងមក។ យើងជួបប្រជុំនេះ ដើម្បីប្រមូលមតិយោបល់ពីប្រជាពលរដ្ឋ ក្នុងបណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសបញ្ហារបស់ប្រជាជននៅកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ដើម្បីដាក់ជូនរាជរដ្ឋាភិបាល បណ្តាប្រទេសអាស៊ាន ប្រជុំដោះស្រាយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា ចាប់ពីថ្ងៃទី៣០មីនា ដល់ថ្ងៃទី២មេសា ឆ្នាំ២០១២"។
លោក ធន សារាយ បានបន្ថែមថា "គួរតែរាជរដ្ឋាភិបាលកម្ពុជា បើកទូលាយ ព្រោះនៅប្រទេសដទៃ ដែលជាសមាជិកអាស៊ាន គេអាចប្រជុំបាន ដោយគ្មានការរំខាន នៅក្នុងពេលកន្លងមក។ ដូច្នេះកម្ពុជាគួរតែធ្វើឲ្យមានភាពចាស់ទុំ ស្របតាមប្រទេសសេរីពហុបក្ស កុំឲ្យមានតែឈ្មោះ"។
សូមរម្លឹកថា វេទិកាប្រជាពលរដ្ឋ និងសង្គមស៊ីវិល អាស៊ាន ដែលបានធ្វើឡើងនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ នៅសណ្ឋាគារ ឡាក់គី ស្តារ ក្នុងរាជធានីភ្នំពេញ គឺជាក្រុមអង្គការសង្គមស៊ីវិល ដែលមានជំហរឯករាជ្យ មកពីបណ្តាប្រទេសសមាជិកអាស៊ាន បូករួមទាំងកម្ពុជា។ ចំណែកវេទិកាប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល អាស៊ាន មួយទៀត ក៏ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី២៨មីនា ដល់ថ្ងៃទី២៩មីនា ឆ្នាំ២០១២ នៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី។
វេទិកាសង្គមស៊ីវិល និងប្រជាជនអាស៊ាន នៅសាលសន្និសីទចតុមុខ គឺមានការគាំទ្រពីរដ្ឋាភិបាល។ តំណាងអង្គការសង្គមស៊ីវិល និងប្រជាជនអាស៊ាន នឹងត្រូវជួបជាមួយនឹងមេដឹកនាំអាស៊ាន នារសៀលថ្ងៃទី៣មេសា ឆ្នាំ២០១២ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ៕
No comments:
Post a Comment
yes