ភ្នំពេញៈ ភាគច្រើននៅពេលព្រឹក កម្មការិនីកាត់ដេរ រួមទាំងកញ្ញា វិច្ឆិកា ទិញអាហារពីអ្នកលក់នៅតាមចិញ្ចើមផ្លូវក្រៅរោងចក្ររបស់នាង ដែលកំពុងធ្វើការ។
នាងនិយាយថា សម្លសាច់គោ និងសាច់ជ្រូក ជារឿយៗ ធ្វើឲ្យកម្មករមានជំងឺឈឺពោះ។ នៅខែកញ្ញានេះ កញ្ញា វិច្ឆិកា និងសហសេវិករបស់នាង បានសន្លប់នៅពេលកំពុងបំពេញការងារ។ វាធម្មតាទេ សម្រាប់អាហារដែលត្រូវចំណាយពេលរាប់ម៉ោង នៅក្រោមកម្តៅថ្ងៃក្តៅហែង វាជានិច្ចកាលមិនមានអនាម័យ និងមិនមានឱជារសទេ។ ទោះជាយ៉ាងនេះក្តី ក៏វាមានការទាក់ទាញត្រង់ថា វាមានតម្លៃថោក។
កញ្ញាវ័យ ២០ ឆ្នាំរូបនេះ ដែលបាននិងកំពុងធ្វើការ នៅក្នុងរោងចក្រសម្លៀកបំពាក់មួយអស់រយៈពេលពីរឆ្នាំមកហើយនោះ បាននិយាយថា៖«ខ្ញុំមិនអាចមានលុយចំណាយ លើម្ហូបឆ្ងាញ់បានទេ។ វាថ្លៃណាស់»។
កាល ពីសប្តាហ៍មុន សកម្មជនយុទ្ធនាការសម្លៀកបំពាក់ស្អាត (CCC )បានធ្វើពុតជាសន្លប់ដើម្បី ចំអកនៅក្នុងហាងសម្លៀកបំពាក់ទំនើបៗទូទាំងអឺរ៉ុប ដើម្បីទាក់ទាញដល់ស្ថានភាពការងារដែលកម្មករកម្ពុជា ស៊ូទ្រាំ ខណៈដែលកំពុងតែដេរសម្លៀកបំពាក់ឲ្យក្រុមហ៊ុន ដែលមានស្លាកយីហោធំៗ ដូចជា H&M, Gap និងLevi's ជាដើម។ យុទ្ធនាការរបស់ CCC បានបញ្ជាក់ច្បាស់ថា«ប្រាក់ខែតិចតួច» នឹងការទទួលអាហាររូបត្ថម្ភមិនគ្រប់គ្រាន់ រួមចំណែកដល់ការសន្លប់ទាំងហ្វូងៗ នៃកម្មករនៅកម្ពុជា។ យុទ្ធនាការនេះ បានបញ្ជាក់ថា ដំណោះស្រាយសាមញ្ញ ហើយងាយ គឺត្រូវផ្តល់ប្រាក់ខែដល់កម្មករខ្មែរឲ្យបានគ្រប់គ្រាន់ សម្រាប់ជីវភាពរស់នៅ ដែលជាចំនួនប្រាក់អប្បរមាដែលគេត្រូវការ ដើម្បីបំពេញតាមតម្រូវការចាំបាច់របស់ពួកគេ។
យោងតាមសហជីព និងក្រុមការងារ Asia Floor Wage Alliance ប្រាក់ខែសមរម្យសម្រាប់កម្មករខ្មែរ គួរតែ ២៨១ ដុល្លារក្នុងមួយខែ។ ទោះបីជាមួយនឹងការដំឡើងប្រាក់បន្ថែម ១០ ដុល្លារក្នុងមួយខែក៏ដោយ ក៏ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករកាត់ដេរ គឺ ៨៣ ដុល្លារ ដែលរួមមានប្រាក់ឧបត្ថម្ភ និងប្រាក់លើកទឹកចិត្ត។
លោកស្រី Carin Leffler អ្នកសម្របសម្រួល CCC របស់ប្រទេសន័រវេសបានថ្លែងថា ដោយឧស្សាហកម្មរបស់កម្ពុជា កំពុងតែចាប់ផ្តើមពន្លក ការនាំចេញបានកើនឡើង ១ ពាន់លានដុល្លារ ក្នុងអំឡុងត្រីមាសទីមួយ នៃឆ្នាំ២០១២ ដែលក្រុមហ៊ុនធំៗ មានកាតព្វកិច្ច ត្រូវកាត់បន្ថយគម្លាតប្រាក់ឈ្នួលនេះ។ លោកស្រី មានប្រសាសន៍បន្តថា៖ «មានតួអង្គមួយចំនួនដែលទទួលបានប្រយោជន៍ ពីប្រាក់ឈ្នួលតិចតួចខ្លាំង និងតម្លៃសម្លៀកបំពាក់ថោក។ វាមានសារៈសំខាន់ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា តម្លៃពលកម្មក្នុងសម្លៀកបំពាក់មួយធម្មតា មានពី ១ ទៅ ៣ ភាគរយនៃតម្លៃលក់រាយ»។
លោកស្រី បានបញ្ជាក់ថា ក្រុមហ៊ុនធំៗទាំងនេះ និងអតិថិជន ក៏គួរតែត្រៀមខ្លួន ចំណាយថែមទៀតសម្រាប់ផលិតផល។ លុយនោះ គួរតែហូរចូលទៅកម្មករ។ កម្មករ មានសិទ្ធិទទួលបានការរស់នៅឲ្យបានសមរម្យ។
ចាប់តាំងពី ជំរុញគំនិតអំពីប្រាក់ឈ្នួល ក្នុងអំឡុង«វេទិការបស់ប្រជាពលរដ្ឋ» នៅរាជធានីភ្នំពេញកាលពីខែកុម្ភៈរួចមក លោកស្រី Anannya Bhattacharjee អ្នកសម្របសម្រួលអន្តរជាតិរបស់ Asia Floor Wage Alliance ទទួលបានការឆ្លើយតបតិចតួចពីក្រុមហ៊ុនទាំងនោះ។ លោកស្រី បញ្ជាក់ថា៖«យើងបើកទូលាយដល់កិច្ចពិភាក្សា ជាមួយក្រុមហ៊ុននេះ ថាតើចំណាត់ការអ្វីខ្លះ ត្រូវបិទភ្ជិតគម្លាតនេះ..ពួកគេ កំពុងតែអះអាងថា ពួកគេ កំពុងតែធ្វើការសិក្សាស្រាវជ្រាវ។ ប៉ុន្តែរហូតមកដល់នឹងពេលនេះ មិនមានក្រុមហ៊ុនណាមួយ បានអង្គុយចរចាជាមួយយើងទេ»។
លោកស្រី បានបញ្ជាក់ថា៖«ក្រុមហ៊ុនទាំងនេះ កំពុងតែបង់ប្រាក់មួយចំនួន ទៅឲ្យក្រុមហ៊ុនចែកចាយ តម្លៃនោះ គឺទាបគួរសម។ យើង ដឹងថា ក្រុមហ៊ុនទាំងនេះ ចំាបាច់ត្រូវដំឡើងថ្លៃ...ហើយ ផ្តល់ប្រាក់ដល់ឧស្សាហកម្មដើម្បីឲ្យកម្មករ ទទួលបានប្រាក់គ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅ»។
ក្រុមហ៊ុន Levi's, Gap និង H&M មិនបានឆ្លើយតបនឹងការសាកសួរតាមសារអេឡិចត្រូនិកពីកាសែតភ្នំពេញ ប៉ុស្តិ៍ទេ អំពីថា តើការផ្តល់ប្រាក់ដល់កម្មករ នៅក្នុងរោងចក្ររបស់ពួកគេ ដែលថា ប្រាក់ឈ្នួល សម្រាប់ជីវភាពរស់នៅជាអាទិភាពឬ យ៉ាងណាទេ។
ប៉ុន្តែអ្នកនាំ ពាក្យក្រុមហ៊ុន Asia-Pacifi Levi Strauss & Co បានថ្លែងថា ក្រុមហ៊ុនរបស់លោកស្រី ព្រួយបារម្ភពីកម្មករ កម្ពុជា ហើយកំពុងរិះរកមធ្យោបាយដែលអាចធ្វើឲ្យលក្ខខណ្ឌការងារកាន់តែ ល្អប្រសើរឡើង។
លោកស្រីថ្លែងថា៖ «យើងកំពុងធ្វើការជាមួយនឹងឧស្សាហកម្ម រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាសិទិ្ធកម្មករ និងសុខុមាលភាពកម្មករនៅកម្ពុជា»។ «ក្រុមហ៊ុនយើងធ្វើការជាមួយនឹងរដ្ឋាភិបាល សហជីព ឧស្សាហកម្ម សមាគម និងភាគីដទៃទៀត ដែលព្យាយាមកំណត់ថា តើសម្រេចបានប្រាក់ឈ្នួល ដែលឲ្យកម្មកររស់នៅបាន និងលើកកម្ពស់ជីវភាពរបស់កម្មករ ដោយរបៀបណា»។
លោក ខេន លូ ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា មិនអាចទាក់ទងបានទេ។
អតីត កម្មករកាត់ដេរអ្នកស្រីសូរ៉ាមី បាននិយាយពាក្យថា លាហើយរោងចក្រកាត់ដេរ ជាមួយនឹងមិត្តភកិ្តរបស់នាង ហើយបានផ្លាស់ទៅផ្ទះខ្ទមលេចរយីករយាក ដែលនាងហៅថា ជាផ្ទះរបស់នាង១២ ឆ្នាំមកហើយ ខណៈដែលធ្វើការនៅរោងចក្រមួយ ដែលនៅក្បែរផ្ទះជួលនៅខេត្តកណ្តាល។
អារម្មណ៍លាយឡំជាមួយនឹង ការវិលត្រឡប់របស់នាង នៅពេលនាងត្រឡប់ទៅស្រុកកំណើតរបស់នាង នៅខេត្តកំពង់ស្ពឺ។ នាង មានអារម្មណ៍ធូរស្បើយក្នុងចិត្ត ពេលនៅរួមជាមួយនឹងមិត្តភក្តិ ៨នាក់ផ្សេងទៀត នៅពេលដែលនាងដេកនៅពេលយប់ ប៉ុន្តែនាង បាក់ទឹកចិត្ត ព្រោះនាងមិនបានរកប្រាក់ឲ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់ទៅឲ្យម្តាយមេម៉ាយរបស់នាង។
នាង និយាយបន្តថា៖ «គ្រប់ពេលដែលខ្ញុំធ្វើជាកម្មកររោងចក្រ ខ្ញុំមិនដែលបានញ៉ាំអាហារឆ្ងាញ់ម្តងណាទេ។ ខ្ញុំបានចំណាយប្រាក់ពី ៥០០ ឬ ១០០០ រៀលសម្រាប់អាហារមួយពេល។ ខ្ញុំ គ្រាន់តែញ៉ាំវា ដើម្បីបំពេញក្រពះរបស់ខ្ញុំកុំឲ្យវាឃ្លានខ្លាំងពេកតែប៉ុណ្ណោះ ប៉ុន្តែវាមិនមានអាហាររូបបត្ថម្ភទាល់តែសោះ។
កម្មកររោងចក្រជាច្រើន រស់នៅក្នុងខ្ទមរយីករយាកជុំវិញកន្លែងធ្វើការរបស់ពួកគេ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា៖«កម្មករភាគច្រើន រស់នៅក្នុងបន្ទប់តូច ជាមួយនឹងកម្មករច្រើននាក់ផ្សេងទៀត។ ដំបូលលិច ភួយ និងខ្នើយរបស់ពួកគេ ធំក្លិនមិនល្អ ហើយកន្ទេលដេករបស់ពួកគេ ភាគច្រើន គឺនៅលើកម្រាលឥដ្ឋផ្ទាល់។ ពួកគេ ហូបនៅកន្លែងដែលពួកគេដេក នេះជាជីវិត សម្រាប់កម្មករកាត់ដេរ»។ លោក អាត់ ធន់ បានគាំទ្រប្រាក់ឈ្នួលសម្រាប់ជីវភាពរស់នៅ ២៨០ ដុល្លារក្នុងមួយខែ ប៉ុន្តែប្រាក់ឈ្នួលបែបនោះ សម្រាប់កម្មកររាប់សែននាក់នៅក្នុងឧស្សាហកម្មនេះ វាស្ថិតនៅឆ្ងាយនៅឡើយ។ លោកបញ្ជាក់ថា៖«ការសិក្សាមួយទៀត កាលពីឆ្នាំ២០០៩ បានបង្ហាញថា កម្មករ ត្រូវការប្រាក់យ៉ាងតិច ១២០ដុល្លារក្នុងមួយខែ ដើម្បីផ្គត់ផ្គង់គ្រួសារមួយដែលមានសមាជិក ៤នាក់។ បីឆ្នាំក្រោយមកតួលេខនេះ អាចត្រូវការប្រមាណ២០០ដុល្លារ។ យើងត្រូវតែធ្វើការចំពោះរឿងនេះ»។
យោងតាមលោកDave Welsh នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអាមេរិក សម្រាប់សាមគ្គីភាពការងារអន្តរជាតិ បានថ្លែងថា ប្រាក់ឈ្នួល ២៨០ ដុល្លារ គឺសមស្របណាស់ទៅហើយ ប៉ុន្តែជាអកុសល នៅពេលនេះវាគ្រាន់តែជាការ «ស្រមើលស្រមៃតែប៉ុណ្ណោះ»។ អង្គការរបស់លោក នឹងបន្តចរចាជាមួយនឹងក្រុមហ៊ុនធំៗអំពីផែនការមួយ ដើម្បីឲ្យពួកគេឧបត្ថម្ភដល់គម្រោងម្ហូបអាហារដែលនឹងផ្តល់ អាហារដល់កម្មករ។
លោក Welsh បានថ្លែងបន្តថា៖«រឿងនេះ នឹងលុបបំបាត់ការចំណាយរបស់ពួកគេប្រមាណ៦៥ ភាគរយ ដោយដកវាចេញពីសម្ពាធអតិផរណា»។
លោក Welsh បានសង្កត់ធ្ងន់ថា ការដំឡើងប្រាក់ឈ្នួលតិចតួច ធ្វើឲ្យរដ្ឋាភិបាលមើលទៅល្អមើល ប៉ុន្តែជាញឹកញាប់ ម្ចាស់ផ្ទះ និងអ្នកលក់ម្ហូបអាហារ ដូច«នៅទីប្រជុំជន»នៅជុំវិញរោងចក្រ បានឡើងថ្លៃដើម្បីឆ្លើយតបតាមកម្មករដែលមានប្រាក់បន្ថែម។ លោក បញ្ជាក់ថា៖ «រឿងនេះ អាចត្រូវគេដោះស្រាយបាន តាមរយៈការកំណត់តម្លៃជាមួយម្ចាស់ផ្ទះ»។
កញ្ញា វិច្ឆិកា និងសហសេវិករបស់នាង ដែលបានសន្លប់នៅកន្លែងធ្វើការកាលពីដើមខែនេះបានបញ្ជាក់ជាចុង ក្រោយថា៖«ខ្ញុំ ដឹងថា ខ្ញុំនឹងមិនសន្លប់ទេប្រសិនបើខ្ញុំ បានញ៉ាំម្ហូបឆ្ងាញ់មានអាហាររូបត្ថម្ភគ្រប់គ្រាន់»៕
No comments:
Post a Comment
yes