រាជធានីភ្នំពេញ ៖ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកគិត សុផា អភិបាលខណ្ឌ និងលោកប៊ន សំអាត អធិការប៉ូលិសខណ្ឌ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឯក ឆេងហួត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានមួយបង្ហាញមុខក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងប្រេងម្រះព្រៅព្រមទាំងម៉ាស៊ីន ឧបករណ៍ និងវត្ថុដែលជាសារធាតុផ្សំសម្រាប់ផលិតគ្រឿងញៀនជាច្រើនមុខទៀត ។
សន្និសីទកាសែតនោះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៤ ឧសភា នៅក្នុងសាលប្រជុំសាលាខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីប្រតិបត្តិការបង្ក្រាបខាងលើត្រូវបានបញ្ចប់ និងប្រមូលនូវសម្ភារឧបករណ៍ពាក់ព័ន្ធគ្រឿងញៀននោះ ទុកមួយកន្លែងរួចមក ។ លោកវរសេនីយ៍ទោ ប៊ន សំអាត អធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំនេះ បានចាប់ផ្តើមឡើងកាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១២ ដោយចាប់ផ្តើមពីភូមិអង្គកែវ សង្កាត់ចោមចៅ ។ ដោយមានការបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ គិត សុផា ហើយក្នុងកិច្ចការបង្ក្រាបនោះកម្លាំងរបស់លោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងដកហូតបានប្រេងម្រះព្រៅ៣៤ប៊ីដុង ព្រមទាំងសារធាតុផ្សំជាច្រើនមុខទៀត ។
លោកអធិការបានបន្តទៀតថា បន្ទាប់ពីចាប់បានរថយន្តដឹកប្រេងម្រះព្រៅ និងសារធាតុផ្សំរួចមកលោកបានរាយការណ៍ជូនថ្នាក់លើ និងបន្តសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរខណ្ឌចំនួន៣ទៀត មានខណ្ឌសែនសុខ ចំការមន និងខណ្ឌមានជ័យ ដោយឃាត់ខ្លួនមនុស្ស១១នាក់ ព្រមទាំងដកហូតប្រេងម្រះព្រៅ សារធាតុផ្សំជាច្រើនមុខ ឧបករណ៍ និងម៉ាស៊ីនសម្រាប់ផលិតគ្រឿងញៀនដែលស្ថិតនៅក្នុងទីតាំងផ្សេងពីគ្នាចំនួន៥ទីតាំងទៀត ។ ប្រតិបត្តិការនេះ ធ្វើឡើងរយៈពេលពីរថ្ងៃទើបត្រូវបានបញ្ចប់ ឯមនុស្សទាំង១១នាក់ដែលត្រូវឃាត់ខ្លួននោះមានតែ៨នាក់ប៉ុណ្ណោះ ដែលត្រូវចាប់ខ្លួនជាប់ពាក់ព័ន្ធគឺជនជាតិវៀតណាម៦នាក់ និងខ្មែរ២នាក់ ។
លោកអធិការបានបញ្ជាក់ថា ជនពាក់ព័ន្ធនិងសង្ស័យថាជាម្ចាស់សម្ភារគ្រឿងញៀនខាងលើនោះមាន៖
លោកអធិការបានបញ្ជាក់ថា ជនពាក់ព័ន្ធនិងសង្ស័យថាជាម្ចាស់សម្ភារគ្រឿងញៀនខាងលើនោះមាន៖
១-ឈ្មោះង្វៀង វឿកថាញ់ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរមើលការខុសត្រូវទីតាំងក្រុមហ៊ុនខេ អេចអិន ធីហ្គោល ស្ថិតនៅផ្ទះលេខ៦៩C ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
២-ឈ្មោះចូវ យ៉ាំងដាំង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករចំហុយប្រេងម្រះព្រៅ ។
៣-ឈ្មោះចូវ យ៉ាំងថឹក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្រប់គ្រង និងការងារបច្ចេកទេសនៅក្នុងក្រុមហ៊ុនខេ អេច អិនធីហ្គោល ។
៤-ឈ្មោះង្វៀង ធីធូតាំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិវៀណាម ។
៥-ឈ្មោះង្វៀង ភឿង ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម ។
៦-ង្វៀង ធីងឹង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ។
៧-ឈ្មោះឯក ចាន់ផាន់នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។
៨-ឈ្មោះសាន សុខសម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ។ ជនសង្ស័យទាំង៨នាក់នោះស្នាក់នៅក្នុងក្រុមហ៊ុនខេ អេច អិនធីហ្គោល។
ក្រោយពីឃាត់ខ្លួនដកហូតវត្ថុធាតុដើមផលិតគ្រឿងញៀនខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតប្រាក់១.២០១០ដុល្លារ លុយខ្មែរ៥.៤០០.០០០រៀល រថយន្តម៉ាក BMW មួយគ្រឿងពណ៌ស្ករ ពាក់ស្លាកេលខភ្នំពេញ 2S-3666 និងរថយន្តទួរីសមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខឆ-៣៨៩៥ ភព២ ព្រមទាំងម៉ូតូបីគ្រឿងផងដែរ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៨នាក់ខាងលើនៅពុំទាន់ដឹងថា នរណាម្នាក់ជាមេខ្លោងនៅក្នុងការផលិតគ្រឿងញៀននៅឡើយទេ ហើយនរណាមានទោសកម្រិតណាក៏មិនទាន់ដឹងដែរ រង់ចាំតុលាការវិនិច្ឆ័យទើបដឹង ។ ទោះបីជាបែបណា គឺជាមោទនភាពមួយសម្រាប់ប្រទេសយើងដែលបង្ក្រាបបានទីតាំងផលិតគ្រឿងញៀនដ៏ធំបែបនេះ ៕
No comments:
Post a Comment
yes