ភ្នំពេញៈ ក្រុមគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅថ្មីកាលពីឆ្នាំមុន ដើម្បីត្រួសត្រាយផ្លូវដល់គម្រោងស្តារផ្លូវរថភ្លើងជាតិឡើងវិញ បានធ្លាក់ខ្លួនជំពាក់បំណុល គេ ហើយកំពុងត្រូវបណ្តេញចេញពីដីដោយអ្នកផ្តល់កម្ចីក្រៅផ្លូវការ។ នេះបើតាមអ្នកតំណាងសហគមន៍ត្រពាំងអញ្ចាញ បានថ្លែងកាលពីម្សិលមិញ។
អ្នកស្រី រស់ បុប្ផា ថ្លែងថា ៤ គ្រួសារត្រូវបានបណ្តេញចេញពីទីនោះ ក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ បន្ទាប់ពីមិនអាចសងប្រាក់ដែលពួកគេបានខ្ចីយកមកសង់ទីលំនៅលើដីរបស់ខ្លួន។
អ្នកស្រីបញ្ជាក់ថា៖«ប្រជាជនទាំងនេះមួយចំនួនគ្មានប្រាក់បង់ការទៅ ឲ្យម្ចាស់បំណុលរហូតដល់ទៅ៥ខែ។ ដូច្នេះ ម្ចាស់បំណុលបានព័ទ្ធរបងជុំវិញផ្ទះរហូតទាល់តែពួកគេបង់សង ប្រាក់»។
ប្រជាជនប្រហែល ១៦០ គ្រួសារត្រូវបានផ្លាស់ទីលំនៅថ្មីមកត្រពាំងអញ្ចាញ ដើម្បីទុកដីសម្រាប់គម្រោងស្តារផ្លូវរថភ្លើងនៅកម្ពុជា ដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលនិងផ្តល់មូលនិធិជាចម្បង ដោយធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារអូស្រ្តាលីដើម្បីការអភិវឌ្ឍអន្តរជាតិ (ហៅកាត់ AusAID)។
អ្នកស្រី បុប្ផា បន្តថា៖ «យើងបានស្នើសុំធនាគារអភិវឌ្ឍន៍អាស៊ីឲ្យជួយយើង...តើយើងមាន ប្រាក់សន្សំពីណា បើយើងគ្មានប្រាក់ទិញម្ហូបអាហារផងនោះ?»។
រឿងរបស់អ្នកស្រីដូចគ្នានឹងការចេញរបាយការណ៍មួយដោយសមាគម ធាងត្នោត មានចំណងជើងថា «បាត់បង់ដី ៖ ការវាយតម្លៃឆាប់រហ័សពីបំណុលគ្រួសារនៅត្រពាំងអញ្ចាញ» ដែលថា គ្រួសារជាច្រើនរកប្រាក់បានតិចជាងនៅទីតាំងចាស់របស់គេ ប៉ុន្តែវានៅតែមិនច្បាស់ថា តើប៉ុន្មានដែលជាប់បំណុល។
របាយការណ៍នោះបានឲ្យដឹងទៀតថា៖ «គ្រួសារមិនបានទទួលសេចក្តីណែនាំទាក់ទងនឹងថា តើពួកគេអាចព្យាយាមកសាងផ្ទះថ្មីដោយរបៀបណាឡើយ ក្នុងថវិកាសំណងមានកម្រិតនេះ»។
«គ្រួសារបានប្រគល់បង្កាន់ដៃច្បាប់ដើម ជារបស់ធានានិងកម្ចី [ហើយ] កិច្ចសន្យាចែងថា ម្ចាស់បំណុលមានសិទិ្ធរឹបអូសយកដីរបស់អ្នកខ្ចី ប្រសិនបើអ្នកខ្ចីខកខានមិនបានបង់ការប្រាក់តាមការព្រមព្រៀងទេ នោះ»។
ប្រាក់ចំណូលប្រចាំខែរបស់គ្រួសារមួយៗធ្លាក់ចុះពី ៣៣០ដុល្លារក្នុង១ខែ មកត្រឹម១៦ ដុល្លារហើយពួកគេបានខ្ចីប្រាក់ គេ ១ ៦៥០ដុល្លារមកសង់ផ្ទះ។
អ្នកស្រី សុខ ហូរ អាយុ ៤៧ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថាអ្នកស្រីបានខ្ចីប្រាក់ ១៥០០ ដុល្លារពីអ្នកផ្តល់កម្ចីឯកជនហើយអាចបង់សងបានតែ ៥០ដុល្លារនៃប្រាក់ត្រូវបង់សងប្រចាំខែ៧០ដុល្លារ។ អ្នកស្រីថា៖ «ខ្ញុំបារម្ភពីការបាត់បង់ផ្ទះ»។
លោក ចាន់ ស្យាយ៉ា មេភូមិ៤នៅត្រពាំងអញ្ចាញ បានថ្លែងថា លោកបានព្យាយាមបញ្ឈប់ម្ចាស់បំណុលកុំឲ្យសង់របងជុំវិញផ្ទះហើយ អ្នកខ្លះបានយល់ព្រម។
លោក អែ សារុំ អ្នកសម្របសម្រួលកម្មវិធីនៅសមាគមធាងត្នោត ថ្លែងថា ភាគីដែលពាក់ព័ន្ធចាំបាច់ត្រូវជួយដោះស្រាយពីបញ្ហាបំណុល។
លោកលើកឡើងថា៖ «យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី និង AusAID ឲ្យចាត់វិធានការដើម្បីធានាថា គ្មានគ្រួសារណាមួយក្រោមគម្រោងនេះ បាត់បង់ដីដោយសារបំណុលនោះឡើយ»។
អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍អាស៊ីបានថ្លែងថា ធនាគារកំពុងពិភាក្សាជាមួយនឹងរដ្ឋាភិបាលអំពីបំណុលនោះ។
អ្នកនាំពាក្យនោះបញ្ជាក់ថា៖ «ក្រោមគម្រោងបន្តស្តារប្រាក់ចំណូល មូលនិធិដំបូងនឹងត្រូវផ្ទេរក្នុងពេល១ ខែ ដល់ក្រុមជួយខ្លួនឯង ដែលត្រៀមជាស្រេចដើម្បីចាប់ផ្តើម។ កម្មវិធីនេះមានសុវត្ថិភាពសង្គម ដែលគ្រួសារផ្លាស់ទីលំនៅថ្មីអាចប្រើប្រាស់បាន ក្នុងពេលមានវិបតិ្តនិងអាសន្ន»។
អ្នកនាំពាក្យស្ថានទូតអូស្រ្តាលី បានឲ្យដឹង ស្ថានទូតនឹងផ្តល់ការឆ្លើយតបពេញលេញនៅថ្ងៃនេះ។
លោក ញាណ ឡេង អនុរដ្ឋលេខាធិការនៃក្រសួងហិរញ្ញវត្ថុ និងជាប្រធានអន្តរគណៈកម្មាធិការស្តីពីផលប៉ះពាល់នៃការអភិវឌ្ឍ ផ្លូវរថភ្លើង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
No comments:
Post a Comment
yes